ជាតិ
សីតុណ្ហភាព​នា​រដូវប្រាំង​ក្នុង​ឆ្នាំ២០១៥មាន​ចន្លោះ​ពី២១-៣៧អង្សារ​សេ
27, Feb 2015 , 5:02 pm        
រូបភាព

 
ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ស្ថានភាព​និង​ការព្យាករណ៍​អាកាសធាតុ នា​រដូវប្រាំង​ក្នុង​ឆ្នាំ២០១៥នេះ។
បើ​យោងតាម​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៧ខែកុម្ភៈ​នេះ​សីតុណ្ហភាព​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅត្រង់ចំណុច​ខ្សែ​អេក្វាទ័រ នៅ​ឆ្នាំ២០១៥នេះ​មាន​កំរិត​ទាប​ច្រើនជាង​មធ្យមភាគ​ប្រចាំឆ្នាំ។



បើតាម​សេចក្តីជូនដំណឹង​ដដែល​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​នៃ​បាតុភូត Dipole Model Index ឬ Neutral Condition (ជា​បាតុភូត​ចន្លោះ​រវាង​អែល​នី​ណូ​និង​ឡា​នី​ណា)។ជាមួយគ្នា​នោះ​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ដែលមាន​ឥទ្ធិពល​ខ្សោយ​មកលើ​កម្ពុ​ជានា​រដូវ​ប្រាំង​ក្នុង​ឆ្នាំ២០១៥នេះ​ផងដែរ។

«ស្ថានភាព​សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម​អ​ប្បរមា មាន​ពី២១-២៤អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣៤-៣៦អង្សារ​សេ នៅក្នុង​ខែ​មិនា​និង​សីតុណ្ហភាព​មធ្យម​អ​ប្បរមា មាន​ពី២៣-២៥អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣៤-៣៧អង្សារ​សេ នៅក្នុង​មេសា។

ចំណែក​នៅ​តំបន់​វាលទំនាប នៅក្នុង​ខែ​មិនា មាន​សីតុណ្ហភាព​មធ្យម​អ​ប្បរមា មាន​ពី២៣-២៥អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣៤-៣៦អង្សារ​សេ និង​សីតុណ្ហភាព​មធ្យម​អ​ប្បរមា ពី២៤-២៥អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣៥-៣៧អង្សារ​សេ នៅក្នុង​មេសា។រីឯ​នៅ​តំបន់​មាត់សមុទ្រ​វិញ​នៅក្នុង​ខែ​មិនា​មាន​សីតុណ្ហភាព​មធ្យម​អ​ប្បរមា មាន​ពី២៤-២៦អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣២-៣៤អង្សារ​សេ នៅក្នុង​មេសា​មាន​សីតុណ្ហភាព​មធ្យម​អ​ប្បរមា ពី២៤-២៦អង្សារ​សេ និង​មធ្យម​អតិបរមា​ពី៣៤-៣៦អង្សារ​សេ» ។នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល។

សេចក្តីជូនដំណឹង​ដដែល​បន្តថា​ភ្លៀង​កក់ខែ ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​អាច​កើតមាន​ច្រើន​នៅ​ចុងខែ​មេសា​និង​ក្នុង​ខែឧសភា​នៅតាម​បណ្តា​ខេត្ត​នានា​ពិសេស​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​និង​វាលទំនាប៕


© រក្សាសិទ្ធិដោយ thmeythmey.com