ជាតិ
ក្រុមការងារ​ក្រសួងបរិស្ថាន​នឹង​ចុះ​សម្អាត​បរិស្ថាន​រោងចក្រ​នៅ​ទូទាំងប្រទេស
09, Mar 2015 , 8:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន​នឹង​បង្កើត​ក្រុមការងារ​ចុះ​សហការ​ជាមួយ​ម្ចាស់​រោងចក្រ​ទូទាំងប្រទេស ដើម្បី​រៀបចំ​សម្អាត​បរិស្ថាន​ក្នុង​រោងចក្រ ក្នុង​គោលដៅ​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​កម្មករ និង​បរិស្ថាន។ នេះ​បើ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ ។



ថ្លែង​នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នៅ​ថ្ងៃទី៩ មីនា​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ឲ្យ​ដឹងថា ក្រុមការងារ​ក្រសួងបរិស្ថាន​ត្រៀម​រៀបចំខ្លួន​ចុះ​សម្អាត​បរិស្ថាន​រោងចក្រ នាពេលខាងមុខ។ លោក​បាន​បន្ថែមថា ក្រុមការងារ​គ្រប់​ជំនាញ​នឹងត្រូវ​ចុះទៅ​ធ្វើការ​ជាមួយ ម្ចាស់​រោងចក្រ​ផ្ទាល់​តែម្តង ដើម្បី​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ​កែសម្រួល​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ និង​ជាតិគីមី​ពុល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ និង​បរិស្ថាន។

លោក បញ្ជាក់​ដូច្នេះ​ថា៖«យើង​នឹងធ្វើ​គ្រប់​រោងចក្រ​ទូទាំងប្រទេស ដោយ​សហការ​ជាមួយ​រដ្ឋបាល​រោងចក្រ ដើម្បី​កែ សម្រួល។ ចំពោះ​នីតិវីធី​ធ្វើ​នោះ យើង​ចេញ​លិខិត​ឯកភាព​រវាង​ម្ចាស់​រោងចក្រ ថា តើ​គាត់​ត្រូវ អនុវត្តន៍​អ្វី និង​នៅ​ខ្វះខាត​អ្វី ហើយ​ថា​តើ​គាត់​បានធ្វើ​អ្វី​តាម​ការណែនាំ​របស់ យើង​អត់» ?

ជាមួយគ្នានេះដែរ ប្រសិនបើ​រោងចក្រ​កាត់ដេរ​មិនបាន​អនុវត្តន៍​តាម​គោលការណ៍​របស់​ក្រសួង នោះ លោក សាយ សំ​អាល់ បាន​អះអាង​ដូច្នេះ​ថា៖«យើង​នឹងធ្វើ​ជូន​គាត់​តែម្តង យើង​អាច​ចាត់​ឲ្យ​គាត់​បង់លុយ​សាងសង់ និង​កែសម្រួល​នោះ»។

ទិន្នន័យ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កម្ពុ​ជាមាន​រោងចក្រ​ជាង ១ពាន់​រោងចក្រ។
គួររម្លឹកថា តាម​របាយ​ការណ៍កម្ម​ករ​សន្លប់​បណ្តា​រោងចក្រ​ប្រចាំឆ្នាំ ២០១៤ របស់​សហជីព​សេរី​កម្មករ​កម្ពុជា កម្មករ​រោងចក្រ​កាត់ដេរ​មាន​ចំនួន ១៤៣១ នាក់​ក្នុងនោះ​បាត់បង់​ជីវិត ចំនួន ៣នាក់ គឺ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ២០១៣ ។

នៅក្នុង​របាយការណ៍​បាន​បង្ហាញថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កម្មករ​ដួលសន្លប់​នោះ គឺ​មកពី​ពុល​ក្លិន​សារធាតុ គីមី​ក្នុង​សម្ភារៈ​រោងចក្រ​ការបាញ់​ថ្នាំ​សម្លាប់​សត្វល្អិត ធ្វើការ​ថែម​ម៉ោង​ធុំក្លិន​លូ​នៅក្នុង​បរិវេណ​រោងចក្រ​ពុល​កាវ​ធុំក្លិន ក្នុង​សម្ភារៈ កង្វះ​កង្ហា​ខ្យល់​ចេញចូល​ក្នុង​រោងចក្រ និង​កម្មករ​មាន​រោគ​រាករូស​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com