កីឡាជាតិ
ជាតិ
កីឡាករ​ដែល​ត្រូវ​ភ្នំពេញ​ក្រោ​ន​ពិន័យ៖ ស្ងៀម​ជាង​ស្រដី
07, Jan 2015 , 12:07 pm        
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ ស៊ូ យ៉ាទី ឃឹម បូរី ហុង ផេង និងគួច សុគម្ភៈ។ រូបថត Cam Photo Agency
ពី​ឆ្វេងទៅ​ស្តាំ៖ ស៊ូ យ៉ាទី ឃឹម បូរី ហុង ផេង និងគួច សុគម្ភៈ។ រូបថត Cam Photo Agency
ដោយ: រួបរួម
កីឡាករ​ឆ្នើម​ទាំង​បួន​របស់​ភ្នំពេញ​ក្រោ​ន​រួមមាន គួច សុគ​ម្ភៈ ឃឹម បូរី ស៊ូ យ៉ា​ទី និង​ហុង ផេង សម្រេច​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បកស្រាយ​អ្វី​ឡើយ​ទាក់ទង​នឹង​បញ្ហា​ដែល​ខ្លួន​ត្រូវបាន​ក្លិប​ពិន័យ​រហូតដល់​ចប់​ពានរង្វាន់​សម្តេច ហ៊ុន សែន។



«បង​អើយ ខ្ញុំ​សុខចិត្ត​នៅ​ស្ងប់ស្ងៀម​ល្អ​ជាង» នេះ​ជាការ​លើកឡើងដូចៗគ្នា​របស់​កីឡាករ​ទាំង​បួនរូប។ ខ្សែប្រយុទ្ធ គួច សុគ​ម្ភៈ ខ្សែប្រយុទ្ធ ហុង ផេង និង​អ្នកចាំទី ស៊ូ យ៉ា​ទី សុទ្ធតែ​បានបង្ហាញ​ខ្លួន​នៅក្នុង​ឈុត​ជម្រើសជាតិ​នាពេល​កន្លងមក ខណៈ​ខ្សែប្រយុទ្ធ ឃឹម បូរី ក៏​ធ្លាប់​រួមចំណែក​យ៉ាង​ធំធេង​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ។

តាមរយៈ សេចក្តីថ្លែងការណ៍​រប​ស់​ខ្លួន​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី៥ ខែមករា ឆ្នាំ២០១៥ ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន បានសម្រេច​ព្យួរ​រាល់​សកម្មភាព​របស់​កីឡាករ​ឆ្នើម​ចំនួន៤រូប រហូតដល់​បញ្ចប់​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន ឆ្នាំ២០១៥ ។


ជាមួយនឹង​ការសម្រេច​របស់ខ្លួន ក្លិប​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​កំពូល​របស់​កម្ពុ​ជាមួយ​នេះ បាន​លើក​ហេតុផល​ថា កីឡាករ​ទាំង​បួនរូប បាន​ប្រព្រឹត្ត​ប្រាស់ចាក​ពី​បទបញ្ជាផ្ទៃក្នុង​របស់​ក្លិប​យ៉ាង​ធ្ងន់ ធ្ង​រ ពោលគឺ​អំឡុងពេល​នៃ​ដំណើរ​ប្រកួត​នៅក្នុង​ប្រទេស​ចិន កាលពីថ្មីៗកន្លងមកនេះ ជាពិសេស​ការបដិសេធ​ក្នុងការ​ហ្វឹកហាត់​ជាមួយ​ក្លិប។

ភ្នំពេញ​ក្រោ​ន​បាន​អះអាងថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​បែបនេះ​ឡើយ។ ក្លិប​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ថែម​ថា ភ្នំពេញ​ក្រោ​ន​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព ទៀងត្រង់ យុត្តិធម៌ និង​វិជ្ជាជីវៈ ហើយ​ពួកយើង​រំពឹងថា ទាំង​កីឡាករ និង​បុគ្គលិក​ប្រតិបត្តិ​តាម​គោលការណ៍​ទាំងអស់​ដែលមាន​ស្រាប់​ឲ្យ​បាន​ម៉ត់ចត់។

បើតាម​ប្រភពព័ត៌មាន​ដែល​សារព័ត៌មានថ្មីៗ ទទួលបាន ក្រៅពី​កីឡាករ​ឆ្នើម​ទាំង៤រូប លោក លី ហៀ​ង អគ្គលេខាធិការ​ក្លឹប ក៏បាន​ចេញ​លិខិត​ព្យួរការងារ​ជំនួយការ​ម្នាក់ទៀត​ផងដែរ។ បន្ថែម​ពីលើ​នេះ នា​អំឡុង​នៃ​ការពិន័យ កីឡាករ​ត្រូវតម្រូវ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ដោយ​ខ្លួនឯង ហើយ​ទង្វើ​ណាមួយ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្លឹប នឹងត្រូវ​បាន​ពិន័យ​ជា​ផ្នែក​ហិរញ្ញវត្ថុ។

មានការ​រិៈ​គន់​ផង និង​កោតសរសើរ​ផង​ទាក់ទង​នឹង​វិធានការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន។ អ្នកខ្លះ​បានលើកឡើង​ថា រឿងរ៉ាវ​បានកើត​រវាង​ក្រុម​កីឡាករ និង​គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​ស លោក Sam Schweingruber ប៉ុន្តែ​មិនមាន​អ្នកណា​ដឹង​ច្បាស់​ពី​ដើមចម​នៃ​បញ្ហា​នោះឡើយ។ ស្របពេល​ជាមួយគ្នា មតិ​មួយចំនួន​បាន​កោតសរសើរ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែល​បានផ្តល់​គំរូ​ដល់​ក្លិប​ដទៃ​ក្នុងការ​ដាក់ពិន័យ​កីឡាករ​ដែល​ប្រព្រឹត្ត​ខុស មិន​ថា​ពួកគេ​ជា​កម្លាំង​សំខាន់​របស់​ក្លិប​នោះឡើយ។

កាលពី​ឆ្នាំ២០១១ ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ឆ្លងកាត់​ការរុះរើ​កីឡាករ​ដ៏​ធំ​មួយ ដោយ​កីឡាករ៩រូប​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដាក់ទណ្ឌកម្ម​ក្រោយ​បញ្ហា​វាយ​គ្នា​លើ​ទីលាន​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC President's Cup ជាមួយ​ម្ចាស់ផ្ទះ​តៃវ៉ាន់ Taiwan Power Company (ថ្ងៃទី២៥ ខែកញ្ញា)។ នាពេលនោះ    កីឡាករ​ទាំង៣រូប​រួមមាន ចាន់ ឆា​យ៉ា សាន ណា​រិ​ទ្ធ និង​ស៊ុន សុវណ្ណ​រិទ្ធី ជាប់​ពិន័យ​រយៈពេល៦ខែ ខណៈ ហុង រតនា ស៊ុន សុ​បញ្ញា ធុល សុធា​រិ​ទ្ធ សួង វិ​រៈ ប៉េង ប៊ុន​ឆាយ និង Kingsley Njoku ជាប់​ពិន័យ៨ប្រកួត។

លោក រិទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន ធ្លាប់បាន​មានប្រសាសន៍ថា លោក​ចង់បាន​ក្លិប​របស់ខ្លួន​ក្លាយជា​គំរូ​ល្អ​ដល់​កីឡាករ​យុវជន និង​ក្លិប​ដទៃទៀត​នៅក្នុង​ប្រទេស។ លោក​មិន​ចង់ឃើញ​បាតុភាព​មិនល្អ​ណាមួយ​ដែល​កើតឡើង​នៅក្នុង​ក្លិប​នោះឡើយ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com