ជាតិ
របាយការណ៍ថ្មី របស់MRC៖ មេគង្គបន្តរីកចម្រើន ប៉ុន្តែនៅជួបបញ្ហាប្រឈមខ្លាំង
10, Sep 2023 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អាងទន្លេមេគង្គ នៅតែបន្តមានភាពរីកចម្រើនជាច្រើនក្នុងឆ្នាំកន្លងមក ប៉ុន្តែក៏ជួបបញ្ហាប្រឈមជាច្រើន ដែលទាមទាមឱ្យមានការយកចិត្តទុកដាក់ជាពិសេសដែរ។ នេះ បើ យោងតាម របាយការណ៍ថ្មី ប្រចាំឆ្នាំ២០២២ របស់គណៈកម្មការទន្លេមេគង្គ( MRC) ដែលទើបតែចេញផ្សា ។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចុះថ្ងៃទីនៅថ្ងៃទី៧ កញ្ញា របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ MR   កត់ត្រាការរីកចម្រើនជាក់ស្តែងទូទាំង អាង ទន្លេមេគង្គ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និង «ការទូតទឹក» នៃប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និងដៃគូនានា។
 
របាយការណ៍នេះ បានរំលេចឡើងនូវសមិទ្ធផលសំខាន់ៗជាច្រើនកាលពីឆ្នាំមុន ដែលមានដូចជាគោលការណ៍ណែនាំថ្មីសម្រាប់ការ រចនាទំនប់វារីអគ្គីសនី និងផលប៉ះពាល់បរិស្ថាន ឆ្លងដែន ដើម្បីសម្រួលដល់ចលនាបំលាស់ទីរបស់ត្រី និងលំហូរដីល្បាប់។ ច្បាប់ នាវា ចរណ៍ថ្មី ដែលមានគោលដៅលើកកម្ពស់សុវត្ថិភាពទន្លេឱ្យបានល្អជាងមុន ឧបករណ៍ដែល មានភាពច្នៃប្រឌិតដើម្បីព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតប្រសើរជាងមុន ស្ថានីយ៍ត្រួតពិនិត្យថ្មី នៅលើចុងខាងជើងនៃអាងដើម្បីឱ្យដឹងពីការផ្លាស់ប្តូររបស់ទឹក ឱ្យ បានឆាប់រហ័ស ក៏ជាសមិទ្ធផលដែល MRC លើកយកមកបង្ហាញដែរ។ ជាមួយគ្នានេះ ការចាប់ផ្តើមការសិក្សារួមគ្នា ជាមួយនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដើម្បីបង្កើតការយល់ដឹងរួមគ្នា ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម អំពីការផ្លាស់ប្តូររបបរំហូរទឹក ដែលត្រូវបានគេមើលឃើញថា ជាតម្រូវការដំបូងដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងមុន ក៏ជាកិច្ចការសំខាន់ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅដែរ។
 
បើតាមសេចក្តីប្រកាព័ត៌មានដដែល MRC  បានចាប់ផ្តើមអនុវត្តគោលការណ៍ ណែនាំវាយ តម្លៃផលប៉ះពាល់ បរិស្ថានឆ្លងដែន ឬ TbEIA ស្របពេលដែលការសិក្សារួមគ្នា បានបញ្ចប់ ដំណាក់ កាល ដំបូងរបស់ខ្លួន។ លទ្ធផលនៃសិក្សាស្រាវជ្រាវនេះ នឹងត្រូវបាន ចែក រំលែកនៅក្នុង វេទិកាភាគីពាក់ព័ន្ធប្រចាំតំបន់លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៣ នៅទីក្រុងលួងប្រាបាង ប្រទេសឡាវ។
 
លើសពីនេះទៅទៀត ដោយសារតែ MRC ចង់បំពេញបន្ថែមទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ អាងឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របាយការណ៍ប្រចាំឆ្នាំ នេះ ពណ៌នាអំពីរបៀបដែលអាទិភាពជាយុទ្ធសាស្ត្រទាំងប្រាំ របស់ស្ថាប័នខ្លួន  រួមមាន បរិស្ថាន សង្គម សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងកិច្ចសហ ប្រតិបត្តិការ មិនត្រឹមតែ ផ្តល់អត្ថប្រយោជន៍ដល់មនុស្ស សត្វ និងរុក្ខជាតិ ដែលរស់នៅតាមដងទន្លេមេគង្គរាប់លាន ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការសម្រេចបាន នូវគោលដៅ ១០ ក្នុងចំណោម “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ទាំង១៧របស់ សហគមន៍អន្តរជាតិ។
 
ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានព័ត៌មានល្អនៅថ្ងៃនេះក៏ដោយ ដែលបច្ចុប្បន្នរួមមាន កម្រិតទឹកភ្លៀងដែលខ្ពស់ជាងឆ្នាំ២០២១ និង២០២២ ចំនួន៤០% គុណភាពទឹកតាម ដងទន្លេមេគង្គនៅតែ "ល្អ" ឬ "ល្អឥតខ្ចោះ" នៅតំបន់ភាគច្រើន និងការកើនឡើងនៃ កំណើនសេដ្ឋកិច្ចសង្គម និងស្តង់ដាររស់នៅ ទូទាំងតំបន់  អាងទន្លេនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមធំៗនានា។  ក្នុងសន្ទរកថារបស់ខ្លួនស្តីពីស្ថានភាពនៃទន្លេមេគង្គកាលពីខែមេសាកន្លងទៅនេះ  លោក អានុល័ក គិធិឃួន នាយកប្រតិបត្តិនៃលេខា ធិការដ្ឋាន នៃគណៈកម្មការទន្លេមេគង្គ បានលើកឡើងពីនិន្នាការ "ដ៏គួរឱ្យព្រួយបារម្ភ" ចំនួនប្រាំដូចជា  ការផ្លាស់ប្តូរនៃរបបរំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការ បំពុលដោយបាស្ទិក និងទឹកជំនន់ និងគ្រោះរាំងស្ងួតដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយការប្រែប្រួល អាកាសធាតុ។
 
លោក គិធិឃួន ក៏បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ បញ្ហាប្រឈមទាំងនេះ គឺ ជាធម្មជាតិមានលក្ខណៈឆ្លងដែន ដូច្នេះវាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាបន្ត រវាង ប្រទេសជាប់ដងទន្លេ ដើម្បីដោះស្រាយវា។ កិច្ចសហប្រតិបត្តិការនេះ រួមបញ្ចូលទាំង តម្រូវការ នៃការចែករំលែកទិន្នន័យ ការចរចា ការសម្របសម្រួល និងការបើកចំហចំពោះ ដៃគូក្នុងតំបន់ និងអន្តរជាតិ។
 
លោក គិធិឃួន សរសេរក្នុងបុព្វកថា "យើងមានទន្លេមេគង្គតែមួយគត់" ។ "ដូច្នេះហើយ ជាការល្អបំផុត  យើងគួរតែប្រកាន់យកនូវវិធីសាស្រ្ដទូទាំងអាង ចំពោះការស្វែងរកដំណោះស្រាយ និងការសម្រេចចិត្ត ចំពោះអ្វីៗគ្រប់យ៉ាងចាប់ពីការរចនាវារីអគ្គិសនី និងការតាមដានទន្លេ រហូតដល់ច្បាប់នាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។"
 
គណៈកម្មការទន្លេមេគង្គ គឺជាទីភ្នាក់ងារអន្តររដ្ឋាភិបាលតែមួយគត់ ដែលត្រូវបានផ្តល់ សេចក្តីទុកចិត្តឱ្យ ដោយសន្ធិសញ្ញា(កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥) ដើម្បីការពារទន្លេ ធានាដល់ការប្រើប្រាស់ ធនធានទឹករបស់ទន្លេប្រកបដោយសមធម៌ និងបង្កើនការអភិវឌ្ឍ សេដ្ឋកិច្ចជាអតិបរមា ស្របពេលដែល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ឬសហគមន៍ តាមដងទន្លេ ដែលរួមមានគ្រួសារអ្នកនេសាទ និងកសិកររាប់លាននាក់ ដែលពឹងផ្អែកលើ ទន្លេនេះ សម្រាប់អាហារ និងការចិញ្ចឹមជីវិត។
 
ស្របពេលដែលភាពខុសគ្នា នឹងកើតឡើងម្តងម្កាល រវាងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ ជាតិ និងអ្វីដែលល្អ បំផុតសម្រាប់តំបន់ សមិទ្ធិផលដែលបានរៀបរាប់ នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំនេះបង្ហាញថា កិច្ចសហប្រតិបត្តិការនៅទីបំផុតផ្តល់លទ្ធផល ហើយនឹងបន្តផ្តល់ លទ្ធផលបែបនេះនៅពេលអនាគតទៀត។ នេះបើយើងតាមមន្ត្រីជាន់ខ្ពស់ជនជាតិថៃម្នាក់ ដែលបានសម្រង់ឡើងក្នុងរបាយការណ៍នេះ។
 
លោក ស៊ូរ៉ាស្រី គិដធីមនធុន (Surasri Kidtimonton) សមាជិកនៃគណៈកម្មាធិការចម្រុះ នៃ គណៈកម្មការទន្លេមេគង្គ សម្រាប់ប្រទេសថៃ ដែលជាអគ្គលេខាធិការ នៃការិយាល័យ ធនធានទឹកជាតិថៃ និងលេខាធិការដ្ឋានគណៈកម្មាធិការទន្លេមេគង្គជាតិថៃផងដែរ មាន ប្រសាសន៍ថា៖ "បច្ចុប្បន្ននេះ គណៈកម្មការទនេ្លមេគង្គ មានគោលនយោបាយ និងនីតិវិធី រឹងមាំក្នុងការដោះស្រាយអភិបាលកិច្ចទឹកឆ្លងដែន ដោយផ្អែកលើគោលការណ៍ សហ ប្រតិបត្តិការ កាតព្វកិច្ច និងសុច្ឆន្ទៈនៃសន្ធិសញ្ញា"៕
 

© រក្សាសិទ្ធិដោយ thmeythmey.com