ជាតិ
ទឹកប្រាក់​កម្ចី​ជាង២៧លាន​ដុល្លារ​ពី​ជប៉ុន​បាន​ជួយ​ផ្គត់ផ្គង់​អនុ​ស្ថានីយ៍​អគ្គីសនី​កំពត និង​ព្រះសីហនុ
28, Feb 2015 , 8:15 am        
រូបភាព
អគ្គីសនី២
អគ្គីសនី២

 
ទឹកប្រាក់​កម្ចី​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ជាង២៧លាន​ដុល្លារ​បាន​ជួយ​ដល់​អគ្គិសនី​កម្ពុជា ក្នុង​ដំណើរការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ចាប់ពី​អនុ​ស្ថានីយ៍​អគ្គិសនី​កំពត ទៅ​អនុ​ស្ថានីយ៍​អគ្គិសនី​ស្ទឹងហាវ។ហើយ​អនុ​ស្ថានីយ៍​អគ្គិសនី​ទាំងពីរ​នេះ និង​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​មកដល់​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ២០១៦ផងដែរ។



ថ្លែង​ចំពោះមុខ​អ្នកកាសែត អនុប្រធាននាយកដ្ឋាន​ផែនការ​យុទ្ធសាស្ត្រ និង​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​លោក ឈី​ម ម៉ាន បាន​បញ្ជាក់ថា ប្រាក់កម្ចី​សម្បទាន​នេះ គឺ​បានផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​បង្កើន​ថាមពល​អគ្គិសនី ក្នុង​អនុ​ស្ថានីយ៍​អគ្គិសនី​កំពត និង​អនុ​ស្ថានីយ៍​អគ្គិសនី​ស្ទឹងហាវ ។ លោក​បន្ថែមថា  រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន ក៏​កំពុង​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​អគ្គិសនី​បន្ថែម​នៅ​កម្ពុជា​បន្ដទៀត។

បើតាម​របាយការណ៍​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​មហា​តំបន់​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា ទឹកប្រាក់​កម្ចី​ជាង២៧លាន​ដុល្លារ​នេះ បាន​យកទៅ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០គីឡូវ៉ុល ចំនួន២សៀគ្វី ចាប់​ចាប់ពី​អនុ​ស្ថានីយ៍​អគ្គិសនី​កំពត ទៅ​អនុ​ស្ថានីយ៍​អគ្គិសនី​ស្ទឹងហាវ មាន​ប្រវែង៨៨គីឡូម៉ែត្រ ដែលមាន​ខ្សែ​បញ្ជូន​ចំនួន២៤០បង្គោល ដោយ​ចំណាយ​ទឹកប្រាក់២០.៩៩០.០០០ ដុល្លារ។

ដោយឡែក​ការសាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥គីឡូវ៉ុល​ចំនួន២សៀគ្វី ចាប់​ចាប់ពី​អនុ​ស្ថានីយ៍​អគ្គិសនី​ស្ទឹងហាវ​បញ្ជូនទៅ​អនុ​ស្ថានីយ៍​អគ្គិសនី​ក្រុងព្រះសីហនុ មាន​ប្រវែង១២គីឡូម៉ែត្រ​ដែលមាន​ខ្សែ​បញ្ជូន​ចំនួន៣២បង្គោល ដោយ​ចំណាយ​ទឹកប្រាក់៦.៧៣៦.៥៦៩ ដុល្លារ។ គម្រោង​នៃ​ការសាងសង់​ទាំងនេះ​បានបញ្ចប់​ការងារ​សាងសង់​ជា​ស្ថាពរ និង​បានដាក់​ឲ្យ​ដំណើការ​ប្រើប្រាស់​កាលពី​ខែសីហា ឆ្នាំ២០១៤កន្លងទៅ។

គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន​បាន​ចូលរួម​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៩១មក។ ជប៉ុន​បានកំណត់​គោលការណ៍​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អទិភាព​ចំនួន៣ក្នុងនោះ​រួមមាន ការពង្រឹង​មូលដ្ឋាន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ។


© រក្សាសិទ្ធិដោយ thmeythmey.com