កីឡាជាតិ
ជាតិ
ស្វាយរៀង​ឬ ប៊ី​ញ​ភឿ​ក លើក​ពាន​Number One Cup រសៀល​នេះ?
31, Dec 2014 , 10:39 am        
រូបភាព
លោក សំ វ៉ាន់ដេត គ្រូបង្វឹក​ក្លិប​ស្វាយរៀង។ រូបថតលោក កឹម សុវណ្ណា (ហ្វេសប៊ុក Cambodia Football)
លោក សំ វ៉ាន់ដេត គ្រូបង្វឹក​ក្លិប​ស្វាយរៀង។ រូបថតលោក កឹម សុវណ្ណា (ហ្វេសប៊ុក Cambodia Football)
ដោយ:
ទីបំផុត​ពានរង្វាន់​បាល់ទាត់​Number One Cup 2014 ដែល​កំពុង​រៀបចំ​នៅ​ខេត្ត​ប៊ី​ញ​ភឿ​ក​ប្រទេស​វៀតណាម​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ម៉ោង៣ រសៀល​ថ្ងៃទី ៣១ ខែ ធ្នូ​ចុងឆ្នាំ ២០១៤ នេះ​ដោយ​ក្រុម​ខេត្តស្វាយរៀង​របស់​កម្ពុ​ជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ម្ចាស់ផ្ទះ​ដើម្បី​រក​ក្រុម​ជើងឯក​ពិតប្រាកដ។



មុន​ឡើង​មកដល់​វគ្គ​ចុងក្រោយ​នេះ​ក្រុម​ខេត្តស្វាយរៀង​របស់​កម្ពុ​ជា បាន​យកឈ្នះ​ក្រុម​រួម​ជាតិ​អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​លទ្ធផល ២ ទល់ ១នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។តាម​ដំណឹង​ច្បាស់ការ​មកពី​វៀតណាម​កីឡាករ​របស់​ក្រុម​ខេត្តស្វាយរៀង​សុទ្ធតែ​ត្រៀមខ្លួន​រូ​ចរាល់​សម្រាប់​ការប្រកួត​នេះ​ពោលគឺ​មិនមាន​បញ្ហា​កីឡាករ​របួស​នោះទេ។កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម, ជា សំណាង, ផានី​អ៊ី​រដ្ឋា, ហួយ​ផល្លី​ន, សំអឿន ពិដោ​សុទ្ធតែជា​កូនសោ​សំខាន់​របស់លោក​គ្រូបង្វឹក សំ វ៉ាន់​ដេ​ត​នៅ​ប្រកួត​ជើងឯក​នេះ។

ចំណែក​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ិ​ញ​ភឿ​ក​វិញ​បាន​យកឈ្នះ​ក្រុម​យោធភូមិភាគ​លេខ៧របស់​វៀតណាម​ដូចគ្នា​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី​ក្នុង​លទ្ធផល៥ ទល់ ៣ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា។

តាមពិត​គូប្រកួត​នេះ​ធ្លាប់​ប៉ះគ្នា​ម្ដង​ហើយ​កាលពី​វគ្គ​ជម្រុះ​នៅ​ពូ​ល​A ហើយ​កាលនោះ​ក្រុម​ខេត្តស្វាយរៀង​បាន​យកឈ្នះ​ក្នុង​លទ្ធផល១ ទល់ ០ ដោយ​ថ្វី​ជើង​កីឡាករ​សំអឿន ពិដោ​ក្រោម​ការ​កាត់សេចក្ដី​ផ្អៀង​តារាង​របស់​អាជ្ញាកណ្ដាល​ក្រៅផ្លូវការ​ជនជាតិ​វៀតណាម។នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោកគ្រូ​ជំនួយ​របស់​ក្លិប​ស្វាយរៀង​ម្នាក់។

គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បាន​ត្រៀម​ទឹកប្រាក់​ចំនួន៤០០០ ដុល្លារ​សហរដ្ឋអាមេរិក​ជាស្រេច​សម្រាប់​ក្រុម​ជ័យ​ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន​ត្រឹម២៥០០ ដុល្លារ និង ក្រុម​លេខ៣ ទទួលបាន ២០០០ ដុល្លារ។

មុន​បើក​កីឡដ្ឋាន​ស្វែងរក​ក្រុម​ជើងឯក​នៅ​រសៀល​នេះ​គេ​ក៏មាន​គូប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៣ ដែរ​ដោយ​ចាប់ផ្ដើម​នៅ​ម៉ោង១ រសៀល​តទៅ​រវាង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​របស់​កម្ពុជា​ជាមួយ​ក្រុម យោធភូមិភាគ​លេខ៧របស់​វៀតណាម៕




© រក្សាសិទ្ធិដោយ thmeythmey.com