ជាតិ
សង្គមជាតិ
ប្រាក់​សគុណ​នៅតែ​មាននៅ​ក្រុង​ស្ទឹងសែន ទោះ​មាន​តារាង​តម្លៃ​សេវាសាធារណៈ
31, Jan 2015 , 8:30 pm        
រូបភាព
ដោយ:
កំពង់ធំ៖ កន្លងទៅថ្មីៗនេះ នៅតាម​សង្កាត់​ក្នុង​ក្រុង​ស្ទឹងសែន មាន​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បិទ​តារាង​តម្លៃ​សេវាសាធារណៈ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​មួយ​រវាង​អាជ្ញាធរ​និង​ពលរដ្ឋ។ តែ​ទោះជា​យ៉ាងនេះ​ក្តី នៅតែមាន​ប្រជាជន​មួយចំនួន​តូច នៅតែ​ប្រើ​លុយ​លើសពី​ការកំណត់​ក្នុង​បញ្ជី​តម្លៃ ដែល​ពួកគាត់​គិតថា​ជាស​គុណ ឬ​ជា​ថ្លៃ​ទឹកតែ​បន្តិចបន្តួច​សម្រាប់​មន្ត្រី​ដែល​បំពេញ​ដល់​ពួកគាត់។



ចៅសង្កាត់រង​កំពង់​ក្របៅ លោក កិះ ស៊ន បាន​រៀបរាប់​ឲ្យ​ដឹងថា ចាប់តាំងពី​មានការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​ពី​តម្លៃ​សេវាសាធារណៈ​នោះ ប្រាក់​ទឹកតែ ឬ​ប្រាក់​សគុណ មិនសូវមាន​ដូច​កាល​ពេលមុន​ឡើយ។ បើតាម​លោក​ចៅសង្កាត់ មន្ត្រី​មិនបាន​បង្ខំ ឬ​ទាមទារ​ពី​ពលរដ្ឋ​ឡើយ ប៉ុន្តែ​គឺ​ពលរដ្ឋ​ដែលជា​អ្នកស្ម័គ្រចិត្ត ផ្តល់ប្រាក់ «មនោសញ្ចេតនា»ឲ្យ​មន្ត្រី។

លោក​ចៅសង្កាត់រង​រៀបរាប់ថា៖«ពួកគាត់​នៅតែ​ឱ្យ​លើសពី​តម្លៃ​ដែល​កំណត់ដោយ​គិតពី​មនោសញ្ចេតនា។ ជួនកាល​អ្នក​ស្គាល់គ្នា គេ​ឱ្យ​ថ្លៃ​កាហ្វេ​មួយ​កែវ ហើយ​ពេលខ្លះទៀត​មិត្ត
ភក្តិ​ឱ្យ​ថ្លៃ​គុយទាវ​មួយ​ចាន។ នេះ​វា​មិន​ប៉ះពាល់​ដល់​ការងារ​រាល់ថ្ងៃ​នោះទេ»។

ទាក់ទង​នឹង​បញ្ហា​ដដែល​នេះ ចៅសង្កាត់រង​អាចារ្យ​លាក់ អ្នកស្រី ចាយ​កា បាន​ប្រាប់ថា ការឱ្យលើសពី​តម្លៃ​កំណត់ មិនសូវមាន​ច្រើន​ទេ​នៅ​សង្កាត់​អ្នកស្រី ដោយសារតែ​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើនជាង​មុន។ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី «ជូន​ថ្លៃ​ទឹកតែ»នោះ អ្នកស្រី​ប្រាប់ គឺមាន​កើតឡើង​ចំពោះ​ពលរដ្ឋ​ដែលមាន​ជីវភាព​ធូរធា។ «ឧទាហរណ៍​ថា ពេល​ចុះ​សំបុត្រ​ការ ត្រូវ​បង់១៥០០០រៀល ហើយ​គេ​ឱ្យលើស៥ពាន់ ដែល៥ពាន់​រៀល​នេះ ចាត់ទុកជា​សទ្ធា​ជូន​ដល់​អ្នក​ដែល​បានធ្វើ​លិខិតស្នាម»។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី​ចៅសង្កាត់រង អាចារ្យ​លាក់។

លោក ហីន ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ក្រុង​ស្ទឹងសែន គឺជា​អ្នក​ដែល​បាន​ជូន«ប្រាក់​មនោសញ្ចេតនា»ទៅ​មន្ត្រី ដោយ​ការស្ម័គ្រចិត្ត។ លោក ហីន ពន្យល់ថា លោក​ធ្លាប់​បង់ប្រាក់​លើស​តម្លៃ​សេវា​ដែល​កំណត់ដោយ​រដ្ឋ​ចំនួន១០០០រៀន​ជូន​មន្ត្រី ដោយ​លោក​គិតថា ១០០០រៀល​គឺជា​ចំនួន​លុយ​ដ៏​តិចតួច ដែល​ចង់​ឲ្យ​មន្ត្រី​ជាការ​សគុណ​ដែល​ខំធ្វើការ​ងារ​ជូន​លោក។ ទោះយ៉ាងណា​ក៏ដោយ លោក ហីន សំដែង​ការបារម្ភ​ថា ទង្វើ​បែបនេះ​អាច​ក្លាយជា​ទម្លាប់​អាក្រក់ ហើយ​មន្ត្រី​អាច​ទាមទារ​លើស​ច្រើន​ពី​តារាង​តម្លៃ​រដ្ឋបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com