កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់វៀតណាម ហាមកីឡាករ៥រូបពីបាល់ទាត់ ក្រោយរកឃើញប្រើគ្រឿងញៀន
09, May 2024 , 6:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ហាមកីឡាករវៀតណាម ៥រូបពីសកម្មភាពបាល់ទាត់ ក្រោយការស៊ើប​អង្កេត​រកឃើញថាបានប្រើប្រាស់គ្រឿងញៀន។ កីឡាករមួយចំនួន ចំណោម៥រូបនេះ ត្រូវក្លិបបញ្ចប់កិច្ចសន្យាតែម្តង។



កីឡាករទាំង ៥ រូបនោះរួមមានខ្សែបម្រើ Dinh Thanh Trung, Nguyen Trung Hoc, អ្នកចាំទី Duong Quang Tuan, ខ្សែការពារ Nguyen Ngoc Thang និង Nguyen Van Truong។

ការហាមឃាត់ ត្រូវបានអនុវត្តចំពោះលីគបាល់ទាត់វៀតណាមទាំងអស់ ដែលគ្រប់គ្រងដោយ VFF ហើយមានប្រសិទ្ធភាពរហូតដល់មានការសម្រេចចិត្តជាថ្មី ពីសំណាក់ VFF។
 
ក្លិប Hong Linh Ha Tinh (HLHT) ស្ថិតនៅលីគកំពូលវៀតណាម V League ដែលមានកីឡាករស្ថិតក្នុងការហាមឃាត់នោះ មិនបានធ្វើសេចក្តីថ្លៃងការណ៍អ្វីឡើយ។ ទោះយ៉ាងណាក្លិបបានសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករទាំងនោះ មុនពេលការប្រកួតជំនួបលើកទី ១៧ ប្រចាំ V League នាថ្ងៃទី៨ ខែឧសភា។
 
កាលពីថ្ងៃទី៤ ខែឧសភា មនុស្សចំនួន ១០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគាមួយកន្លែងក្នុងទីក្រុង Ha Tinh ​ក្រោយមួយថ្ងៃដែលក្រុម HLHT បានប្រកួតរួច ចាញ់លទ្ធផល ២-១ ក្រោមថ្វីជើង Quang Nam FC ការប្រកួតជុំទី១៦។ កីឡាករទាំង ៥នាក់ ស្ថិតក្នុងចំណោមមនុស្សដែលបានចាប់ខ្លួនទាំង ១០នាក់នោះ។ ក្រោយចាប់ខ្លួន កីឡាករទាំង ៥ ត្រូវបានស៊ើប​អង្កេត​ពីការជួបជុំប្រើប្រាស់សារធាតុហាមឃាត់។
  


ចំណោមកីឡាករទាំង ៥ រូប មានតែកីឡាករ Trung មួយរូបប៉ុណ្ណោះដែលមានភាពល្បីល្បាញខ្លាំងជាគេ ដោយកីឡាករវ័យ ៣៦ឆ្នាំ ធ្លាប់បានឈ្នះពាន V League ជាមួយនឹងក្លិប Quang Nam FC ហើយកាលពីឆ្នាំ ២០១៧ រូបគេក៏ជាម្ចាស់ស្បែកជើងមាស់ប្រចាំ V League។ 
 
Dinh Thanh Trung ធ្លាប់លេងឱ្យជម្រើសជាតិវៀតណាមពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨។ ជាមួយនឹងក្លិប HLHT កីឡាករវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួន ២៨ប្រកួត និងស៊ុតបាល់បាន ២គ្រាប់ រាល់ការប្រកួតទាំងអស់។ មុនពេលជួបប្រទះហេតុការណ៍បែបនេះ កីឡាករ Trung ដដែលក៏ធ្លាប់ទទួលបានអាហារូបករណ៍ពីក្លិប​ HLHT ដើម្បីទៅសិក្សាជំនាញគ្រូបង្វឹក ហើយក្លិបក៏មានគម្រោងដាក់រូបគេឱ្យក្លាយជាគ្រូបង្វឹកថែមទៀត បន្ទាប់ពីមើលឃើញពីទម្រង់លេងល្អ។
 
ដោយឡែកសម្រាប់កីឡាករ Thang ដែលបានកើតឆ្នាំ ២០០២ ជាកីឡាករកើតចេញពីយុវជនក្លិប HLHT ធ្លាប់បានឈ្នះពានរង្វាន់ AFF U21 Championship កាលពីឆ្នាំ ២០២១ ជាមួយវៀតណាម និងឆ្នាំ ២០២២,២០២៣ គេបានបង្ហាញខ្លួនលេងនៅក្នុងពាន AFF Cup ថែមទៀត។ កាលពីព្រឹត្តិការណ៍ស៊ីហ្កេមលលកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្តះ កីឡាករដដែលរូបនេះក៏មានឈ្មោះក្នុងបញ្ជីក្រុម ហើយថែមទាំងពាន U23 Asian Cup។
 
កីឡាករ Hoc វ័យ ២៦ឆ្នាំ លេងឱ្យ ​HLHT កន្លងមករូបគេក៏ជាប្រធានក្រុមផងដែរ សម្រាប់រដូវកាលនេះ។ អ្នកចាំទី Tuan ធ្លាប់ក្លាយជាកីឡាករចាំទីដៃទីមួយ និងសំខាន់បំផុតរបស់ក្រុម មុនពេលបាត់បង់តំណែងនៅរដូវកាលនេះ។ ចំណែកកីឡាករ Truong មានវ័យ ២១ឆ្នាំ ក្មេងជាងគេ ជាសមាជិកម្នាក់នៅក្នុងក្រុមយុវជនរបស់ក្លិប៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com