ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ នៅតែ​ដើរ​ផ្លូវ​ពីរ
28, Feb 2015 , 12:33 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ
លោក ញឹក ប៊ុនឆៃ ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ
ដោយ: ថ្មីៗ
លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី២នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​រសៀល​ថ្ងៃ​សុក្រ ទី២៧ ខែកុម្ភៈ បាន​បើក​សន្និសីទ​សារព័ត៌មាន​ដើម្បី​ថ្លែង​រិះគន់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បានធ្វើ​ការសម្រេច​អ្វីមួយ​ដោយ​មិន​ឆ្លងកាត់​ថ្នាក់ដឹកនាំ​ដទៃទៀត។



ប្រតិកម្ម​របស់លោក ញឹក ប៊ុនឆៃ បានកើត​ឡើង បន្ទាប់ពី​ព្រះអង្គ នរោត្តម រណឫទ្ធិ ដែល​បាន​ក្លាយជា​ប្រធាន​គណបក្ស​រាជានិយម​ឡើងវិញ​ក្រោម​ការបង្រួបបង្រួម​គ្នា មាន​គម្រោង​រុះរើ​គណៈកម្មការ​នាយក គណៈកម្មាធិការ​អចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​ផ្លាស់ប្តូរ​និមិត្តសញ្ញា​របស់​បក្ស។ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការសម្រេច​របស់​ទ្រង់ រណឫទ្ធិ មិនបាន​ឆ្លងកាត់​ការសុំ​យោបល់​ពី​អនុប្រធាន​ទី១ ព្រះអង្គម្ចាស់ នរោត្តម អា​រុណរ​ស្មី និង​រូបលោក​ផ្ទាល់​ដែលជា​អនុប្រធាន​ទី២ រូប​ទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត នោះឡើយ។

លោក ញឹក ប៊ុន ឆៃ បាន​លើកឡើងថា៖ «ខ្ញុំ​មិន​គាំទ្រ​គម្រោង​រំលាយ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​របស់​សម្តេចក្រុមព្រះ​នោះឡើយ […] ខ្ញុំ​ក៏​មិន​ចង់ឃើញ​រាជវង្ស​វាយប្រហារ​គ្នា​នោះដែរ»។

មន្ត្រី​ដែល​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​អះអាងថា ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង គឺ​ដើម្បី​លើក​ប្រជាប្រិយភាព​របស់​បក្ស​រាជានិយម​ឡើងវិញ ។
 
គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​បាន​ព្រះអង្គម្ចាស់ រណឫទ្ធិ​គ្រោង​រំលាយ​មាន ចំនួន ២៣រូប និង គណៈកម្មការ​នាយក​មាន​ចំនួន ២៥៣រូប ដោយ​ព្រះអង្គ​រក្សា​មក​ត្រឹមតែ​ចំនួន២៧នាក់ ហើយ​អ្នក​ទាំងនោះ សុទ្ធតែជា​សមាជិក​ថ្មី៕




© រក្សាសិទ្ធិដោយ thmeythmey.com