ជាតិ
សង្គមជាតិ
កំណាព្យ៖ ប័ណ្ណ​បើក​បុក
20, Dec 2014 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
ប័ណ្ណ​បើក​បុក


                                   (បទ​ជាប់​ទង)
    -រៀន​បើក​ស្ទាត់    អត់​តែ​ប័ណ្ណ    កាន់​ក្នុង​ដៃ
    បើក​រាល់​ង៉ៃ    គ្មាន​ឆ្គង​អ្វី    អី​ត្រង់ណា
    ទោះ​លឿន​យឺត    ពឺត​ម៉ា​អស់    ខ្សោះ​កាយា
    ជាន់​កប់​ហ្គា    ម៉ា​ឈ្នះ​ដៃ    ក្ស័យ​កុំ​គិត។           
    -អ្នក​បើកឡាន    បាន​ប៉ិន​ខ្ញុំ    សូម​សរសើរ       
    បើក​ដូច​ហើរ    បើ​ទោះ​លឿន    ភឿន​ឆ្ងាយ​ជិត
    មិន​ហ៊ាន​ក្បែរ    តែ​ខ្ញុំ​បរ    ក៏​មិន​ប្រិត   
    ស្អុយ​ជីវិត    ក៏​មិន​គិត    រិត​តែ​ហ៊ាន។
    -ប័ណ្ណបើកបរ    ក៏​ចង់បាន    ស្រាន្ត​តែម្តង
    មិន​ប្រលង    ចងតែ​ប្រាក់    ដាក់​ទៅ​កៀន
    ឲ្យ​សាលា    ថា​បើក​ប៉ិន    មិនបាច់​រៀន
    គ្រូ​បំពាន    ហ៊ាន​ឲ្យ​ប័ណ្ណ    កាន់​ក្នុង​ដៃ។
    -បើក​ចូល​ក្រុង    ហ៊ាន​អាត់​អុង    ក្នុង​ហ្វូងមនុស្ស
    បើក​ទម្លុះ    ទោះ​ប៉ូលិស    ជិះ​យប់​ថ្ងៃ
    បើក​មិន​ខ្លាច    អំណាច​ប័ណ្ណ    កាន់​ក្នុង​ដៃ
    ប័ណ្ណ​កាឡៃ    ច្នៃ​ពី​ប្រាក់    ដាក់​ស៊ក​គេ។
    -ប័ណ្ណបើកបរ    ល្អ​ពេល​មាន    ហ៊ាន​បើក​បុក
    ប័ណ្ណ​មានទុក្ខ    មុខតែ​ស៊យ    ក្រោយ​បុក​គេ
    ប័ណ្ណ​ដូរ​ប្រាក់    ដាក់​យកមក    ស៊ក​ប៉ាន់​មេ
    ប័ណ្ណ​ខុសគេ    ទ្វេ​ទុក្ខ​ខ្លួន    សូន្យ​ជីវិត។
    -ដូច្នេះហើយ    ឲ្យ​លោកអ្នក    ទាក់ទង​រៀន
    កុំ​ខ្មាសអៀន    រៀន​បើកបរ    ល្អពិតៗ
    រៀន​ឲ្យ​ចេះ    វេះ​ស៊ក​ប៉ាន់    កាន់​ប័ណ្ណ​ពិត
    ថែ​ជីវិត    គិត​អ្នកផង    ដងផ្លូវ​យើង៕           
   និពន្ធ​ដោយ៖ វិឆ័យ សុ​ភី

   


© រក្សាសិទ្ធិដោយ thmeythmey.com