ជាតិ
សង្គមជាតិ
ក្រុម​ម៉ុង​តា​ញ៉ា ​ចំនួន៨នាក់​សុំ​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ
20, Dec 2014 , 5:08 pm        
រូបភាព
រូបភាព៖ facebook
រូបភាព៖ facebook
ក្រុម​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​វៀតណាម​ចំនួន៨នាក់ ត្រូវបាន​អង្គ​សហប្រជាជាតិ​UN ជួយសង្គ្រោះ​ពួកគេ​ពី​ក្នុងព្រៃ​ក្នុង ខេត្ត​រតនគីរី កាលពី​ព្រឹក​ថ្ងៃទី២០ធ្នូ​នេះ។ នេះ​បើតាម​លោក ឆាយ ធី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​រតនគីរី។



មន្ត្រី​សមាគម​អាដហុក​រូបនេះ​បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ក្រុម​ម៉ុង​តា​ញ៉ា​នេះ​មាន​គ្នា៨នាក់ ក្នុងនោះ​មាន​ស្រី១នាក់ បាន​ចេញពី​ក្នុងព្រៃ​រតនគីរី មកជួប​ជាមួយ​អង្គការសហប្រជាជាតិ។ ក្រោយពី​បាន​ជួប​ជាមួយ​ពួកគេ អង្គការសហប្រជាជាតិ​UNបាន​សហការ​ជាមួយ​មន្ត្រី​ក្រសួង​មហា និង​អាជ្ញាធរខេត្ត បញ្ជូន​ពួក​ទៅ​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ​ចម្លើយ ក្រោយពី​បញ្ចប់​ការ​សួរ​ពួកគេ​នឹង​បញ្ជូនទៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​បណ្ដោះអាសន្ន«នៅពេលនេះ​អាជ្ញាធរ​បាន​សួរនាំ​ពួក​គាត​សិន ក្រោយពី​ចប់​ការសួរនាំ អាជ្ញាធរ​នឹង​បញ្ជូន​ពួកគេ​បន្ដទៅ​UNដើម្បី​ស្នាក់នៅ​បណ្ដោះអាសន្ន រងចាំ​ជួយ​ពួកគេ​នៅសល់​បន្ថែម​ទើប​UNនឹង​ដោះស្រាយ​បញ្ហា​ពួកគេ»។

បើតាម​លោក​ឆាយ ធី ការរត់​គេចខ្លួន​រប​ស់​ក្រុម​ម៉ុង​តា​ញ៉ា​ពី​ប្រទេស​វៀតណាម​នេះ គឺ​ដោយសារតែ​ពួកគេ​ទាំងនេះ​បាន​រង​ការកៀបសង្កត់​បិទ​សិទ្ធិសេរីភាព​ផ្នែក​សាសនា ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ការរំលោភបំពាន​ដីធ្លី​ពី​អាជ្ញាធរ​វៀតណាម​ជាដើម។

អង្គការសហប្រជាជាតិ បាននិងកំពុង​តាមរក​ក្រុម​ម៉ុង​តា​ញ៉ា​វៀតណាម​ចំនួន៥នាក់​ទៀត ដែល​កំពុង​រត់គេច​ចូលទៅ​ក្នុងព្រៃ។ គួរ​បញ្ជាក់ថា ក្រុម​ម៉ុង​តា​ញ៉ា​នេះ បានគេច​ខ្លួន​ពី​ប្រទេស​វៀតណាម ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​កាលពី​ចុងខែ​តុលា​កន្លងមក៕




© រក្សាសិទ្ធិដោយ thmeythmey.com