ជាតិ
ពិភពតារា៖ ទិ​ត្យ រី​យ៉ា ថា​ការថត​រឿង​ក្តៅ​សាច់ នាំឲ្យនាងល្បីខ្លាំង
29, Dec 2014 , 10:20 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពី​កញ្ញា ទិ​ត្យ រី​យ៉ា វិល​ដំណើរ​ចូលប្រឡូក​ក្នុង​អាជីព​សម្តែង​វិញ និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​កាយវិការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង “និស្ស័យ​ស្នេហ៍” ដែលមាន​ឈុត​សម្តែង​ស្នេហា​រោលរាល​នោះ នាង​ក៏បាន​ប្រកាស​ពី​មហិច្ឆតា​បន្ត​ភ្ជាប់​ខ្លួន​ជាមួយ​កាយវិការ​សម្តែង​ឈុត​ឆាក បែបនេះ​ថា ការសម្តែង​ឈុត​បែប​សិច​ស៊ី​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង។



ការបោះ​ជំហាន​ចូល​អុកឡុក និង​ឆាក​សម្តែង​ភាពយន្ត​លើក​ទី២របស់​អតីត​កញ្ញាឯក ប្រ៊ិ​ជ​ស្តូ​ន​លេខ៣ ឆ្នាំ២០០៧ កញ្ញា ទិ​ត្យ រី​យ៉ា ក្រោយពី​នាង​បាន​បោះបង់​អាជីព​នេះ​ជាង​ពីរ​ឆ្នាំ ក្រោម​ព្យុះ​ព័ត៌មាន​ថា នាង​ដកខ្លួន​តាម​សំណូមពរ​ម្ចាស់​ស្នេហ៍​ជា​អ្នកមាន​ទ្រព្យ​ស្តុក មិន​ចង់​ឲ្យ​នាង​រកត​ម្រៃ​ហាលថ្ងៃ​ភ្លៀងខ្យល់​នាំ​ឲ្យ​ខូច​សម្រស់​នោះ។ ទោះយ៉ាងណា កញ្ញា ទិ​ត្យ រី​យ៉ា ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្តែង​ឆ្នាសឆ្នើម​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង “ផ្កា​រីក​ពេញ​រដូវ” រូបនេះ ក្រៅពី​បដិសេធ​ព័ត៌មាន​ដែល​បោកបក់​លើ​នាង​ថា​មិនមែនជា​ការពិត ដោយ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា ការដក​ឃ្លា​ពី​សិល្បៈ​មុន​នោះ ដោយសារ​បញ្ហា​សុខភាព​មិនសូវ​ល្អ ពោលគឺ​ជំងឺ​ក្រពះ​ធ្វើទុក្ខ​ខ្លាំង។

កញ្ញា ទិ​ត្យ រី​យ៉ា បាន​ប្រាប់៖ «ការវិល​មកវិញ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នេះ ទទួលបាន​ការថត​ភាពយន្ត​ភាគ​ចាក់​សម្តែង​លើ​កញ្ចក់​ទូរទស្សន៍​មួយចំនួន ដែល​សុទ្ធសឹង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ CTN និង My TV»។ ខ្សែភាពយន្ត​ភាគ​ទាំង៤ ក្នុងនោះ​មានរឿង “រលក​បោក​ខ្សាច់”, “កូនប្រសា​អ្នកទីក្រុង”, “កំលោះ​ទីក្រុង” និង​រឿង “និស្ស័យ​ស្នេហ៍”   ហើយ​រឿង​ទាំង​បួន​នោះ ត្រូវបាន​កញ្ញា ទិ​ត្យ រី​យ៉ា លើកឡើង​ដោយ​មោទនភាព​ថា ជួយ​ឲ្យ​ប្រជាប្រិយភាព​នាង​ងើបឡើង​ខ្លាំង​វិញ​ក្នុង​អាជីព​សម្តែង ក្រោយ​ឈប់​ពី​សិល្បៈ​រយៈពេល​ជាង​ពីរ​ឆ្នាំ ដែល​ស្ទើរតែ​មហាជន​ភ្លេចមុខ​នោះ។ ប៉ុន្តែ រី​យ៉ា ហាក់​បង្ហាញ​ការចាប់អារម្មណ៍​ខ្លួន​ខ្លាំង​លើ​រឿង “និស្ស័យ​ស្នេហ៍”ដែល​ពេលនេះ​កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ My TV ដោយ​នាង​អះអាងថា រឿង​ភាគ​ដែល​នាង​សម្តែង​មួយ​នេះ ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន។

រី​យ៉ា បាន​ប្រាប់ថា៖ «ដ្បិតថា ខ្ញុំ​មិនមែនជា​តួឯក​ធំ ប៉ុន្តែ​ការសម្តែង​រឿងនេះ​ទទួលបាន​ការចាប់អារម្មណ៍​គួរសម ពិសេស​ដោយ​ភាពយន្ត​នេះ មាន​លាយឡំ​ឈុត​ឆាក​ស្នេហា​រោលរាល​ច្រើន និង​ឈុត​សម្តែង​បែប​សិច​ស៊ី​ផង​នោះ»។

រី​យ៉ា បានបង្ហាញ​ការរំពឹងទុក​ផងដែរ​ថា បើ​មានការ​សម្តែង​បែប​ហ្នឹង​ច្រើន នោះ​អាចធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​ក៏​ឡើង​លឿន​ដែរ។ ការយល់ឃើញ​នេះ ក៏ត្រូវ​បាន​តារា​សម្តែង វ័យ២៤ឆ្នាំ ដែលមាន​កំណើត​មកពី​ខេត្តកំពត​រូបនេះ លើក​ជា​គំ​រូពី​តួឯក​ស្រី​រឿង​ស្បែក​គង់ កញ្ញា ឌុ​ច លីដា ។ នាង​និយាយថា ឆ្នាំ២០១៤នេះ ស្ទើរតែ​មិនគួរ​ជឿថា លីដា នាង​មាន​ប្រជាប្រិយភាព​លោត​ឡើង​លឿន​យ៉ាងនេះ ពី​ការសម្តែង​នោះ​ដោយសារ​នាង ហ៊ាន​សម្តែង​ឈុត​ខ្លះ ដែល​តួ​ខ្លះ​មិន​ហ៊ាន​សម្តែង។ រី​យ៉ា បានបញ្ជាក់​ទៀតថា យ៉ាងណា​នាង​ក៏​ហ៊ាន​សម្តែង​ដែរ សម្រាប់​ឈុត​សម្តែង​ដូច លីដា សម្តែង​នោះ ព្រោះថា ការដែល​អ្នកទស្សនា​គា​ត់​មើលឃើញ​ផ្សេង តែ​ការពិត​មិន​ដូច​នោះទេ វា​ជា​បច្ចេកទេស​ច្រើនជាង​ការសម្តែង»។

បើទោះជា រី​យ៉ា ប្រកាស​ពី​ភាពក្លាហាន​ចង់​ថត​រឿង​បែប​លេច​លើ​លេច​ក្រោម​ក្តី ប៉ុន្តែ​នាង​ក៏​សារភាព​ផងដែរ គឺ​សម្រាប់តែ​ការសម្តែង​របស់​នាង​ក្នុង​ឈុត​ឆាក​ស្រើបស្រាល​ដែលមាន បច្ចេកទេស​ជួយ​ដែរ តែបើ​ស្រើបស្រាល និង​មាន​ភាព​សិច​ស៊ី​ខ្លាំងពេក ដែល​មើលទៅ​មិនមែនជា​ប្រពៃណី​វប្បធម៌​ខ្មែរ ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ភាពជា​នារី​ខ្មែរ​នោះ ក៏​នាង​មិន​ទទួល​សម្តែង​ដែរ ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com