ពីនេះ ពីនោះ
ជ្រូក​ទឹក​សព្វថ្ងៃ​មាន​នៅតែ​ខេត្តកំពត និង​ក្រុងកែប​ប៉ុណ្ណោះ
08, Mar 2015 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភិនភាគ៖ វា​មាន​ទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​ផ្សោត​ដែរ ប៉ុន្តែ​វា​ធាត់​ជាង​ហើយ​មាន​ភ្លុក២ដូច​ដំរី ដែល​ដុះ​ចេញពី​អញ្ចាញធ្មេញ និង​មាន​ព្រុយ​ចំហៀង​ធំ​រាង​ដូច​ច្រវា​ទូក។ វា​មាន​ស្បែក​រលោង​ពណ៌​ត្នោត ឬ​ប្រផេះ​ក្រ​ម៉ៅ និង​ដុះ​រោម​មួយ។ រន្ធ​ច្រមុះ​ស្ថិតនៅ​ទីតាំង​ចុង​ច្រមុះ ហើយ​មាន​សន្ទះ​គ្រប​សម្រាប់​បិទ​នៅពេល​វា​មុជ​ទៅក្នុង​ទឹក។ ប្រវែង​ទើប​កើត ១-១,៥ម ពេញវ័យ ៣,៣-៤,១ម និង​ទម្ងន់ ទើប​កើត ២៥-៣៥គ.ក ពេញវ័យ ១០០០  គ.ក ។



ជីវសាស្ត្រ៖ ជ្រូក​ទឹក​រស់នៅ​ជា​ក្រុម​ដែលមាន​ចំនួន​រហូតដល់​រាប់រយ ដោយ​ធ្វើ​ចលនាយឺតៗក្នុង​ល្បឿន​មធ្យម​ប្រមាណ ១០គ.ម/ម។ ហើយ​ចូលចិត្ត​រស់នៅ​តំបន់​ដែលមាន​ទឹករាក់ៗ និង​សំបូរ​ទៅដោយ​ស្មៅ​សមុទ្រ​ដែលជា​ចំណីអាហារ​របស់​វា។

រប៉ាយ​រស់នៅ៖ សត្វ​ប្រភេទ​នេះ​មាននៅ​ដែនសមុទ្រ​កម្ពុជា​តាម​តំបន់​មាន​ស្មៅ​សមុទ្រ​នៃ​ខេត្តកោះកុង ឆក​កំពង់សោម កោះរុង និង​កោះរុងសន្លឹម ហើយ​សព្វថ្ងៃ​មាននៅ​ខេត្តកំពត និង​ក្រុងកែប​តែប៉ុណ្ណោះ។ គេ​បាន​រកឃើញ​ផងដែរ​នៅតាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក​ប៉ែក​ខាងលិច។

ស្ថានភាព​អភិរក្ស៖ ជ្រូក​ទឹកជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក ប្រភេទ​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ ១ របស់​អនុសញ្ញា សាយ​តេស។



© រក្សាសិទ្ធិដោយ thmeythmey.com