ជាតិ
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទេសចរទៅកម្សាន្តតែ ១០២នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣
07, Jan 2024 , 5:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានភ្ញៀវទេសចរចំនួន ១០២នាក់ប៉ុណ្ណោះ បានទៅធ្វើដំណើរកម្សាន្ត និងទស្សនាសត្វស្លាប  នៅក្នុងឆ្នាំ២០២៣កន្លងទៅ។ ក្នុងចំណោមទេសចរទាំងអស់ ភ្ញៀវបរទេស មានចំនួន៥នាក់ផងដែរ។


 
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនសូវជាមានទេសចរទៅកម្សាន្តនោះទេ ដោយសារតែសត្វមិនសូវបង្ហាញខ្លួនឱ្យទេសចរទស្សនា។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវនេះ មានសត្វចាបព្រៃវែង, រនាលពណ៍, ត្រដក់ធំ,  ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញនិងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ ។ នេះបើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ 
 
ជាមួយគ្នានេះ ទេសចរភាគច្រើននិយមមកទស្សនាសត្វកម្រ និងជិតផុតពូជទាំងនោះ ចន្លោះពីខែតុលា ដល់ខែកុម្ភៈ ដោយសារតែមានទឹកល្អ ធ្វើឱ្យសត្វបង្ហាញខ្លួន។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ មានទេសភាពបែបធម្មជាតិដ៏ស្រស់ត្រកាល និងជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបពង និងបន្តពូជ។

លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
 
ទន្ទឹមនឹងនោះ តំបន់ការពារទេសភាពព្រែកល្ពៅនេះ ជាតំបន់ដែលមានសត្វស្លាបច្រើនប្រភេទ និងសត្វសរុបរាប់ម៉ឺនក្បាលកំពុងរស់នៅផងដែរ។ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក៏អំពាវនាវដល់ភ្ញៀវទេសចរមកទស្សនាសត្វស្លាបកាន់តែច្រើន និងចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដល់ជំនាន់ក្រោយបានស្គាល់ ។
សូមជម្រាបថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ៕
 
 

Tag:
 ទេសចរណ៍
  តំបន់ការពារទេសភាពបឹងព្រែកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com