ជាតិ
សង្គមជាតិ
ក្រសួង​ប្រៃសណីយ៍​បកស្រាយ រឿង​តែម​ប្រៃសណីយ៍​មាន​ទង​ជាតិ​កម្ពុជា-វៀតណាម
20, Dec 2014 , 5:00 pm        
រូបភាព
រូបភាព៖ Google
រូបភាព៖ Google
ដោយ: ថ្មីៗ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្ដី​ស្រាយ​បំភ្លឺ ទាក់ទង​នឹង​តែម​ប្រៃសណីយ៍​មាន​ទង់ជាតិ​កម្ពុជា និង​ទង​ជាតិ​វៀតណាម​ភ្ជាប់​គ្នា ដើម្បី​បកស្រាយ​តប​នឹង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​សារព័ត៌មាន​VODជៀសវាង​នូវ​ការភ័ន្តច្រឡំ។ នេះ​បើតាម​សេចក្ដី​ស្រាយ​បំភ្លឺ​កាលពី​ថ្ងៃទី១៨ធ្នូ​របស់​ក្រសួង​ប្រៃសណីយ៍។



ក្រសួង​ប្រៃសណីយ៍ បាន​ឲ្យ​ដឹងថា តែម​ប្រៃសណីយ​មាន​ទង់ជាតិ​កម្ពុជា-វៀតណាម​ភ្ជាប់​គ្នា និង​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ប្រៃសណីយ៍ ចាប់តាំងពី​ឆ្នាំ២០០៧មក ដើម្បី​អប់អរ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ ថ្ងៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-វៀតណាម គឺ​មិនមែន​ទើបតែ​បោះ​ពុ​ម្ភ​កាលពី​ឆ្នាំ២០១៣នោះទេ។ ក្រសួង​ថា នេះ​ជា​រឿង​ធម្មតា​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិ ព្រោះថា​ប្រទេស​មាន​សកម្មភាព​រួមគ្នា គឺ​ត្រូវ​អប់អរសាទរ​ខួប​អនុស្សាវរីយ៍​ធំ នៃ​ការទំនាក់ទំនង​ការទូត។ ហើយ​កន្លងមក​ក៏មាន​តែម​បោះពុម្ព​ស្រដៀង​គ្នា​ដែរ ដើម្បី​អប់អរ​ខួប​លើក​ទី៦០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា-អាមេរិក ខួប​លើក​ទី៥០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន​និង​ខួប​លើក​ទី៤០របស់​អាស៊ាន​ផងដែរ។

ជាមួយគ្នានេះ​ក្រសួង​បានបញ្ជាក់​ទៀតថា នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​យើង​ផង ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា នយោបាយ​រើសអើង ប្រកាន់ពូជសាសន៍ ជា​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត។

ការបកស្រាយ​របស់​ក្រសួង​ប្រៃសណីយ៍​នេះ គឺជា​ការបកស្រាយ​តប​ទៅនឹង​អត្ថបទ​សារព័ត៌មាន​VOD ក្រោម​ចំណងជើង​ថា បណ្ដាញ​សង្គម​ហ្វេ​ស​បុក បង្ហោះ​តែម​ប្រៃសណីយ៍​មាន​ទង​ជាតិ​កម្ពុជា-វៀតណាម​ភ្ជាប់​គ្នា ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៧ធ្នូ​កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com