កីឡាជាតិ
ជាតិ
គ្រូជំនួយ និងកីឡាករ TriAsia ប្តឹងទៅក្រសួងការងារក្រោយក្លិបបញ្ចប់កិច្ចសន្យាដោយគ្មានសំណង
× គ្រូជំនួយ១រូប និងកីឡាករខ្មែរ៦រូបរបស់ក្លិប TriAsia Phnom Penh FC កំពុងរង់ចាំអន្តរាគមន៍ពីក្រសួងការងារ បន្ទាប់ពីពួកគេបានដាក់ពាក្យប្តឹងកាលពីចុងឆ្នាំកន្លងមក ដើម្បីតវ៉ាចំពោះការបញ្ចប់កិច្ចសន្យារបស់ពួកគេ ដោយគ្មានការផ្តល់ប្រាក់សំណង។
លោក ភា វិភព គ្រូជំនួយដែលត្រូវបានក្លិបបណ្តេញចេញ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ខ្ញុំ និងកីឡាករខ្មែរ៦រូប ត្រូវបានក្លិបប្រកាសដកចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ដោយគ្រាន់តែអះអាងថា ក្លិបមានបញ្ហាហិរញ្ញវត្ថុ»។
កីឡាករ៦រូបដែលត្រូវបានក្លិបបញ្ចប់កិច្ចសន្យារួមមាន កីឡាករ ធុល សុធារិទ្ធ កីឡាករ វី លីកា កីឡាករ ឡេង ណារិន កីឡាករ សេង កុសែន កីឡាករ ហ្វ៊ី រ៉ូហ្វីន និងកីឡាករ លឹម យូ។ បើតាមប្រភពពីក្លិប TriAsia វិបត្តិហិរញ្ញវត្ថុ បានតម្រូវឲ្យក្លិបបញ្ចប់កិច្ចសន្យាបុគ្គលិក និងកីឡាករទាំងខ្មែរ និងបរទេសសរុបចំនួន១៣នាក់ ក្នុងនោះមានខ្សែប្រយុទ្ធហូឡង់ Elroy van der Hooft ផងដែរ។
គេហទំព័រថ្មីៗ មិនទទួលបានការអះអាងណាមួយឡើយពីសំណាក់កីឡាករ Elroy ប៉ុន្តែកាលពីថ្ងៃទី៥ ខែមករា គេបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «មានក្លិបតែមួយគត់នៅកម្ពុជាដែលជាក្លិបអាជីព។ ក្លិបផ្សេងទៀតត្រូវបានដឹកនាំដោយក្រុមកុហក និង/រឺ ក្រុមស្ម័គ្រចិត្ត»។
ទាក់ទងនឹងបញ្ហានេះ លោក វិភព បានលើកឡើងថា លោក និងកីឡាករខ្មែរ៦រូបទៀត គិតគូតែបញ្ហាខ្លួនឯងតែប៉ុណ្ណោះ ដោយមិនលូកលាន់ករណីរបស់កីឡាករ និងបុគ្គលិកបរទេសនោះឡើយ។ លោកបានលើកឡើងថា៖ «ការបញ្ឈប់ពួកយើងមិនជាបញ្ហាអ្វីនោះឡើយ ប៉ុន្តែយើងចង់ឲ្យក្លិបគិតគូពីប្រាក់សំណងសម្រាប់ពួកយើង»។
ដោយមិននិយាយពីភាគីបរទេស គ្រូជំនួយ និងកីឡាករខ្មែរដែលត្រូវបានដកចេញមានប្រាក់បៀរវត្សចន្លោះពី២០០ដុល្លារ ដល់៨០០ដុល្លារអាមេរិក ហើយភាគច្រើនសុពលភាពនៃកិច្ចសន្យារបស់ពួកគេបន្តរហូតដល់ខែសីហា ឆ្នាំ២០១៥ ។
ក្លិប TriAsia Phnom Penh FC ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន TriAsia Group មិនទាន់បានឆ្លើយតបជាវិជ្ជមានណាមួយឡើយ។ លោក ឈូក ពិសិដ្ឋ គ្រូបង្វឹកបណ្តោះអាសន្នដែលត្រូវដឹកនាំក្លិបសម្រាប់យុទ្ធនាការពានរង្វាន់សម្តេច ហ៊ុន សែន នាពេលខាងមុខ បានត្រឹមតែសម្តែងការសោកស្តាយចំពោះការបាត់បង់សមាជិកសំខាន់របស់ខ្លួន។
លោក ពិសិដ្ឋ បានលើកឡើងថា៖ «ការបាត់បង់សមាជិកមួយចំនួនពិតជាប៉ះពាល់ខ្លាំងដល់ប្រព័ន្ធលេង ប៉ុន្តែខ្ញុំមានតួនាទីដឹកនាំតែបច្ចេកទេសដឹកនាំបង្វឹកប៉ុណ្ណោះ ខ្ញុំមិនអាចបកស្រាយរឿងរ៉ាវដែលទាក់ទងនឹងផ្នែករដ្ឋបាលនោះឡើយ»។
បើតាមលោក ភា វិភព កីឡាករខ្មែរ រួមទាំងលោកផ្ទាល់ បានបដិសេធទទួលយកលិខិតបញ្ចប់កិច្ចសន្យា ដើម្បីរង់ចាំដំណោះស្រាយពីសំណាក់ក្លិប និងការឆ្លើយតបពីសំណាក់ក្រសួងការងារដែលត្រូវធ្វើឡើងក្នុងចន្លោះរយៈពេល២១ថ្ងៃបន្ទាប់ពីទទួលបានពាក្យបណ្តឹង។ លោកបានអះអាងថា៖ «គេមានគម្រោងបើកប្រាក់សម្រាប់១ខែឲ្យពួកយើង តែបច្ចុប្បន្ន មានតែការសន្យាតាមទូរសព្ទពីសំណាក់ថ្នាក់ដឹកនាំក្លិបប៉ុណ្ណោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com