កីឡាអន្តរជាតិ
អន្តរជាតិ
Rashford និង Martinez វិលចូលហ្វឹកហាត់ជាមួយ Man Utd វិញ មុនជំនួបទល់ Arsenal
10, May 2024 , 11:09 am        
រូបភាព
ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែការពារ Lisandro Martinez បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុម Manchester United ឡើងវិញ មុនជំនួបទល់នឹងក្រុម Arsenal ក្នុងក្របខណ្ឌ Premier League។ ការវិលត្រឡប់របស់កីឡាករទាំងពីរ បានជំរុញកម្លាំងបន្ថែមដល់ក្រុមក្នុងការប្រជែងរកពិន្ទុ ដែលនៅសល់ និងជាក្តីបារម្ភសម្រាប់កាំភ្លើងធំក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេស។



Rashford បានរងរបួសនៅក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ក្រុមមកពីក្របខណ្ឌ Championship ក្លិប Coventry City។ ក្រុម Man United កាលនោះបានឈ្នះលើការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីការប្រកួតនាំមុខគេ ៣-០ ប៉ុន្តែត្រូវបានក្រុម Coventry តាមរហូតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Wembley។
 
ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដែលរកបាន ៨គ្រាប់ និងបញ្ជូនបាល់ ៥គ្រាប់ រាល់ការប្រកួតរដូវកាលនេះ បានខកខានការបង្ហាញខ្លួនចំនួន ៣ប្រកួត រួចមកហើយសម្រាប់ក្រុមរហស្សនាមបិសាចក្រហម។ ការប្រកួតដែលគេខកខានក៏រួមមាន Man United ចាញ់លទ្ធផល ៤-០ ក្រោមថ្វីជើង Crystal Palace។
 
ចំណែកខ្សែការពារ Martinez វិញ បានរងរបួសសាច់ដុំកំភួនជើង តាំងពីការប្រកួតដែល បិសាចក្រហមស្មើលទ្ធផល ១-១ ទល់នឹងក្រុម Brentford ក្នុងការប្រកួតលីគ កាលពីខែមីនា មកម្លេះ។ 
 
វត្តមានរបស់ Rashford និង Martinez ក្នុងទីលានហ្វឹកហាត់ ជាផលល្អសម្រាប់ក្រុមលោក Erik ten Hag ក្នុងការប្រជែងកៅអីក្របខណ្ឌអឺរ៉ុប តែជាផលអាក្រក់សម្រាប់ក្រុមលោក Mekel Arteta ក្នុងការប្រជែងពានលីគកំពូលអង់គ្លេសរដូវកាលនេះជាមួយ Manchester City និង Liverpool។
 
​បច្ចុប្បន្នបិសាចក្រហម កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៨ នៃក្របខណ្ឌ Premier League ដោយមាន ៥៤ពិន្ទុ ហើយនៅសល់ការប្រកួតចំនួន ៣ បន្ថែមទៀត។ Arsenal ជាក្រុមស្ថិតនៅកំពូលតារាងដោយមាន ៨៣ពិន្ទុ ឈរពីលើកក្រុមលេខ ២ Man City ដែលសល់១ប្រកួតក្នុងដៃ ចំនួន ១ពិន្ទុ។ ទាំង Arsenal និង Man City  ប្រដេញគ្នាដណ្តើមពាន Premier League ដោយត្រូវការឈ្នះរៀងខ្លួនសម្រាប់ការប្រកួតដែលនៅសល់៕

Tag:
 Marcus Rashford
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com