ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
បទចម្រៀងមួយបទ ឈ្មោះថា « Glory to Hong Kong » ដែលបាតុករហុងកុងបានស្រែកបន្លឺច្រៀង កាលពីឆ្នាំ២០១៩ ពេលនេះត្រូវបានតុលាការហុងកុង ប្រកាសហាមឃាត់។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រហុងកុង ក្រោយការប្រគល់ទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ដែលបទចម្រៀងមានខ្លឹមសារទាមទារលទ្ធិប្រជាធិបតេយ្យនិងសេរីភាព ត្រូវបានគេហាមឃាត់បែបនេះ។ ចាប់ពីពេលនេះទៅ អាជ្ញាធរហុងកុងនឹងប្រាប់ទៅក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវលុបចោលបទចម្រៀងនេះឲ្យអស់ពីបណ្តាញអ៊ីនធ័រនិត។
អស់ពីចាប់សកម្មជននយោបាយប្រជាធិបតេយ្យ យកទៅដាក់គុក ដើម្បីបំបិទសំឡេងប្រឆាំងតវ៉ា ពេលនេះអាជ្ញាធរហុងកុងបានបំបិទសំឡេងបទចម្រៀងមួយបទ ដែលមានឈ្មោះថា « Glory to Hong Kong »។ ឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់រដ្ឋបាលហុងកុង លោកចៅក្រម Jeremy Poon នៃតុលាការឧទ្ធរណ៍ហុងកុង បានសម្រេចនៅថ្ងៃពុធទី៨ឧសភា ថាចាប់ពីពេលនេះទៅ បទចម្រៀង « Glory to Hong Kong » នឹងត្រូវហាមឃាត់នៅលើទឹកដីហុងកុង។
លោកចៅក្រមបានលើកអំណះអំណាងថា បទចម្រៀងនេះត្រូវបាននិពន្ធឡើងក្នុងកម្មវត្ថុប្រើប្រាស់វាជាអាវុធ។ ជាអាវុធ ញុះញង់ បំផុសបំផុល ពន្យុះក្រុមបាតុករឲ្យពុះកញ្ជ្រោលធ្វើបាតុកម្មហិង្សាកាលពីឆ្នាំ២០១៩ ហើយធ្វើឲ្យសង្គមបែកបាក់។ ចៅក្រុមតុលាការឧទ្ធរណ៍រូបនេះបន្ថែមថា ច្បាប់ព្រហ្មទណ្ឌតែមួយមុខ មិនអាចឈានទៅសម្រេចកម្មវត្ថុការពារផលប្រយោជន៍និងសណ្តាប់ធ្នាប់សាធារណៈបានឡើយ។ ដូច្នេះហើយទើបតុលាការ ចេញសេចក្តីសម្រេចហាមឃាត់នេះដើម្បីបង្ការ និងការពារសន្តិសុខជាតិ។
ភ្លាមៗក្រោយចេញសាលក្រមនេះ លោក Lin Jian អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បានប្រាប់អ្នកកាសែតថា ការហាមឃាត់បុគ្គលណាម្នាក់ មិនឲ្យប្រើប្រាស់ ឬចែកចាយបទចម្រៀងនេះ វាគឺជាវិធានការដ៏ត្រឹមត្រូវ និងសមស្របបំផុត។
លោក Paul Lam រដ្ឋលេខាទទួលបន្ទុកយុត្តិធម៌ហុងកុង បានឲ្យដឹងថាអាជ្ញាធរដ្ឋបាលហុងកុង នឹងជូនដំណឹង ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញអ៊ីនធ័រនិតទាំងអស់ ឲ្យលុបចោលនូវបទចម្រៀងនេះ ឲ្យអស់ពីបណ្តាញអ៊ីនធ័រនិត ដោយអនុលោមទៅតាមការសម្រេចរបស់តុលាការ។
សូមរំលឹកថា បទចម្រៀង « Glory to Hong Kong » ត្រូវបាននិពន្ធឡើងអំឡុងឆ្នាំ២០១៩ដោយ ដើម្បីចូលរួមនៅក្នុងមហាក្បួនបាតុកម្មប្រជាធិបតេយ្យនៅហុងកុង។ មានខ្លឹមសារ តស៊ូទាមទារដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បទចម្រៀងនេះបានក្លាយជាបទចម្រៀងដែលក្រុមបាតុករ តែងតែស្រែកបន្លឺច្រៀងរួមគ្នា ដើម្បីជំរុញទឹកចិត្តបន្តធ្វើបាតុកម្ម បើទោះបីជារងនូវការបង្ក្រាបយ៉ាងហិង្សាពីអាជ្ញាធរ។
គួរបញ្ជាក់ដែរថា កាលពីខែមីនា២០២៣ អាជ្ញាធរហុងកុងក៏ធ្លាប់ទាមទារទៅកាន់ក្រុមហ៊ុនGoogle ឲ្យលុបបទចម្រៀងនេះចេញពីYoutube តែGoogle ធ្វើមិនដឹង។ ក្រោយមកនៅខែមិថុនាឆ្នាំ២០២៣ រដ្ឋបាលហុងកុងបានដាក់ពាក្យប្តឹងទៅតុលាការជាន់ទាប ទាមទារឲ្យហាមឃាត់បទចម្រៀងនេះ តែតុលាការបានសម្រេចថា មិនអាចធ្វើបានទេ ព្រោះវារំលោភបំពាននឹងសិទ្ធិបញ្ចេញមតិ។ មិនសុខចិត្ត រដ្ឋបាលហុងកុង បានដាក់ពាក្យប្តឹងទាល់ទៅកាន់សាលាឧទ្ធរណ៍ រហូតបានជោគជ័យនាពេលនេះ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការឧទ្ធរណ៍ហុងកុង បានលើកឡើងថា ក្រុមហ៊ុនគ្រប់គ្រងបណ្តាញអ៊ីនធ័រនិត ដូចជា Google ជាដើម បានលើកឡើងថាគេយល់ព្រមលុបបទចម្រៀងនេះ ប្រសិនបើមានការសម្រេចពីតុលាការ។
យោងតាមលោក Anthony Lai អ្នកជំនាញសន្តិសុខព័ត៌មានវិទ្យានៅហុងកុង ចាប់ពីពេលនេះទៅ ដើម្បីអនុលោមតាមការសម្រេចរបស់តុលាការ គឺក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ត្រូវតែធ្វើយ៉ាងណា កុំឲ្យអ្នកប្រើប្រាស់នៅហុងហុង អាចបើកឃើញឬស្តាប់បទចម្រៀង « Glory to Hong Kong » ហើយបទចម្រៀងនេះ មិនអាចត្រូវបានបើកស្តាប់បាន នៅលើអាស័យដ្ឋាន IP របស់ហុងកុង។
គួរកត់សំគាល់ថា គ្រប់មធ្យោបាយទាំងអស់ ឲ្យតែអាចបិទខ្ទប់មតិទាមទារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យបាន គឺអាជ្ញាធរហុងកុងមិនខ្លាចនិងអនុវត្តឡើយ ដើម្បីដើរឲ្យស្របទៅតាមច្បាប់សន្តិសុខជាតិ ដែលប៉េកាំងបានអនុម័ត។ ក្រោយការចូលជាធរមានរបស់ច្បាប់នេះនៅឆ្នាំ២០២០ មានមនុស្សប្រមាណជាង២៩០នាក់ ត្រូវបានគេចាប់ខ្លួននៅហុងកុង ក្នុងនោះ១៧៤នាក់ជាប់ការចោទប្រកាន់ ១១៤នាក់ត្រូវផ្តន្ទាទោសជាស្ថាពរ ដែលភាគច្រើនសុទ្ធតែជាអ្នកនយោបាយ សកម្មជនប្រជាធិបតេយ្យ និងអ្នកសារព័ត៌មានឯករាជ្យ៕