ជាតិ
សុខភាព
ជប៉ុន​ផ្ដល់ជំនួយ​ជាង១៥លាន​ដុល្លារ​កែលំអ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ
27, Feb 2015 , 8:15 pm        
រូបភាព
ប្រធានមន្ទីពេទ្យបង្អែក
ប្រធានមន្ទីពេទ្យបង្អែក

 
ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ដល់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ព្រះសីហនុ ជាង១៥លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក សម្រាប់​កែលំអ​មន្ទីរពេទ្យ​នេះ​ឡើងវិញ។ នេះ​បើតាម​លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។ លោក​បាន​បន្ដថា ជំនួយ​កែលំអ​មន្ទីរពេទ្យ​នេះ គឺអាច​ជួយ​លើកកម្ពស់​ការព្យាបាល និង​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទៀតផង ។



ថ្លែង​ចំពោះមុខ​អ្នកកាសែត​លោក​ប្រធាន​មន្ទីរពេទ្យ​រូបនេះ បាន​បន្ថែមថា គម្រោង​កែលំអ​នេះ​អាច​លើកកម្ពស់​គុណភាព​មន្ទី​ពេទ្យ សេវា​នឹង​កើនឡើង បង្កើន​ជំនឿ​ទុកចិត្ត​របស់​អតិថិជន ចំនួន​អ្នកជំងឺ​កើនឡើង ចំណូល​ហិរញ្ញប្បទាន​កើនឡើង អាត្រា​អ្នកស្លាប់​ថយចុះ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​បំរើសេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ខេត្ត​ជិតខាង កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ព្យាបាល​នៅ​ទីកន្លែងឆ្ងាយ។

បើតាម​លោក​វេជ្ជបណ្ឌិត​រូបនេះ កន្លងមក​មន្ទីរពេទ្យ​បង្អែក ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា កង្វះខាត​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់ គុណភាព​មន្ទី​ពេទ្យ​នៅមានកម្រិត​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មិនសូវមាន​ទំនុកចិត្ត ហើយ​ងាក​ទៅរក​មន្ទី​ពេទ្យ​ផ្សេង។

របាយការណ៍​សម្រេច​លទ្ធផល​ក្នុង​ឆ្នាំ២០១៤ របស់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​នេះ បាន​បង្ហាញថា ចំណូល​ហិរញ្ញប្បទាន​មាន​ចំនួន​ជាង៨៣០លាន​រៀល ក្នុងនោះ​ការព្យាបាល​បង់ប្រាក់​ដោយ​ជំនួយ​មូលនិធិ​សមធម៌ (សម្រាប់​ក្រីក្រ) មាន​ចំនួន​ជាង៦១៩លាន​រៀល ។ អ្នកជំងឺ​សរុប​មាន​ចំនួន៩.២៤៦ករណី ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ១៤៥នាក់ ស្មើនឹង២,៩១ភាគរយ ដែលជា​អាត្រា​ស្លាប់​នេះ​នៅតែ​កើនឡើង។

គម្រោង​កែលម្អ​នេះ​ចាប់ផ្តើម​ពី​ខែឧសភា ឆ្នាំ២០១៤ដល់​ខែកញ្ញា​ឆ្នាំ២០១៥ មាន​រយៈពេល១៦ខែ ជា​ជំនួយឥតសំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​JICA អាគារ​មន្ទីរពេទ្យ​គ្របដណ្តប់ ៥.១៨៥ម៉ែត្រការ៉េ។ គម្រោង​នេះ មានការ​សាងសង់​អាគា​រ​មន្ទីរពេទ្យ​ថ្មី បំពាក់​ឧបករណ៍ បរិក្ខា​ពេទ្យ និង​បណ្តុះបណ្តាល ធនធានមនុស្ស​ផងដែរ។

គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន​បាន​ចូលរួម​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៩១មក។ ជប៉ុន​បានកំណត់​គោលការណ៍​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អទិភាព​ចំនួន៣ក្នុងនោះ​រួមមាន ការពង្រឹង​មូលដ្ឋាន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ៕



© រក្សាសិទ្ធិដោយ thmeythmey.com