អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​សាទរ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​កាត់ផ្តាច់​ចំណូល​ក្រុម​រដ្ឋ​ឥស្លាម
13, Feb 2015 , 8:30 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ចិន​បានប្រកាស​ស្វាគមន៍​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​កាត់ផ្តាច់​រាល់​ការផ្គត់ផ្គង់​លុយកាក់​ដល់ករ​ក្រុម​ភេរវជន។ បេសកជន​ពិសេស​របស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ក្នុងនាម​រដ្ឋាភិបាល​ចិន​ថា ចិន​ប្រឆាំង​រាល់​ទម្រង់​ភេរវកម្ម​ទាំងអស់ ហើយ​ចិន​នឹង​ប្រឹងប្រែង​ចូលរួម​ជាមួយ​សហគម​ន​អន្តរជាតិ​ដើម្បី​កម្ចាត់​ចលនា​ភេរវកម្ម​នៅលើ​ពិភពលោក។



ការប្រកាស​សាទរ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​កើតឡើង​កាលពី​ម្សិលមិញ​នេះ ហើយ​ដំណោះស្រាយ​ដែល​ត្រូវអនុម័ត​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដោយមាន​ការសហការ​គ្នា​រវាង​ប្រទេស​មហាអំណាច ស្ថាប័ន​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន។ ហើយ​ដំណោះស្រាយ​ថ្មី​នេះ​ក៏​គាំទ្រ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​លើ​ពិភពលោក​ក្នុង​ការខិតខំ​ប្រឹងប្រែង​បោសសម្អាត​ក្រុម​ភេ​វជន។

 ជានិច្ច​ជា​កាល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​បង្ហាញ​ជំហរ​ប្រឆាំង​រាល់​គ្រប់​រូបភាព​នៃ​អំពើ​ភេរវកម្ម ហើយ​ចិន​ក៏​ប្រឆាំង​រាល់​ការភ្ជាប់​សា​សា​នា ឬ​ជនជាតិ​ណាមួយ​ទៅនឹង​ចលនា​ភេរវកម្ម​ផងដែរ។ ការប្រកាស​បែបនេះ​ដោយសារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ កំពុងតែ​ជ្រក​ក្រោម​ស្លាក​សាសនា​ឥស្លាម​ដើម្បី​បង្ក​គ្រោះមហន្តរាយ​មនុស្សជាតិ។ ក្រុម​នេះ​បានធ្វើអោយ​ប៉ះពាល់​ដល់​ត​ម្លៃ​និង​អារម្មណ៍​របស់​ប្រជាជន​ដែល​ប្រកាន់​សាសនា​ឥស្លាម​នៅលើ​ពិភពលោក​ទាំងមូល ហើយ​ទង្វើ​របស់​ពួកគេ​មិនអាច​អត់អោន​អោយបាន​ឡើយ។

បេសកជន​ចិន​ខាងលើ​បានប្រកាស​ដ​ង្ហើ​យ​អោយ​សហគមន៍​អន្តជាតិ​ទាំងមូល ចូលរួម​អោយ​ពេញទំហឹង និង​អនុវត្ត​ដំណោះស្រាយ​ថ្មី និង​ដំណោះស្រាយមុនៗដែល​ផ្តោតលើ​ការ​កម្ចាត់​ចលនា​ភេរវកម្ម​នៅលើ​ពិភពលោក​ថែមទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ចិន​បាន​ជំរុញ​អោយ​សហគមន​អន្តរជាតិ​ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​គោលនយោបាយ​ក្នុង​ឬ​ក្រៅប្រទេស រួមគ្នា​ជា​ធ្លុង​មួយ​និង​កាត់ផ្តាច់​រាល់​ចំណូល​នៃ​ក្រុម​ភេរវជន​នៅលើ​ពិភពលោក​ដើម្បី​ដាក់​គំនៀប​ដល់​ក្រុម​ទាំងនោះ។ លើសពីនេះ​ចិន​បានស្នើ​សុំអោយ​ភាគី​និង​ប្រទេស​ពាក់ព័ន្ធ​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុលនិយម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ការជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ជាដើម ។

គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រុមប្រឹក្សាសន្តិសុខ បានសម្រេច​អនុម័ត​ដំណោះស្រាយ ថ្មី​បំផុត​មួយ​ដើម្បី​កាត់ផ្តាច់​រាល់​ចំណូល​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ក្រុម Al-Nusrahដោយ​សេចក្តីសម្រេច​នេះ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់​ការរកចំណូល​ដោយ​ខុសច្បាប់ ការជួញដូរ​មនុស្ស ការ​ជម្រិត​ទារលុយ និង​ការជួញដូរ​ប្រេង​ជាដើម  ៕  



© រក្សាសិទ្ធិដោយ thmeythmey.com