ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU៖ «យើង​ត្រូវការ​សិទ្ធិមនុស្ស​គ្រប់កន្លែង គ្រប់ពេលវេលា»​
10, Dec 2014 , 9:48 am        
រូបភាព
រដ្ឋមន្ត្រីការបរទេស​នៃសហភាពអឺរ៉ុប លោកស្រី Federica Mogherini
រដ្ឋមន្ត្រីការបរទេស​នៃសហភាពអឺរ៉ុប លោកស្រី Federica Mogherini
នៅក្នុង​ទិវា​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​នេះ ថ្មីៗសូម​ចុះផ្សាយ​សេចក្តីថ្លែងការណ៍​ទាំងស្រុង​របស់​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូក​ហេ​រី​នី (Federica Mogherini)។


ថ្ងៃនេះ​យើង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ដើម្បី​អបអរ​ការអនុម័តរ​បស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើ សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​កាលពី ៦៦ឆ្នាំ​កន្លងមកនេះ។ ប្រធានបទ​សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុងឆ្នាំនេះ​គឺ សិទ្ធិមនុស្ស ៣៦៥ (Human Rights 365) ដែល​ឆ្លុះបញ្ចាំង​អំពី​បំណងប្រាថ្នា​របស់​យើងទាំងអស់គ្នា​នៅក្នុង​ទទួលបាន​សិទ្ធិមនុស្ស​ពេញលេញ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា។

សហភាព​អឺរ៉ុប​ប្តេជ្ញា​គាំទ្រ​ដល់​សិទ្ធិ​ទាំងអស់នេះ។ កាលពី​ពីរ​ឆ្នាំមុន​យើង​បានអនុម័ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​រួម​ជាមួយនឹង​ផែនការ​សកម្មភាព​នៃ​ក្របខ័ណ្ឌ​នេះ យើង​បានតែងតាំង​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​សិទ្ធិមនុស្ស។ ចាប់តាំងពី​ពេល​នោះមក​ដោយមាន​ការគាំទ្រ​ពី​បណ្តា​រដ្ឋ​ជា​សមាជិក យើង​បានធ្វើ​ការតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​ការពិភាក្សា​ស្តីពី​សិទ្ធិមនុស្ស ចំនួន ៤០លើក​ជាមួយ​ប្រទេស​តតិយលោក ហើយ​យើង​បាន​ចូលរួម​ជាមួយ​អង្គការ​ក្នុង​តំបន់ និង​ទេ្វ​ភាគី ដែល​រួមមាន​អង្គការសហប្រជាជាតិ​ផងដែរ។

តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប​លោក Stavros Lambrinidis មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​យ៉ាងសកម្ម​ជាមួយ​ដៃគូសំខាន់ៗ និង​គាំទ្រ​ដល់​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ទូទាំង​ពិភពលោក។ ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ត្រួតពិនិត្យ រាយការណ៍ និង​អនុវត្ត​វិធានការ​លើ​បញ្ហា​សិទ្ធិមនុស្ស ដែល​ពេលខ្លះ​ស្ថិតនៅក្រោម​កាលៈទេសៈ​ដ៏​លំបាក។

យើង​បានសម្រេច​លទ្ធផល​ជាច្រើន ប៉ុន្តែ​នៅមាន​កិច្ចការ​ជាច្រើន​ដែល​យើង​ត្រូវ​បន្ត​អនុវត្ត។ កិច្ចការ​មួយ​ក្នុងចំណោម​កិច្ចការ​ទាំងនេះ​គឺពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម។ អនុសញ្ញា​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម​ត្រូវបាន អង្គការសហប្រជាជាតិ​អនុម័ត​នៅថ្ងៃនេះ​កាលពី ៣០ឆ្នាំមុន ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នៅតែមាន​ការធ្វើ​ទារុណកម្ម ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​នៅឡើយ ហើយ​កត្តា​នេះ តម្រូវ​ឲ្យ​យើង​ផ្តោត​ការយកចិត្តទុកដាក់​ជាប​ន្ទា​ន់​ផងដែរ។

ការបន្ត​ផែនការ​សកម្មភាព​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ២០១៥ គឺជា​ឱកាស​ក្នុង​ការបន្ត​ការប្តេជ្ញាចិត្ត​របស់​យើង និង​ដោះស្រាយ​បញ្ហា​ប្រឈមថ្មីៗចំពោះ​ភាពជា​សកល និង​ភាព​មិនអាច​កាត់ផ្តាច់​បា​ន​នៃ​បញ្ហា​សិទ្ធិមនុស្ស៕


© រក្សាសិទ្ធិដោយ thmeythmey.com