ជាតិ
សង្គមជាតិ
លោក ព្រាប កុល​នឹង​ដឹកនាំ​យុវជន​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អា​រ៉ែ​ង
27, Feb 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

 
អង្គការ​តម្លាភាព​កម្ពុ​ជា នឹង​ដឹកនាំ​ក្រុមយុវជន អ្នក​ស្រលាញ់​ព្រៃឈើ ធនធានធម្មជាតិ ប្រមាណ​ជា៣០នាក់ ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​អា​រ៉ែ​ង រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៧ដល់​ថ្ងៃទី៩ មីនា​ខាងមុខ។ នេះ​បើតាម​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព។



លោក ព្រាប កុល បាន​បន្ថែមថា គោលបំណង​ទៅ​តំបន់​អា​រ៉ែ​ង​នេះ គឺ​ដើម្បី​ស្គាល់​ឲ្យ​បាន​ច្បាស់​ពី​តំបន់​អា​រ៉ែ​ង ។សិក្សា​ស្វែងយល់​បន្ថែម​ពី​ធនធានធម្មជាតិ​និង​សក្តានុពល​តំបន់​អា​រ៉ែ​ង ។ ជាពិសេស​គឺ​ចង់​ជំរុញ​ឲ្យ​យុវជន អ្នក​ស្រលាញ់​ព្រៃឈើ​ចូលរួម​គាំទ្រ និង​ការពារ​ធនធាន​តំបន់​ព្រៃឈើ​ព្រោះ​តំបន់​អា​រ៉ែ​ង​នេះ​គឺជា​តំបន់​ព្រៃឈើ​ចុងក្រោយ​របស់​ប្រទេស​កម្ពុជា ។

បើតាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​រូបនេះ សកម្មភាព​ទៅ​តំបន់​អា​រ៉ែ​ង​នាពេលនេះ ក៏​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការជួយ​គាំទ្រ​ដល់​ប្រជា​សហគមន៍​នៅ​តំបន់​អា​រ៉ែ​ង​ផងដែរ។ លោក​កន្លងមក លោក ព្រាប កុល បាន​បញ្ជាក់ថា រូបលោក​ផ្ទាល់​បាន​ស្គាល់​តំបន់​អា​រ៉ែ​ង​នេះ ក៏​ដោយសារតែ​លោក​អា​ឡិច​ដែរ។

លោក ព្រាប កុល បាន​បន្ថែមថា៖«ចង់​មិន​ចង់​យើង​ត្រូវ​ទទួលស្គាល់ថា​អា​ឡិច​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​នាក់​ស្គាល់​តំបន់​អា​រ៉ែ​ង ក្នុងនោះ​មាន​ខ្ញុំ​ម្នាក់​ដែរ»។

គួរ​បញ្ជាក់ដែរថា តំបន់​អា​រ៉ែ​ង​នេះ បាន​ក្លាយជា​តំបន់​យកចិត្តទុកដាក់​ខ្លាំងក្លា​បំផុត​ពី​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​នានា បន្ទាប់ពី​លោក​អា​ឡិច ជនជាតិ​អេស្បាញ ដែល​ចេញមុខ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង​នេះ ។ ហើយ​លោក អា​ឡិច ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អន្តរជាតិ​បាន​ស្គា​ល់ពី​ធនធានធម្មជាតិ និង​សក្តានុពល​តំបន់​អា​រ៉ែ​ង​នេះ​ផងដែរ មុននឹង​រូបលោក​ត្រូវបាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ៕


© រក្សាសិទ្ធិដោយ thmeythmey.com