ជាតិ
សេដ្ឋកិច្ច
ឡាក់គី ចូលរួមជំរុញពលរដ្ឋឱ្យមានទម្លាប់ប្រចាំថ្ងៃក្នុងការប្រើប្រាស់«ប្រាក់រៀល»
× ឡាក់គី ជាផ្សារទំនើបនាំមុខមួយនៅកម្ពុជា ដែលជំរុញអតិថិជនរបស់ខ្លួនឱ្យចូលរួមប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញជា«ប្រាក់រៀល»។ ពីមួយឆ្នាំទៅមួយឆ្នាំ ការទូទាត់ថ្លៃទំនិញជាប្រាក់ រៀលពីសំណាក់ពលរដ្ឋនៅផ្សារទំនើបមួយនេះ មានកំណើនជាបន្តបន្ទាប់។ បើតាមលោក គីម សេង នាយកប្រតិបត្តិការជាន់ខ្ពស់នៃផ្សារទំនើបឡាក់គី ក្នុងឆ្នាំ២០២៣ ការទូទាត់ថ្លៃទំនិញជាប្រាក់រៀល នៅផ្សារទំនើបឡាក់គី គឺមានកំណើនរហូតដល់ ២០០ភាគរយ ធៀបនឹងឆ្នាំ២០២២។ លោក បានបញ្ជាក់ថា កំណើននេះ បន្តមានភាពវិជ្ជមានមកទល់សព្វថ្ងៃ។
ប្តូរប្រព័ន្ធទូទាត់ពីប្រាក់ដុល្លារ ទៅជាប្រាក់រៀល, ប្តូរពីការដាក់តម្លៃជាប្រាក់ដុល្លារ ទៅជាប្រាក់រៀលវិញ ដែលមានទំហំធំៗ រួមទាំងមានកម្មវិធីលើកទឹកចិត្តផ្សេងៗ រហូតមានការបញ្ចុះតម្លៃលើមុខទំនិញមួយចំនួនដែលមានការទូទាត់ជាប្រាក់រៀល។ ទាំងនេះជាអ្វីដែលឡាក់គី កំពុងយកចិត្តទុកដាក់អនុវត្តន៍ អស់រយៈពេលជាង៥ឆ្នាំមកហើយ ក្នុងការលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ខ្លួន ឱ្យចូលរួមប្រើប្រាស់រូបិយវត្ថុជាតិ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមដូច តទៅ៖
ក្នុងបទសម្ភាសជាមួយកម្មវិធី«ការឈ្វេងយល់អំពីប្រាក់រៀលជាមួយសារព័ត៌មានថ្មីៗ (ThmeyThmey)» លោក គីម សេង បានបញ្ជាក់ថា៖ «ឡាក់គី ក៏មានកម្មវិធីសម្រាប់អតិថិជនផ្លាស់ប្តូរពិន្ទុ ពីដុល្លារទៅជារៀលទៀត ដើម្បីយើងធ្វើយ៉ាងម៉េច ឱ្យប្រាក់រៀលរបស់យើង ក្នុងទីផ្សាររបស់យើងឱ្យមានការកើនឡើង ហើយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ នៅក្នុងការប្រើប្រាស់»។
ក្នុងឆ្នាំ២០១៩ ដែលឡាក់គីសម្រេចអនុវត្តន៍គម្រោងលើកកម្ពស់ការទូទាត់ប្រាក់រៀលក្នុងប្រតិបត្តិការទិញ-លក់ទំនិញ គឺទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់ខ្លួន នៅតាមសាខាជាង១០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។ ជាពិសេស ឡាក់គីទទួលបានគាំទ្រទូទាត់ជាប្រាក់យ៉ាងគំហុកពីពលរដ្ឋ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរនូវប្រព័ន្ធ KHQR ចាបតាំងពីឆ្នាំ២០២២មក។
«ពីមួយឆ្នាំទៅមួយឆ្នាំ ដែលយើង(លើកយក)ប្រាក់រៀលមកជជែកវែកញែកហ្នឹង! យើងអាចនិយាយបានថា កើនឡើងចូល ២០០ភាគរយឯណោះ។ បើយើងនិយាយពីឆ្នាំ២០២២ ដល់២០២៣ បន្ទាប់ពីយើងទទួលបានការជ្រោមជ្រែងកាន់ខ្លាំង ជាពិសេសការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ KHQR បានធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ ក្នុងការប្រើប្រាស់ប្រាក់រៀល»។ លោក គីម សេង បានលើកឡើងបែបនេះដោយមើលឃើញពីភាពវិជ្ជមានរបស់ពលរដ្ឋក្នុងការប្រើប្រាស់កាន់តែប្រសើរឡើងនាពេលទល់បច្ចុប្បន្ន៕
Tag:
ហិរញ្ញវត្ថុ
ប្រាក់រៀល
ឡាក់គី
© រក្សាសិទ្ធិដោយ thmeythmey.com