ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី ៤រូប សន្យា​អភិវឌ្ឍន៍​ភ្នំ​បូកគោ ឲ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ជំនឿ​ដ៏​សំខាន់
09, Mar 2015 , 9:03 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួង​ចំនួន៤ សន្យាថា នឹង​អភិវឌ្ឍន៍​រមណីយដ្ឋាន តំបន់ភ្នំ​បូកគោ ឲ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ ជាង​នេះ​បន្ថែមទៀត។ ការសន្យា​នេះ​ធ្វើឡើង​ក្រោយពី​ជំនួប​ពិភាក្សាគ្នា ជាមួយ​ប្រធាន​គណៈកម្មាការ​ទី៧ នៃ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី៩ មីនា នេះ នៅ​វិមាន​រដ្ឋសភា។



រដ្ឋមន្ត្រី​ទាំង៤រូបនោះ រួមមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ។ រដ្ឋមន្ត្រី​ទាំង ៤ រូបនេះ សុទ្ធតែ​សន្យា នៅ​ចំពោះមុខ​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា​ថា ពួកគេ​នឹង​អភិវឌ្ឍន៍​តំបន់ភ្នំ​បូកគោ ឲ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ជំនឿ​ដ៏​សំខាន់ និង​ឲ្យ​មាន​របៀបរៀបរយ​ល្អ។

ថ្លែង​ចំពោះមុខ​អ្នកកាសែត​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា លោក​នឹង​រៀបចំ​តំបន់​បូកគោ​ទាំងនោះ ឲ្យ​ក្លាយទៅជា​តំបន់​គោលដៅ​ទេសចរណ៍​ផ្នែក​ជំនឿ ។ ជាមួយគ្នានេះ​លោក​នឹង​រឹតបន្តឹង​តំបន់ ទាំងនោះ ឲ្យ​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​ល្អ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត។  « តំបន់​វាំង​កូន និង​វាល៥០០ ជា​តំបន់​ដែល​ត្រូវ​រៀបចំ​ឲ្យ​បានល្អ។ យើង​នឹង​គ្រប់គ្រង​ភ្ញៀវទេសចរ​នៅ​តំបន់​នេះ មិន​ឲ្យ​ទៅ​ដេក​ពាសវាល​ពេញ​ព្រៃ មិន​ឲ្យ​មាន​យក​ស៊ីម៉ង់ត៍​ទៅ​បិទ​ខ្ទាប់​ឲ្យ​ខូច​តំបន់​ប្រវត្តិសាស្ត្រ​នោះទេ។ ហើយ​យើង​រៀបចំ​ផ្លូវ​ទៅកាន់​ទីនោះ​ឲ្យ​បានល្អ និង​រៀបចំ​សន្ដិសុខ​ឲ្យ​បានល្អ​ជាដើម »។ នេះ​ជាការ​អះអាង​របស់លោក ថោង ខុន។បើតាម​លោក​រដ្ឋមន្ត្រី​រូបនេះ ទេសចរ​សាសនា​បច្ចុប្បន្ននេះ គឺជា​ប្រភេទ​ទេសចរ​មួយ​ដែល​សកលលោក​កំពុង​ជំរុញ​និង​យកចិត្តទុកដាក់​បំផុត ដូចជា​ប្រទេស​ឥណ្ឌា និង​អារ៉ាប់​ជាដើម ។
 
កន្លងមក​នៅ​តំបន់​បូកគោ​នេះ​មានមតិ​មួយចំនួន​លើកឡើងថា មាន​ផ្នូរ​របស់​ជនជាតិ​វៀតណាម និង​មាន​វិហារ​ចិន ដែល​ពួកគេ​ព្រួយបារម្ភ​ថា អាច​បាត់បង់​អរិយធម៌​របស់​ខ្មែរ។ តែ​ជុំវិញ​បញ្ហា​នេះ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បញ្ជាក់ថា បញ្ហា​នេះ​លោកស្រី​នឹង​បញ្ជូន​អ្នកឯកទេស​ទៅ​សិក្សា​អំពី​ផ្នូរ​នោះ ដើម្បី​រក​មូលហេតុ​ឲ្យ​បានច្បាស់លាស់​សិន មុននឹង​វាយតម្លៃ ។ លោកស្រី​បន្ថែមថា៖ « សូមកុំ​ទាន់​វាយតម្លៃ​លើ​បញ្ហា​ផ្នូរ​នេះ សូម​ទុកពេល​ឲ្យ​ពួកយើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាម​ផ្នែកនីមួយៗសិន» ។

ចំណែក​បញ្ហា​វិហារ​ចិន​នៅ​ទីនោះ រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា លោក មិន ឃិន មានប្រសាសន៍ថា លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ត្រួត​ពិ​និត្យនៅ​ទីនោះ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រួយ ដើម្បី​ស្វែងយល់​បន្ថែមថា តើ​មាន​ផលប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​ដូច​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ដែររឺទេ ?
 
ប្រធាន​គណៈកម្មាការ​ទី៧ នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ មានប្រសាសន៍ថា ការកោះអញ្ជើញ​រដ្ឋមន្ត្រី៤រូប​មក សាកសួរ​នៅពេលនេះ​គឺ​ដើម្បី​ចង់ដឹង​ពី​បញ្ហា​នៅ​តំបន់​បូកគោ និង​ចង់ដឹង​ពី​ការ​លទ្ធភាព​នៃ​ដំណើរការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​បូកគោ​នេះ៕  

© រក្សាសិទ្ធិដោយ thmeythmey.com