ព័ត៍មានសុខភាព
សុខភាព៖ ជិត​មាន​រដូវ មាន​រោគសញ្ញា​អ្វីខ្លះ?
12, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ រួមមាន ការប្រែប្រួល​អារម្មណ៍ ការឡើង​តឹង​សុដន់ ឃ្លាន​អាហារ អស់កម្លាំង ឆាប់​ខឹង និង​ការធ្លាក់​ទឹកចិត្ត។ វា​អាច​កើតមាន​ចំពោះ ៣ នាក់​ក្នុងចំនោម​ស្ត្រី ៤ នាក់។


ការព្យាបាល និង​ការផ្លាស់ប្ដូរ​របៀបរបប​ក្នុងការ​រស់នៅ អាចជួយ​កាត់បន្ថយ ឬ​គ្រប់គ្រង​ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ​បាន ។
 
ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ ផ្នែក​លើ​អារម្មណ៍ និង​អាកប្បកិរិយា​រួមមាន ៖
•    ភាព​តានតឹង ឬ​ការ​ថប់​អារម្មណ៍
•    មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត
•    កា​រយំ​រៀបរាប់
•    ការប្រែប្រួល​អារម្មណ៍ និង​ការ​ឆាប់​ខឹង
•    ការផ្លាស់ប្តូរ​ចំណង់​អាហារ
•    គេង​មិន​លក់
•    ការ​គេចចេញ ពី​សកម្មភាព​សង្គម
•    មាន​បញ្ហា ក្នុងការ​ផ្តោតអារម្មណ៍

ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ ផ្នែក​រាងកាយ រួមមាន ៖
•    ការឈឺ​សាច់ដុំ ឬ​សន្លាក់
•    ឈឺក្បាល
•    អស់កម្លាំង
•    ការឡើង​ទម្ងន់ ដែល​ទាក់ទង​ទៅនឹង​ការ​ចាល់​ជាតិ​ទឹក
•    ហើមពោះ
•    ការឡើង​តឹង​នៃ​សុដន់
•    កើតមាន​មុន​នៅលើ​ផ្ទៃមុខ
•    ការ​ទល់លាមក ឬ​ការ​រាគរូស។
ការឈឺចាប់​ផ្នែក​ខាង​រាងកាយ និង​ភាព​តានតឹង​ផ្លូវចិត្ត បាន​ធ្វើអោយប៉ះពាល់ ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី។ សញ្ញា និង​រោគសញ្ញា​ទាំងនោះ ភាគច្រើន​នឹង​បាត់​ទៅវិញ ក្នុង​រយៈពេល​បួន​ថ្ងៃ មុននឹង​ចាប់ផ្តើម នៃ​ការ​មាន​រដូវ​ចំពោះ​ស្ត្រី។

ប៉ុន្ដែ ស្ត្រី​មួយចំនួន​តូច អាចមាន​ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ ជា​រៀងរាល់ខែ ដែល​គេ​ហៅថា Premenstrual Dysphoric Disorder (PMDD) ដែល​អាចមាន​សញ្ញា និង​រោគសញ្ញា រួមមាន ការធ្លាក់​ទឹកចិត្ត ការប្រែប្រួល​អារម្មណ៍ អារម្មណ៍​ឆាប់​ខឹង ការ​ថប់​អារម្មណ៍ មាន​អារម្មណ៍​ធុញ ពិបាក​ផ្ដោតអារម្មណ៍ និង​ភាព​តានតឹង។

ប្រសិនបើ​អ្នក មិនអាច​គ្រប់គ្រង​រោគសញ្ញា​ទាំង​នោះបាន ដោយ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ចង្កោម​រោគសញ្ញា មុនពេល​មាន​រដូវ ដែល​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំថ្ងៃ និង​សុខភាព​របស់​អ្នក អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ ជាបន្ទាន់៕


© រក្សាសិទ្ធិដោយ thmeythmey.com