ជាតិ
មនុស្ស២នាក់​ស្លាប់១០នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
27, Feb 2015 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន២នាក់ និង១០នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៦ខែកុម្ភៈ​ឆ្នាំ ២០១៥ម្សិលមិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១០គ្រឿង រថយន្ត​ធុន​តូច២គ្រឿង និង​រថយន្ត​ធុន​ធំ១គ្រឿង យានយន្ត​ផ្សេង១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន៤លើក មិន​ប្រកាន់​ស្តាំ១លើក មិន​គោរព​សិទ្ធិ១លើក និង​បត់​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៨នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៥៧៧គ្រឿង និង​ម៉ូតូ​ចំនួន១,៤៣២គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com