ជាតិ
សង្គមជាតិ
អ្នក​ដាំ និង​អ្នក​បរិភោគ​អាច«ស្លាប់»ដោយសារ​ជាតិគីមី​ដូចគ្នា!
20, Dec 2014 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ «ផឹកទឹក​ត្រូវ​នឹក​ដល់​ប្រភព ដូច្នេះ ហូប​ផ្លែស្វាយ​ក៏ត្រូវ​នឹក​ដល់​ថ្នាំ​គីមី​ដែរ។ ពីព្រោះ​បច្ចុប្បន្ននេះ ទម្រាំ​មាន​ផ្លែស្វាយ​ដាក់លក់​លើ​ទីផ្សារ មាន​ផ្លែស្វាយ​ដាក់​នៅលើ​ចាន និង​ឈាន​ចូលដល់​ក្នុង​ក្រពះ​របស់​អ្នក​បរិភោគ កសិករ​បាន​ប្រើប្រាស់​ថ្នាំ​គីមី​ស្ទើរតែ​អស់ពី​លទ្ធភាព រហូត​ក​រសិករ​ខ្លះ​ស្ទើរតែ​ស្លាប់​ខ្លួនឯង។ ជាធម្មតា ដើម​ស្វាយ​ចេញ​ផ្លែ​មួយឆ្នាំ​ម្ដង ប៉ុន្តែ​ឥទ្ធិពល​ថ្នាំ​គីមី អាច​កែប្រែ​ឲ្យ​ស្វាយ​មួយ​ដើម ផ្លែ​ចាប់ពី២ទៅ៣ដង​ក្នុង​មួយឆ្នាំ។ តើក​រសិករ​ប្រើប្រាស់​ថ្នាំ​គីមី​ក្នុងដំណាក់កាល​ណាខ្លះ មុននឹង​ទទួលបាន​ទិន្នផល​ស្វាយ?



ក្រោយ បញ្ចប់​ការប្រមូល​ផល ដើម​ស្វាយ​មានឱកាស​លូតលាស់​តាមបែប​ធម្មជាតិ បាន​រយៈពេល​តែ១ខែ​ប៉ុណ្ណោះ មានន័យថា បន្ទាប់ពីនោះ ដើម​ស្វាយ​ត្រូវ​តស៊ូ​លូតលាស់​ជាមួយ​ថ្នាំ​គីមី ដែល​កសិករ​ប្រើប្រាស់​ដើម្បី​បន្ត​ការ​បង្កបង្កើនផល។

ផ្ដើម​ពី​ស្វាយ​ដែល​ទើបនឹង​បេះ​ផ្លែ​នា​រដូវ​ចាស់​បាន១ខែ ជា​ដំណាក់កាល​បឋម កសិករ​បាន​ប្រើប្រាស់​ជីគីមី (ផលិតផល​វៀតណាម និង​ថៃ) កប់​ទៅក្នុង​ដី​ក្បែរ​គល់​ស្វាយ ដើម្បី​ពង្រឹង​ថាមពល​ឲ្យ​ដើម​ស្វាយ ដែល​ទើបនឹង​បេះ​ផ្លែ​រួច​នោះ មាន​កម្លាំង​សម្រាប់​តស៊ូ​ជាមួយ​ថ្នាំ​គីមី​ដែល​នឹង​ប្រើ​នាពេលខាងមុខ។

ក្រោយពី​ស្វាយ​ស្រូបយក​ជីគីមី​បាន​រយៈពេល​ប្រហែល​កន្លះ​ខែ កសិករ​បាន​ផ្ដើម​ប្រើ​ថ្នាំ​គីមី​មួយ​ប្រភេទ ទៀត បាញ់ស្រោច​ទៅលើ​ស្លឹក និង​ដើម ដើម្បី​ជម្រុះ​ស្លឹក​ចាស់ និង​ជំនួស​ដោយ​ត្រួយ​ថ្មី។ ក្នុងដំណាក់កាល​ត្រួយ​ថ្មី​នេះ កសិករ​ត្រូវ​ប្រើ​ថ្នាំ​គីមី​យ៉ាងតិចណាស់​ក៏​មួយ​លើក​ដែរ ដើម្បី​ទប់ស្កាត់​សត្វល្អិត​ដែល​អាច​នឹង​ចូលមក​ស៊ី ឬ​កាត់​ត្រួយ។ បន្ទាប់ពី​ត្រួយ​ថ្មី​លូតលាស់​ហើយ​នោះ កសិករ​ក៏​ផ្ដើម​ប្រើ​ថ្នាំ​ប្រភេទ​ម្សៅ​គីមី ដែល​ត្រូវ​លាយ​ទឹក​ចាក់​ស្រោច​ជុំវិញ​បរិវេណ​គល់​ស្វាយ។ ថ្នាំ​ប្រភេទ​នេះ ត្រូវបាន​ប្រើ​ក្នុង​គោលបំណង​ឲ្យ​ស្វាយ​ចេញ​ផ្កា​ខុសពី​រដូវ​ធម្មជាតិ​រប​ស់វា។

ក្រោយពី​ប្រើ​ថ្នាំ​ស្រោច​គល់​រយៈពេល​ពី​សប្ដាហ៍ ត្រួយ​ស្វាយ​ដែល​ចេញ​ដោយ​ថ្នាំ​គីមី​នោះ ក៏​ផ្ដើម​លូតលាស់​ជា​ស្លឹក​ចាស់ ហើយ​ដំណាក់កាល​នេះ កសិករ​ក៏បាន​ប្រើ​ថ្នាំ​គីមី​បាញ់ស្រោច​លើ​ស្លឹក និង​ដើម​ស្វាយ​ជាថ្មីទៀត ដើម្បី​ឲ្យ​ស្វាយ​ចេញ​ផ្កា។ ក្នុងដំណាក់កាល ដែល​ស្វាយ​ចេញ​ផ្កា​រហូតដល់​ស្វាយ​ចេញ​ពន្លក​ក្ដិ​ប ឬ​ហៅថា ក្បាលរុយ វា​គឺជា​ដំណាក់កាល​ដ៏​ស្វិតស្វាញ ដែល​កសិករ​ត្រូវ​តស៊ូ​ជាមួយ​ធម្មជាតិ​ផង និង​សត្វល្អិត​ផង ដើម្បី​ថែ​ផ្កា​ឲ្យ​លូតលាស់​បានល្អ។

ដំណាក់កាល​ខាងលើនេះ កសិករ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចំនួន​ពីរ។ ទី១គឺ​បញ្ហា​អាកាសធាតុ ដែលមាន​ទាំង​អាកាសធាតុ​ក្ដៅ និង​ភ្លៀង​ធ្លាក់។ ប្រសិនបើ​អាកាសធាតុ​ក្ដៅ នោះ​ផ្កាស្វាយ​នឹង​រោយ​ជ្រុះ ប៉ុន្តែ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​វិញ ផ្កាស្វាយ​នឹងត្រូវ​រលួយ ជាពិសេស នៅពេល​ដែលមាន​ភ្លៀងអាស៊ីដ
ធ្លាក់​តែម្ដង។ ក្នុងដំណាក់កាល​ទាំងពីរ​នេះ ក​រសិករ​ប្រើប្រាស់​ទាំង​ថ្នាំ​ការពារ​កម្ដៅថ្ងៃ​ផង ថ្នាំ​ការពារ​ទឹកភ្លៀង​ផង។ កសិករ​ខ្លះ ក៏បាន​ប្រើ​ថ្នាំ​បាញ់​ពង្រីក​ពន្លក​ក្ដិ​ប​ស្វាយ បង្ខំ​ឲ្យ​វា​លូត​ផុតពី​ផ្កាស្វាយ​និង​ផុតពី​ដំណាក់កាល​ក្ដៅ និង​ភ្លៀង​ធ្លាក់​ផងដែរ។

ឈាន​ចូលដល់​ដំណាក់​ស្វាយ​មាន​ក្ដិ​ប កសិករ​ក៏​មិនបាន​មើលរំលង​ថ្នាំ​ការពារ​សត្វល្អិត និង​ថ្នាំ​បំប៉ន​ក្ដិ​ប​នោះដែរ។ រៀងរាល់​មួយ​សប្ដាហ៍​ម្ដង កសិករ​តែង​ប្រើប្រាស់​ថ្នាំ​គីមី​ទាំងនោះ រហូតដល់​ស្វាយ​មាន​គ្រាប់​រឹង ឬ​ភាសា​ម្ចាស់​ចម្ការ​ថា«ស្វាយ​ប្រលុង»។ មុននឹង​ផ្លែស្វាយ​ឈានដល់ «ប្រលុង»  កសិករ​ក៏​ប្រឈមមុខ​នឹង​បញ្ហា​អាកាសធាតុ​ផងដែរ ជាពិសេស ការធ្លាក់​សន្សើម​ប្រៃ ហើយ​ដែល​វា​នឹងធ្វើ​ឲ្យ​ក្ដិ​ប​ស្វាយ​មួយចំនួន​ស្វិត​ទង​ជ្រុះ​ធ្លាក់។ ក​រសិករ​បាន​ប្រើប្រាស់​ថ្នាំ​គីមី​ការពារ​សន្សើម​ប្រៃ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ឆ្លង​ចូលដល់​ដំណាក់កាល​នេះ ផ្លែស្វាយ​បាន​ឈាន​ចូលដល់​ដំណាក់​កាលដែល​អាច​ប្រមូល​ផល​បាន​ហើយ គ្រាន់តែ​វា​មិនទាន់​ចាស់​តែប៉ុណ្ណោះ។ ដូច្នេះ​ដើម្បី​ឲ្យ​ផ្លែស្វាយ​ឆាប់​បាន​លក់ ជាពិសេស​លក់​ក្នុងដំណាក់កាល«ដើមដៃ»នោះ កសិករ​បាន​ប្រើប្រាស់​ថ្នាំ​ពី​ដំណាក់​ទៀត។ ទីមួយ​កសិករ​បាន​ប្រើប្រាស់​ថ្នាំ​បាញ់​ពង្រីក​ផ្លែ ដែល​ថ្នាំ​ប្រភេទ​នេះ នឹងធ្វើ​ឲ្យ​ស្វាយ​រីក​ផ្លែ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ក្រោយពី​បាញ់ថ្នាំ។ បន្ទាប់ពី​ស្វាយ​រីក​ផ្លែ​ហើយ​នោះ កសិករ​បាន​ប្រើប្រាស់​ថ្នាំ​មួយ​ប្រភេទ​ទៀត គឺ​ថ្នាំ​បាញ់​យក​ពណ៌ ដើម្បី​ឲ្យ​ស្វាយ​ឡើង​ក្បាល​ម្សៅ និង​មាន​ពណ៌​លឿង ដែល​មើលទៅ​ដូចជា​ស្វាយ​ចាស់។

ជា​ចុងក្រោយ ផ្លែស្វាយ​ដែល​ឆ្លងកាត់​ដំណាក់កាល​ប្រើ​ថ្នាំ​គីមី​ទាំងនេះ នឹងត្រូវ​បេះ​ប្រមូល​ផល​យកមក​លក់​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ដែលជា​ផ្សារ​បន្លែ​ផ្លែឈើ​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា។ ដោយឡែក ផ្លែស្វាយ​មួយចំនួនទៀត ត្រូវបាន​ឈ្មួញ​មកពី​ប្រទេស​វៀតណាម​ប្រមូល​ទិញ​ទៅកាន់​ប្រទេស​របស់ខ្លួន ដោយមាន​ខ្លះទៀត​នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីផ្សា​រ​ប្រទេស​ចិន។

ការសិក្សារ​ស៊ើបអង្កេត​របស់​អ្នកកាសែត​ស្វី​ស​ក្នុងប្រទេស​កម្ពុជា​កាលពី ប៉ុន្មាន​ឆ្នាំមុន បាន​បង្ហាញថា ប្រជាជន​ខ្មែរ​កំពុង​ប្រឈម​នឹង​បញ្ហា​ការប្រើប្រាស់​ថ្នាំពុល​គីមី​ខុស បច្ចេកទេស។ ដោយ​អ្នកកាសែត​បាន​ប្រើ​ចំណងជើង​អត្ថបទ​ភាសា​បារាំង​នោះ​ថា «ហ្វ័​រ​មុ​ល បូរ៉ា​ក់ និង​ថ្នាំ​សម្លាប់​សត្វល្អិត កំពុងស្ថិត​ក្នុង​ចាន​ម្ហូប​ខ្មែរ»។

តើ​មានតែ​អ្នក​រិ​ភោគ​ទេ​ឬ ដែល​ប្រឈមមុខ​នឹង​សា​ធាតុគីមី​ទាំងនោះ?

តាមពិតទៅ ជនរងគ្រោះ​ទី១ ដោយសារ​ថ្នាំ​គីមី គឺជា​កសិករ​ម្ចាស់​ចំការ​តែម្ដង ខណៈដែល​អ្នក​បរិភោគ​គឺជា​ជនរងគ្រោះ​ទី២ប៉ុណ្ណោះ។ លោក នៅ ចំរើន ប្រជាកសិករ​រស់នៅក្នុង​ភូមិ ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល បានបញ្ជាក់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​កំពុង​រស់នៅ​ជាមួយ​បរិយាកាស​ថ្នាំពុល​គីមី។

លោក​បាន​សង្កត់ធ្ងន់ថា៖«ក្បែរ​ផ្ទះ ក្រោយ​ផ្ទះ មុខផ្ទះ គឺ​សុទ្ធតែ​ដើម​ស្វាយ ហើយ​សុទ្ធតែជា​ស្វាយ​ដែល​ប្រើ​ថ្នាំ​គីមី​ដើម្បី​ទាញ​ផល​មុន​រដូវ។ រាល់ថ្ងៃនេះ គ្រប់គ្នា​ហាក់​បន្សាំ​រួចទៅហើយ​ជាមួយនឹង​បរិយាកាស​ថ្នាំពុល។ ថ្ងៃនេះ​ផ្ទះ​យើង​បាញ់ថ្នាំ ថ្ងៃស្អែក​ផ្ទះ​គេ​បាញ់ថ្នាំ វា​ធម្មតា​ទៅហើយ»៕




© រក្សាសិទ្ធិដោយ thmeythmey.com