ជាតិ
បទវិភាគ
តើ​បក្ស​ទាំងពីរ​ចរចា​ដើម្បី​ផលប្រយោជន៍​ជាតិ ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន?
10, Mar 2015 , 12:16 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ការចរចា​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​បោះឆ្នោត និង​វិស័យ ផ្សេងៗទៀត ត្រូវបាន​គេ​មើលឃើញថា បានទទួល​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​មិន​សមស្រប​តាម​បំណងប្រាថ្នា​របស់​ម្ចាស់ ឆ្នោត​ឡើយ។ លើសពីនេះ​ទៀត ការចរចារ​នេះ ធ្វើឡើង​ក្នុង​លក្ខណៈ​ចង្អៀត និង​ត្រូវបាន​គេ​មើលឃើញថា​លម្អៀង​ទៅរក ផលប្រយោជន៍​របស់​ប​ក្ស​ទាំងពីរ មិនតែប៉ុណ្ណោះ ថែមទាំង​បាន​ព្យាយាម​ទប់ស្កាត់​មិនឱ្យ​មានការ​រិះគន់​បក្ស​នយោបាយ ក្នុងពេល​បោះឆ្នោត​ទៀតផង។ ប៉ុន្តែ បក្ស​ទាំង​ពីរបាន​អះអាងថា អ្វីដែល​ពួកខ្លួន​ធ្វើ​ទទួលបាន​លទ្ធផល​យ៉ាង​ធំធេង។ 



បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រួចមក ការចរចា​រវាង​បក្ស​ទាំងពីរ​ត្រូវបាន​គេ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជាច្រើន ដូចជា ការព្រម​ចូលធ្វើ​សច្ចាប្រណិធាន​របស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ការបែងចែក​តួនាទី​គ្នា​ក្នុង​រដ្ឋសភា ការ​តម្លើង​ឋានៈ​ស្ថាប័ន​គ.ជ.ប.ទៅជា​ស្ថាប័ន​ធម្មនុញ្ញ ការរៀបចំ​សមាសភាព គ.ជ.ប. ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ និង​កា​រស​ម្រ​សម្រួល​ខាង​នយោបាយ​មួយចំនួនទៀត។

បច្ចុប្បន្ននេះ បញ្ហា​ដែល​កំពុង​លេចធ្លោ​ជាងគេ​នោះ​គឺ សេចក្ដីស្នើច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ គ.ជ.ប. និង​ការសម្របសម្រួល​ខាង​នយោបាយ​ដើម្បីឱ្យ​មានការ​ដោះលែង​សមាជិក​របស់​បក្សប្រឆាំង ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ឱ្យនៅ​ក្រៅ​ឃុំ ជាដើម។
ក្នុងការ​ចរចា​រវាង​បក្ស​ទាំងពីរ​លើ​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នាពេល​កន្លងមក មាន​ភាព​ធូ​ស្រាល​ផង និង​មាន​ភាព​តានតឹង​ផង ពេលខ្លះ​ស្ទើរតែ​ទាល់ច្រក​ទៅហើយ។ ក្នុងពេល​ជួប​ឧបសគ្គម្ដងៗ បក្ស​ទាំងពីរ​តែងតែ​ប្រើ​ស្ទីល​ចាស់​ដែល​ខ្លួន​ធ្លាប់ប្រើ​កន្លងមក ដូចជា បក្ស​កាន់អំណាច បាន​ប្រើ​សារ​នយោបាយ កម្លាំង និង​យន្តការ​តុលាការ​ដើម្បី​ចោទប្រកាន់​សកម្មជន​ប​ក្ស​ប្រឆាំង​តាមផ្លូវ​តុលាការ ពីបទ​ល្មើសផ្សេងៗទាក់ទង​នឹង​អំពើហិង្សា ដែល​បាន​កើតឡើង​កន្លងមក​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​បាន​រំពឹងថា បញ្ហា​នេះ​គួរ​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​តាំងពី​ក្រោយ​មានការ​ចរចា​នយោបាយដំបូងៗមកម្ល៉េះ។

ឯ​បក្សប្រឆាំង​វិញ ពេល​ជាប់គាំង​ក្នុងការ​ចរចាម្ដងៗ បាន​ព្យាយាម​ប្រើ​វោហារសាស្ត្រ​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​តាមរយៈ​សារ​នយោបាយ​ក្នុងពេល​ជួប​ជាមួយ​សមាជិក​របស់ខ្លួន ការកោះហៅ​រដ្ឋមន្ត្រី​ទៅ​សួរដេញដោល​ក្នុង​រដ្ឋសភា និង​ការប្រើ​រូបភាព​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​ទៅ​បក្ស​កាន់អំណាច។ ទីបំផុត​ភាព​ធូរស្រាល តែង​កើតមាន​ឡើងវិញ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​ទាំងពីរ​បាន​ជួប​ជជែក​គ្នា​ដោយផ្ទាល់ ឬ​តាមរយៈ​ទូរ​សព្ទ។

កន្លងមក មានការ​លើកឡើង​ពី​មហាជន​និង​អ្នកវិភាគ​មួយចំនួន​ថា ការចរចា​រវាង​បក្ស​ទាំងពីរ​លើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​លើ​ផ្នែកផ្សេងៗទៀត ហាក់ដូចជា​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​របស់​បក្ស​ទាំងពីរ​ច្រើនជាង​ផលប្រយោជន​ជាតិ។ ជាក់ស្ដែង​ដូចជា​រូបមន្ត​នៃ​ការកំណត់​សមាសភាព​គ.ជ.ប.(៤+៤+១) គឺ​មានន័យថា បក្ស​ប្រជាជន​កម្ពុជា៤នាក់ បក្ស​សង្គ្រោះ​ជាតិ៤នាក់ និង១នាក់​ទៀត​មកពី​សង្គម​ស៊ីវិល។ យោងតាម​រូបមន្ត​នេះ យើង​អាច​វាយតម្លៃ​បាន​ថា បក្ស​ទាំងពីរ​ឱ្យ​តម្លៃ​ខ្លួនឯង​ជាង​សង្គម​ស៊ីវិល និង​ជាពិសេស​មិនឱ្យ​តម្លៃ​ទាល់តែសោះ​ចំពោះ​បក្សនយោបាយ​ផ្សេងទៀត​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដែរ តែ​មិន​បានទទួល​សម្លេងគាំទ្រ​គ្រប់គ្រាន់​ដែល​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា។ លើសពីនេះ​ទៀត ក្នុង​ការចរចា​ដើម្បី​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត បក្ស​ទាំងពីរ​មិន​អនុញ្ញាតិ​ឱ្យ​បក្ស​ផ្សេងទៀត សង្គម​ស៊ីវិល និង​មហាជន​ចូលរួម​និង​ផ្ដល់យោបល់​ទេ។ ទើបតែ​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ បក្ស​ទាំងពីរ​បានធ្វើ​សិក្ខាសាលា​មួយ ដើម្បី​ប្រមូលយក​មតិយោបល់​ពី​សង្គម​ស៊ីវិល​និង​មហាជន។ ក៏ប៉ុន្តែ បើ​យោងតាម​កម្មវិធី​សិក្ខាសាលា​ដែល​បាន​ចែកជូន​ជា​សាធារណៈ និង​យោងតាម​ដំណើរ​ការណ៍​ជាក់ស្ដែង​នៃ​សិក្ខាសាលា ត្រូវបាន​គេ​ឃើញថា ការ​ទុក​រយៈពេល​តិចតួច​សម្រាប់​ការផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ដល់​ទៅ​ពីរ​នោះ គឺ​គ្រាន់តែ​ជាការ​ធ្វើ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ វា​នឹងមិន​ទទួលបាន​ផ្លែផ្កា​ច្រើន​ទេ​ក្នុងការ​ពិភាក្សា​បែប​នោះ។ សកម្មភាព​ទាំងនេះ ត្រូវបាន​គេ​វាយតម្លៃថា បក្ស​ទាំងពីរ​កំពុង​ចង់​ដើរតួនាទី​ជា​កីឡាករ​ផង​និង​ជា​អាជ្ញាកណ្ដាល​ផង​ដើម្បី​កេងចំណេញ​ពី​គូប្រកួត​ផ្សេងទៀត។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​បក្ស​ទាំងពីរ​បាន​អះអាងថា លទ្ធផល​ដែល​ខ្លួន​បានសម្រេច​គឺមាន​លក្ខណៈ​ធំធេង ហើយ​ពួកគេ​ខិតខំ​ធ្វើអ្វីៗដើម្បី​ជាតិ មិនមែន​ដើម្បី​ផលប្រយោជន៍​របស់​បក្ស​ទេ។

ផ្ទុយទៅវិញ ប្រសិនបើ​យើង​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ យើង​នឹង​ឃើញថា ការ​រអា​ក់រ​អួ​ក​ក្នុង​ការចរចា​កន្លងមក​គឺ​បណ្ដាលមកពី​ការជជែក​នោះ ចុច​ចំ​ចំណុចខ្សោយ​របស់​ភាគី​ណាមួយ ដែលជា​ចំណុច​គន្លឹះ​អាចធ្វើឱ្យ​បក្ស​របស់ខ្លួន​ទទួលបាន​ប្រៀប​ឈ្នះ​ក្នុងការ​បោះឆ្នោត​កន្លងមក ម្ល៉ោះហើយ​បក្ស​នោះ​រារែក មិន​ចង់​កែប្រែ ហើយ​ខិតខំ​ការពារ តស៊ូ​មតិ និង​បញ្ចៀស​ទៅ​ពិភាក្សា​រឿង​ផ្សេង​ទៅវិញ។ ការងារ​ដែល​ទាំងពីរ​កំពុង​ធ្វើ​សព្វថ្ងៃនេះ ត្រូវបាន​អ្នកវិភាគ​ខ្លះ និយាយថា ពួក​កំពុង​ស្ល​តម្រូវ​មាត់​ខ្លួនឯង កំពុង​ធ្វើ​មួក ឬ​កាត់​ខោអាវ​សម្រាប់​ពាក់​តែ​ខ្លួនឯង មិនមែន​សម្រាប់​ហូប ឬ​ពាក់​ទាំងអស់គ្នា​ទេ។ អញ្ចឹង​ហើយ បានជា​គេ​ពុំ​ឃើញ​មានការ​កែប្រែ​អ្វី​ជា​ដុំកំភួន​ទេ​ក្នុង​ប្រព័ន្ធ​ឆ្នោត​ថ្មី​នេះ គឺ​ប្ដូរ​បានតែ​សមាសភាព គ.ជ.ប. ប៉ុណ្ណោះ ដែល​រូបមន្ត​នេះ ត្រូវបាន​គេ​មើលឃើញថា ធ្វើ​សម្រាប់តែ​បក្សនយោបាយ​ពីរ ប្រសិនបើ​អាណត្តិ​ក្រោយ​មាន​បក្ស​លើសពី​ពីរ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​រូបមន្ត​នេះ​នឹង​ប្រើ​លែងកើត​ហើយ។ ឯ​រូ​ម​មន្ត​សម្រាប់​កំណត់​អាសនៈ ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត និង​នីតិវិធីផ្សេងៗទៀត​ក៏​មិនមាន​ការប្រែប្រួល​ច្រើន​ដែរ។ 

លើសពីនេះ​ទៀត ក្នុង​មាត្រា​ទី៨៣ថ្មី​នៃ​ច្បាប់បោះឆ្នោត ថែមទាំង​បានអនុញ្ញាត​ឱ្យ​មន្ត្រីនគរបាល យោធា និង​តុលាការ ដែល​គេ​គិតថា​គួរតែ​ទុកឱ្យ​អ​ព្យា​ក្រឹត្យ​នោះ​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចូលរួម​ឃោសនាបោះឆ្នោត និង​ក្នុង​មាត្រា​ទី៩១ថ្មី​នៃ​ច្បាប់បោះឆ្នោត ថែមទាំង​បានកំណត់​អំពី​អ​ព្យា​ក្រឹត្យ​ភាព​របស់​សង្គម​ស៊ីវិល និង​ដាក់​ទោសទណ្ឌ​យ៉ាង​ចាស់ដៃ​ចំពោះ​សង្គម​ស៊ីវិល​ណា ដែល​បាន​ប្រមាថ​ដល់​បក្សនយោបាយ​ណាមួយ​ក្នុងពេល​បោះឆ្នោត។

ជា​សន្និដ្ឋាន គេ​អាច​និយាយបានថា កំណែទម្រង់​ដែល​បក្ស​ទាំងពីរ​បានធ្វើ​នាពេល​កន្លងមក មិនទាន់មាន​អ្វី​ជា​ដុំកំភួន​ទេ ដោយសារតែ​បញ្ហា​ដែល​ត្រូវធ្វើ​កំណែទម្រង់​នោះ​មាន​ច្រើនពេក ឯ​លទ្ធភាព​របស់​បក្ស​ទាំងពីរ​មាន​ដែន​កំណត់។ អ្វីដែល​សម្រេចបាន​លេចធ្លោ​ជាងគេ​នោះ គឺជា​អ្វីដែល​ទាក់ទង​ផ្ទាល់​នឹង​ផលប្រយោជន៍​របស់​បក្ស​ទាំងពីរ​តែប៉ុណ្ណោះ។ លើសពីនេះ​ទៀត អ្វីមួយ​ដែល​គេ​ចាត់ទុកថា​បាន​ដើរ​ថយក្រោយ ឬ​កាន់តែ​អាក្រក់​ជាង​មុន​នោះ ការ​រឹតបណ្ដឹង​មិនឱ្យ​សង្គម​ស៊ីវិល និង​មហាជន​រិះគន់​បក្សនយោបាយ ឬ​មន្ត្រី​រៀបចំ​ការបោះឆ្នោត តាមរយៈ​ការដាក់ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់៕ 

    ដោយ សច្ច​វិទូ  


© រក្សាសិទ្ធិដោយ thmeythmey.com