ជាតិ
ពិភពតារា៖ ទិ​ត្យ រី​យ៉ា អះអាងថា បេះដូង​នៅ​ទំនេរ
31, Dec 2014 , 10:11 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​សម្តែង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍​រូប ទិ​ត្យ អា​រី​យ៉ា ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា មានបុរសៗ តាម​ញ៉ែ និង​សុំ​ស្រឡាញ់​ច្រើនណាស់ ទាំង​វ័យ​ប្រហែល​នាង និង​វ័យ​ចំណាស់។តែ​យ៉ាងណាក្តី នាង​ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹងថា បេះដូង​របស់​នាង មិនទាន់មាន​បុរស​ណា​ម្នាក់ មក​ឃុំគ្រង​នាង​ទេ ពោលគឺ​នាង​មិនទាន់​ចង់​គិតគូ ពី​រឿង​ស្នេហា​ច្រើនជាង ការងារ​សិល្បៈ​ឡើយ ។



បន្ទាប់ពី​អតីត កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​ន (Bridgestone) ចំណាត់ថ្នាក់​លេខ៣ កញ្ញា ទិ​ត្យ រី​យ៉ា ត្រូវបាន​ម្តាយ​ឪពុក សម្រេចចិត្ត បើកភ្លើង​ខៀវ​ឲ្យ​វិល​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​ឡើងវិញ ក្រោយពី​នាង​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាង២ឆ្នាំ ដោយសារ​តែមាន​ជំងឺ​ក្រពះ​នោះមក បច្ចុប្បន្ន​នាង​បានបង្ហាញ​វត្តមាន​ជា​ញឹកញាប់ ក្នុង​ការសម្តែង​ខារ៉ាអូខេ បទ​ចម្រៀង និង​ខ្សែភាពយន្ត​ឲ្យ​បណ្តាល​ផលិតកម្ម​ក្នុង និង​ក្រៅ​ស្រុក។

ខណៈ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព នៅក្នុង​ពិភព​សិល្បៈ ងើប​ឡើងវិញ​បន្តិច ក្រោយពី​ស្ងាត់​មួយរយៈ ពេលនេះ​តារា​សម្តែង​មុខឆ្នាស់ ទិ​ត្យ រី​យ៉ា ត្រូវបាន​ប្រភព​ចេញពី​អ្នក នៅក្នុង​ចង្កោម​សិល្បៈ​ដែល​ស្និទ្ធ​កៀក​កិត ជាមួយ​បាន​ឲ្យ​ដឹងថា កញ្ញា ទិ​ត្យ រី​យ៉ា ឥឡូវ​កំពុងតែ​ទទួលបាន​ការងារ នៅក្នុង​សិល្បៈ​ច្រើន ទាំង​ការសម្តែង​ខារ៉ាអូខេ បទ​ចម្រៀង និង​ខ្សែភាពយន្ត ។ តែ​ទោះជា​យ៉ាងណា ប្រភព​ខាងលើ​ក៏​មិនបាន​ភ្លេច​ប្រាប់​ឡើយ ពី​ជីវិត​ឯកជន​របស់​តារា​សម្តែង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍​រូបនេះ ដោយបាន​និយាយថា អា​យ៉ា មានបុរសៗ តាម​ញ៉ែ និង​សុំ​ស្រឡាញ់​ច្រើនណាស់ ទាំង​វ័យ​ប្រហែល​នាង និង​វ័យ​ចំណាស់ ។

ប្រភព​ដដែល ក៏បាន​បន្តថា នៅក្នុង​ចំណោម​បុរស​ទាំងអស់ ដែល​តាម​ញ៉ែ​ចែចូវ​នាង ក្នុងនោះ​សុទ្ធតែជាកូនអ្នកមានៗ មាន​វ័យចាស់​ជាង​នាង និង​ជា​អ្នកមាន​ជំនួញ​ផ្ទាល់ខ្លួនធំៗ ។ មិនតែប៉ុណ្ណោះ គេ​ឃើញ​បុរស​ដែលជា​កូនអ្នកមាន​នោះ បាន​យក​រថយន្ត​ទំនើប​មក​ដឹក​នាង​ដល់ផ្ទះ ដើម្បី​ចេញទៅ​ដើរលេង និង​ញ៉ាំអីៗជា​ញឹកញាប់​ទៀតផង។

តែ​យ៉ាងណាក្តី កាលពីពេល​កន្លងទៅ តារា​សម្តែង​សម្បុរ ស្រអែម​ស្រស់​រូបនេះ ធ្លាប់បាន​និយាយប្រាប់​ដោយ​លាយឡំ​នឹង​សំណើច​ថា បេះដូង​របស់​នាង មិនទាន់មាន​បុរស​ណា​ម្នាក់ មក​ឃុំគ្រង​នាង​ទេ ពោលគឺ​នាង​មិនទាន់​ចង់​គិតគូ ពី​រឿង​ស្នេហា​ច្រើនជាង ការងារ​សិល្បៈ​ឡើយ ព្រោះ​នាង​ចង់​ប្រឡូក​ក្នុង​សិល្បៈ ឲ្យ​បាន​ជោគជាំ​និង​ទទួលបាន​ជោគជ័យ​សិន៕



© រក្សាសិទ្ធិដោយ thmeythmey.com