សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រេង​អាច​ឡើងថ្លៃ​វិញ?
23, Jan 2015 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត  Abdullah បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា ហើយ​ស្តេច​ដែល​នឹងត្រូវ​ស្នងរាជ្យ​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Salman bin Abdel-Aziz ដែលមាន​វ័យ ៧៩ព្រះវស្សា​ទៅហើយនោះ។ យ៉ាងណាក៏ដោយ​ការ​សោយ​ទីវ​ង្គ​ត់របស់​ក្សត្រ​នៃ​ប្រទេស​ផលិត​ប្រេង​ធំជាងគេ​នៅលើ​ពិភពលោក​នេះ កំពុងតែ​ធ្វើអោយ​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​កំពុង​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ឡើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ។  គេ​រំពឹង​ចាំមើល​ថា​តើ​ក្សត្រ​ថ្មី​នឹង​ប្រកាន់​គោលនយោបាយ​ចាស់​ដែល​រក្សា​ការផលិត​ប្រេង​ច្រើន​សន្ធឹកសន្ធាប់ ឬក៏​កាត់បន្ថយ​ការផលិត​ដើម្បីអោយ​ប្រេង​ឡើងថ្លៃ​វិញ។ បើតាម​ការ​អោយដឹងពី​មន្ត្រី​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ក្សត្រ​ដែល​ឡើង​គ្រងរាជ្យ​ថ្មី ជា​អ្នក​ដែល​គាំទ្រ​គោលនយោបាយ​ប្រេង​បច្ចុប្បន្ន ដូច្នេះ​គ្មាន​អ្វីដែល​នឹង​ផ្លាស់ប្តូ​រន​ឡើយ។ នេះ​មានន័យថា​ការ​សង្ឃឹមថា​ប្រេង​ឡើងថ្លៃ​នោះ​មិនអាច​ទៅរួច​នោះទេ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖


នៅ​ថ្ងៃ​សុក្រ​នេះ ព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលមាន​ឥទ្ធិពល​និង​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​មួយអង្គ​លើ​លោក​នេះ Abdullah bin Abdulaziz បាន​សោយ​ទីវ​ង្គ​ត់​ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា។ ព្រះមហាក្សត្រ​អង្គ​នេះ​បាន​សោយ​ទី​រង្គ​ត់ ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​គេ​ទទួលបាន​ព័ត៌មាន​ថា ទ្រង់​ស្ថិតក្នុង​ការព្យាបាល​មន្ទី​រ​ពេទ្យ​ដោយសារ​ជំងឺ​សួត ហើយ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត ជាច្រើន​នាក់​ប្រមូល​ផ្តុំគ្នា​បង្ហាញ​ការ​សោកសង្រេង​ស្តាយ​ការបាត់​ព្រះមហាក្សត្រ​របស់​ពួកគេ។ តាមពិតទៅ​ព្រះមហាក្សត្រ​មួយអង្គ​នេះ​បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៥ ក្រោយ​ពេលដែល​មហាក្សត្រ​មុន​ស្តេច Fahd ដែលជា​ម្ចាស់​ប្រុស​ទ្រង់ បាន​សោយ​ទិវង្គត។

ប៉ុន្តែ​ព្រះ​ចៅ Abdullah បាន​កាន់កាប់​កិច្ចការ​នយោបាយ​ក្នុងប្រទេស​ទាំងស្រុង​តាំងពី​ឆ្នាំ ១៩៩៦មកម្ល៉េះ​ក្រោយពេល​ស្តេច Fahd ដាច់​សរសៃឈាម​ខួរក្បាល។ ក្រោយ​ឡើងកាន់តំណែង​ជា​ព្រះមហាក្សត្រ គេ​មើលឃើញថា​ព្រះ​ចៅ Abdullah បាន​ខិតខំ​ប្រឹងប្រែង​កសាង​រដ្ឋ​ដែល​សម្បូរហូរហៀរ​ដោយ​ប្រេង ដោយ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់ វិស័យ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៅក្នុង​ប្រទេស​ផងដែរ។ ក្រៅពីនេះ​ព្រះមហាក្សត្រ​អង្គ​នេះ​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​តំបន់ និង​សកលលោក​ទាំងមូល​ផង ជាពិសេស​ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​រ៉ាំរ៉ៃ​ប៉ា​ឡេ​ស្ទី​ន-អ៊ីស្រាអែល និង​ដឹកនាំ​ការវាយប្រហារ​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផងដែរ។ 

ក្រោយ​ទ្រង់​ចូល​ទីវ​ង្គ​ត់ ព្រះនាម​ព្រះមហាក្សត្រ​ថ្មី​ដែល​នឹងត្រូវ​ឡើង​គ្រងរាជ្យ​ត្រូវបាន​ប្រកាស​ដោយ​តុលាការ​ព្រះរាជវាំង។ ព្រះ​ចៅ Salman bin Abdel-Aziz ដែលមាន​ព្រះជន្ម ៧៩ព្រះវស្សា​នឹង​ឡើង​ស្នង​តំណែង ហើយ​ព្រះនាម​របស់​ទ្រង់​ត្រូវ​បញ្ចូល​ជា​ក្សត្រ​ត្រូវ​ស្នងរាជ្យ​នៅក្នុង​ឆ្នាំ ២០១២ ក្រោយ​ម្ចាស់​បង​របស់​ទ្រង់​សោយ​ទីវ​ង្គ​ត់។ គេ​រំពឹងថា មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ផ្តល់​ការគោរព​ដល់​វិញ្ញ​ណ​ក្ខ័​ន្ធ​ព្រះមហាក្សត្រ Abdullah ក្នុងនោះ​មាន​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ផងដែរ ដ្បិដ​ប្រទេស​ទាំងពីរ​ជា​មិត្ត​ជិតស្និទ្ធ​គ្នា​យូរ​មកហើយ។ យ៉ាងណាក៏ដោយ​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះមហាក្សត្រ​ប្រទេស​សមាជិក OPEC នេះ កំពុង​ធ្វើអោយ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​គេ​រំពឹង​រង់ចាំ​មើលថា​វត្ត​មាន​ស្តេច​ថ្មី​នឹង​ធ្វើអោយ​តម្លៃ​ប្រេង​ប្រែប្រួល​កម្រិតណា​ដែរ។

តាមពិតទៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ដាំ​ក្បាល​ធ្លាក់ចុះ ធ្វើអោយ​រដ្ឋ​ដែល​ពឹង​លើ​ការនាំចេញ​ប្រេង​ជួប​វិបត្តិ​សេដ្ឋកិច្ច តួយ៉ាង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា រុស្ស៊ី និង​អ៊ីរ៉ង់​ជាដើម​ផង។ តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​ខ្លាំង ក៏​ដោយសារ​ការបង្កើន​ការផលិត​ប្រេង​ច្រើន​លើស​តម្រូវការ ហើយ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​ជា​រដ្ឋ​មួយ​ដែល​ផលិត​ប្រេង​នាំចេញ​រហូតដល់ ១៦ភាគរយ​នៃ​ប្រេង​ទាំងអស់ ហើយ​វា​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​ក្រឡុក​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ។ អា​រ៉ា​ប៊ី​សា​អូឌីត​ចង់អោយ​តម្លៃ​ប្រេង​ធ្លាក់​ចុះក្រោម ៤០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ហើយ​ប្រទេស​នេះ​បានប្រកាស​ហើយ​ថា​ខ្លួន​មិន​កាត់បន្ថយ​បរិមាណ​ប្រេង​ដែល​ខ្លួន​ផលិត​ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ឡើយ ប៉ុន្តែ​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះ​ចៅ Abdullah អាច​នឹង​ធ្វើអោយ​ប្រទេស​នេះ​ផ្លាស់ប្តូរ​គោលនយោបាយ​ប្រេង​របស់ខ្លួន​ដោយ​កាត់បន្ថយ​បរិមាណ​ប្រេង​ដែល​ត្រូវ​ផលិត។ ប៉ុន្តែ​កាលពី​ខែ​មុន​រដ្ឋមន្ត្រី​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Ali al-Naimi បាន​ព្រលយ​ពាក្យ​ថា តម្លៃ​ប្រេង​ធ្លាក់​ដល់៤០ ឬ២០ដុល្លារ​ក៏​លោក​មិន​ខ្វា​យ​ខ្វាល់​ដែរ ហើយ​ការកាត់បន្ថយ​ការផលិត​របស់ OPEC មិនមែនជា​ផលប្រយោជន៍​របស់ខ្លួន​ដែរ។  ប៉ុន្តែ ដើម្បី​ដឹងថា ប្រទេស​នេះ​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​ឬ​យ៉ាងណា​នោះ គេ​ត្រូវ​មើលថា​តើ​ក្សត្រ​ថ្មី​ដែល​នឹង​ឡើង​គ្រងរាជ្យ ជា​អ្នកគាំទ្រ​គោលនយោបាយ​បច្ចុប្បន្ន ហើយ​គោលនយោបាយ​បច្ចុប្បន្ននេះ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​ឬ​យ៉ាងណា​នោះ។

ទាក់ទិន​នឹង​សមាសភាព​ព្រះមហាក្សត្រ​ថ្មី ព័ត៌មាន​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​អង្គ​នេះ​ក៏​ជា​អ្នកគាំទ្រ​គោលនយោបាយ​ប្រេង​របស់​រដ្ឋ​បច្ចុប្បន្ន​ដែរ ដូច្នេះ​មានន័យថា​ការផ្លាស់ប្តូរ​គោលនយោបាយ​ប្រេង​បច្ចុប្បន្ន​ប្រហែលជា​មិនអាច​ទៅរួច​នោះឡើយ។ ព្រះមហាក្សត្រ​ថ្មី​អាច​នឹង​នៅ​បន្ត​ប្រើប្រាស់​គោលនយោបាយ​ប្រេង​ចាស់​ដោយ​បន្ត​ផលិត​ប្រេង​ក្នុង​បរិមាណ​ច្រើន​ដ​ដែរ​ទៀត។

ប៉ុន្តែ​បើទោះជា​បែបនេះ​ក្តី គោលនយោបាយ​បាយ​ប្រេង​បច្ចុប្បន្ននេះ ក៏​ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ ហើយ​ម្យ៉ាង​សាច់ញាតិ​បងប្អូន សែរ​ស្រ​ឡាយ​រាជ្យរ​ង្ស​ជាច្រើន​នាក់​បានបង្ហាញ​ការប្រឆាំង​និង​រិះគន់​គោលនយោបាយ​នេះដែរ។ អា​រ៉ា​ប៊ី​សា​អូឌីត​មិន​ខ្វល់​តម្លៃ​ប្រេង​ធ្លាក់​ក្រោម ៥០ដុល្លារ ប៉ុន្តែ​តាមពិត​វា​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ខ្លួន ព្រោះ​បើតាម​ការ​អោយដឹងពី​អ្នកជំនាញ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​លក់​ប្រេង​ក្នុងតម្លៃ​តិច​ណាស់៨០ដុល្លារ​អាមេរិក​ដើម្បី​ទប់ទល់​ការចំណាយ​របស់ខ្លួន។ បើ​តម្លៃ​ប្រេង​បច្ចុប្បន្ន ប្រទេស​នេះ​ក៏​ខាត​បង់លុយ​ច្រើន​ដែរ​ដោយសារ​ឱនភាព​សេដ្ឋកិច្ច។ ប៉ុន្តែ​បើតាម​ជាក់ស្តែង ការផ្លាស់ប្តូរ​គោលជំហ​រ​បន្ថយ​ការផលិត​ប្រេង​របស់​ប្រទេស​នេះ​ទំនង​មិនអាច​កើតមានឆាប់ៗឡើយ ព្រោះ​គេ​ដឹងថា ប្រទេស​នេះ​បាន​រក្សា​ទុនបម្រុង​នៅ​បរទេស​សម្រាប់​ប្រើប្រាស់​ពេលណា​ដែល​សេដ្ឋកិច្ច​ជួយ​បញ្ហា​ឱនភាព​រហូតដល់ ៧៥០ពាន់​លាន​ដុល្លារ​ឯណោះ៕
ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​ដោយសារ​ពឹង​លើ​ការនាំចេញ​ប្រេង ប្រហែលជា​មិនទាន់មាន​សង្ឃឹមថា​ប្រេង​អាច​នឹង​ឡើងថ្លៃ​វិញ​ឡើយ មានតែ​ទ្រាំ​រត់​ខ្ចីបុល​គេ និង​កាត់បន្ថយ​ការចំណាយ​ប្រចាំឆ្នាំ​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​តែប៉ុណ្ណោះ៕    




© រក្សាសិទ្ធិដោយ thmeythmey.com