កីឡាអន្តរជាតិ
អន្តរជាតិ
AFF Suzuki Cup៖ វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី១ ថៃ បើកទ្វា​កីឡដ្ឋាន​ស្វាគមន៍​ម៉ាឡេស៊ី
17, Dec 2014 , 5:02 pm        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែលមាន​ឈ្មោះថា AFF Suzuki Cup 2014 បាន​ឈានដល់​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​ជម្រើសជាតិ​ថៃ ត្រូវ​បើកទ្វា​កីឡដ្ឋាន Rajamangala National Stadium ក្នុង​ក្រុង​បាងកក ទទួល​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី ក្នុង​ជើង​ទី១ នៅ​ម៉ោង ៧ យប់​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ។



ឈានដល់​វគ្គ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បានកំណត់​ប្រកួត ២ ជើង​ដើម្បី​ដឹង​ឈ្នះ​ចាញ់ ពោលគឺ​ធ្វើឡើង​នៅ​ទឹកដី​របស់​ក្រុម​ទាំងសងខាង។

៥ ប្រកួត​ចុងក្រោយ​នៅក្នុង​ពានរង្វាន់​នេះ ក្រុម​ជម្រើសជាតិ​ថៃ មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​នោះទេ ដោយ​ក្នុងនោះ​ឈ្នះ ៤ និង ស្មើ ។ ប្រកួត​ចុងក្រោយ​ថៃ បាន​យកឈ្នះ ក្រុម​ហ្វីលីពីន ក្នុង​ទឹកដី​របស់ខ្លួន​ដោយ​លទ្ធផល ៣ ទល់ ១ កាលពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លោកគ្រូ​បង្វឹក​Kiatisuk Senamuang របស់​ជម្រើសជាតិ​ថៃ កំពុង​តែមាន​សំទុះ​ទឹកចិត្ត​ជាមួយ​កីឡាករ​វ័យក្មេង​ទាំងអស់​របស់លោក​នៅលើ​ទីលាន តាមរយៈ​លទ្ធភាព​វិជ្ជមាន​នាពេល​កន្លងមក។ យ៉ាងហោចណាស់​កីឡាករ​ចំនួន ៨ នាក់​ក្នុង​ឈុត Asian Games 2014 បាន​ដល់​ឱ្យ​លេង​ជា​ជម្រើស​ដំបូង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពេល​ប៉ះ​ហ្វីលីពីន។ លោក​បាន​ប្រាប់​សារព័ត៌មាន The Bangkok Post៖ «ពួកយើង​ចង់​ឈ្នះ​ជើងឯក​ក្រោយ​ខកខាន​រយៈពេល ១២ ឆ្នាំ​ចុងក្រោយ​មកនេះ។ នៅពេលនេះ​យើង​នៅសល់តែ ២ ប្រកួត​ទៀត​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ដើម្បី​ជោគជ័យ»។

សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បាន​ត្រៀម​ទឹកប្រាក់​ចំនួន ២៣ លាន​បាត ប្រមាណ​ជា ៧០១០០០ ដុល្លារ​សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុម​ជម្រើសជាតិ​ខ្លួន​អាច​នាំ​ពានរង្វាន់​ត្រឡប់​ទៅ​ប្រទេស​វិញ។ ដំណាលគ្នា​នេះ​សន្តិសុខ​ប្រមាណ​ជាង ១ ០០០ នាក់​ត្រូវបាន​ត្រៀម​ការពារ​សុ​វត្តិភាព​ក្នុង​ប្រកួត​ជើង​ទី១ នេះ។

ចំណែក​ក្រុម​ម៉ាឡេស៊ី វិញ​បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ ក្នុង​លទ្ធផល ៤ ទល់ ២ នៅ​ប្រកួត​ទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ កីឡាករ Rahim, Mahayuddi, Sali, Yahyah សុទ្ធតែ​ធ្លា​ប់រក​គ្រាប់​បាល់​បង្កើត​ស្នាមញញឹម​ដល់​លោក Dollah Salleh គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី ជាប្រចាំ​ផងដែរ។

ក្រឡេក​ទៅ​មើល​ប្រវត្តិ ៥ ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំង ២ ក្នុង​ពានរង្វាន់​នេះ​មាន៖

នៅ​ឆ្នាំ ២០០៨ វគ្គ​ជម្រុះ​តាម​ពូ​ល (នៅ​ភូ​កេ​ត) ថៃ ៣ – ០ ម៉ាឡេស៊ី

នៅ​ឆ្នាំ ២០១០ វគ្គ​ជម្រុះ​តាម​ពូ​ល (នៅ​ហ្សា​កាតា) ម៉ាឡេស៊ី ០ – ០ ថៃ

នៅ​ឆ្នាំ ២០១២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី១ (នៅ​កូ​ឡាំ​ពួរ) ម៉ាឡេស៊ី ១ – ១ ថៃ

នៅ​ឆ្នាំ ២០១២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី២ (នៅ​បាងកក) ថៃ ២ – ០ ម៉ាឡេស៊ី

នៅ​ឆ្នាំ ២០១៤ វគ្គ​ជម្រុះ​តាម​ពូ​ល (នៅ​សិង្ហ​បុរី) ម៉ាឡេស៊ី ២ – ៣ ថៃ


© រក្សាសិទ្ធិដោយ thmeythmey.com