ជាតិ
សង្គមជាតិ
កម្ពុជា​កំពុង​ពិចារណា​សាងសង់​ស្តូប​រំលឹក​របប​ខ្មែរក្រហម
27, Feb 2015 , 11:38 am        
រូបភាព

 
សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ខែកុម្ភៈ​កន្លងទៅ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ជាមួយ​តំណាង​ស្ថា​ត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក្រុម​វិស្វករ​បារាំង និង​តំណាង​សាលាក្តី​ខ្មែរក្រហម ជុំវិញ​សំណើ​សាងសង់​ស្តូប​រំលឹក​របប​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម។



ស្ថា​ត​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក្រុម​វិស្វករ​បារាំង និង​សាលាក្តី​ខ្មែរក្រហម បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សាងសង់​ស្តូប​រំលឹក​របប​កម្ពុជា​ប្រជាធិបតេយ្យ នាពេលឆាប់ៗខាងមុខ ដើម្បី​រំលឹក​នូវ​ដំណាក់កាល​នៃ​ការចាប់ផ្តើម​នៃ​របប​ខ្មែរក្រហម រំលឹក​អំពី​ការជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ នា​ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ និង​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នា​របប​ប្រល័យពូជសាសន៍​នោះ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃទី២៧កុម្ភៈ​នេះ លោក ឡុង ឌី​ម៉​ង់ បាន​បន្តថា ស្តូប​រំលឹក​របប​ខ្មែរក្រហម​នោះ នឹងត្រូវ​សាងសង់ឡើង​តាម​ស្ថាបត្យកម្ម​បែប​ទំនើប ដែលមាន​រូប​មនុស្ស​លើកដៃ​សំពះ​ក្រឡាប់​ក្បាល​ចុះក្រោម និង​មានទឹក​នៅ​ខាងក្រោម។ តាម​គម្រោង ស្តូប​រំលឹក​របប​ខ្មែរក្រហម​នេះ នឹង​សាងសង់​នៅ​សួនច្បារ​មុខ​ស្ថា​ត​ទូត​បារាំង ក្បែរ​រង្វង់​មូល​កាំភ្លើង​គួច​កាណុង។

តែ​យ៉ាងណាក៏ដោយ គម្រោង​នេះ​មិនទាន់​ត្រូវបាន​អនុញាត​ឲ្យ​សាងសង់​នៅឡើយ ព្រោះ​សា​សា​រាជធានី​ភ្នំពេញ ត្រូវយក​សំណើ​នេះ​ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​ពិចារណា​ពី​ទីតាំង​ដែល​ស្នើឡើង ព្រមទាំង​រចនាបថ​រូបសំណាក​ដែល​ត្រូវ​សាងសង់​ផងដែរ។ នេះ​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដដែល៕





© រក្សាសិទ្ធិដោយ thmeythmey.com