ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន តាំង​អ៊ុយ​ម៉េង​ប្រាប់​ពី​គន្លឹះ​ជោគជ័យ​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ពី Ohio University
10, Mar 2015 , 2:50 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ តាំង អ៊ុយ​ម៉េង អាយុ២៣ឆ្នាំ កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក។ យុវជន​អាយុ២៣ឆ្នាំ​រូបនេះ ទទួលបាន​ឱកាស​សិក្សា​នៅលើ​ទឹកដី​នៃ​មហាអំណាច​ពិភពលោក​ដោយសារតែ​រូបគេ​ជោគជ័យ​ក្នុងការ​ស្នើសុំ​អាហា​រូប​ការណ៍​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​តទៅ​កាន់​សាកលវិទ្យាល័យ Ohio ផ្ទាល់។ តាមរយៈ​សារព័ត៌មានថ្មីៗ អ៊ុយ​ម៉េង បាន​ចែករំលែក​ពី​គន្លឹះ​សំខាន់​ពី​ជោគជ័យ​នៃ​ការទទួលបាន​អាហារូបករណ៍។



ជា​អតីត​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង​អតីត​និស្សិត​អាហារូបករណ៍​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៅ​ឆ្នាំ ២០១២នោះ យុវជន​តាំង អ៊ុយ​ម៉េង អាយុ២៣ឆ្នាំ កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​សិក្សា​អន្តរជាតិ ដោយសារ​លើ​ផ្តោតលើ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ​សហគមន៍​អាស៊ាន​នៅក្នុង​សាកលវិទ្យាល័យ Ohio Universityក្នុង​ឆ្នាំ​សិក្សា២០១៤ ដល់ ២០១៦ ។

ការចូល​ចិត្ត​អាន និង​ស្រាវជ្រាវ គឺជា​ទុន​ដ៏​សំខាន់​ដែល​នាំ​ឲ្យ យុវជន តាំង អ៊ុយ​ម៉េង មានឱកាស​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​នៅ​សហរដ្ឋអាមេរិក និង​មានកំណើត​ជាង២០០ឆ្នាំ។ ការបំពេញ​លក្ខខណ្ឌផ្សេងៗទៅតាម​តម្រូវការ​របស់​សាកលវិទ្យាល័យ មិនមែនជា​រឿង​លំបាក​ឡើយ​សម្រាប់​យុវជន​រូបនេះ ដោយសារតែ​រូបគេ​បាន​ត្រៀមខ្លួន​សម្រាប់​អាហារូបករណ៍​តាំងពី​មិនទាន់​រៀន​ចប់​មហាវិទ្យាល័យ​មកម្ល៉េះ។

កូនប្រុស​ច្បង​ក្នុងចំណោម​កូន៣នាក់​នៃ​គ្រួសារ​អាជីវករ​ក្នុង​រាជធានី​ភ្នំពេញ​រូបនេះ បាន​កត់សម្គាល់ថា៖ «សិស្ស និង​និស្សិត​ភាគច្រើន តែងមាន​បំណង​ចង់បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ បរទេស ប៉ុន្តែ​ពួកគេ​មួយចំនួន  នៅ​មិនទាន់​រកបាន​ព័ត៌មាន​អាហារូបករណ៍​គ្រប់គ្រាន់​នៅ ឡើយ ដូច្នេះ​ពួកគេ​នឹងមិន​អាច​ឱកាស​អាហារូបករណ៍​បាន​នោះទេ»។
អ៊ុយ​ម៉េង ដែលជា​អតីត​សិស្ស​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផងដែរ​នោះ បាន​ចែករំលែក​ពី​គន្លឹះ​ដំបូង​នៃ​ការដាក់​ពាក្យស្នើសុំ​ក្នុង កម្មវិធី អាហារ​រូបករណ៍​ពី​សាកលវិទ្យាល័យ Ohio យ៉ាង​ដូច្នេះ​ថា មុននឹង​ដាក់​អាហារូបករណ៍​បាន ជោគជ័យ​នោះ សិស្ស និង​និស្សិត​ត្រូវ​ប្រមូល​ព័ត៌មាន​ជុំវិញ​អាហារូបករណ៍​ឲ្យ​បានច្បាស់លាស់ ជាមុនសិន។

យុវជន​ឆ្នើម​រូបនេះ បាន​លើក​ជា​សំណួរ​ឡើង​ថា៖«យើង​ត្រូវបាន​សិក្សា​ពី​តម្រូវការ​របស់​អាហារូបករណ៍​ថា តើ​គេ​ចង់បាន​អ្វីខ្លះ?។ យើង​ត្រូវធ្វើ​អ្វីខ្លះ?»។

ចំពោះ​លក្ខខណ្ឌ​ដើម្បី​ទទួលបាន​អាហារូបករណ៍​ពី​កម្មវិធី​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ Ohio នោះ អ៊ុយ​ម៉េង បាន​លើកឡើងថា មាន ៥ចំណុចសំខាន់ៗ ដែល​ក្នុងនោះ​រួមមាន ទីមួយ ពិន្ទុ​មធ្យមភាគ​ប្រចាំឆ្នាំ (GPA) ចាប់ពី ៣.0 ឡើងទៅ និង​ពិន្ទុ​តាម​មុខវិជ្ជា​ពី A B និង​C ទី​ពីរ គឺ លិខិត​អំណះអំណាង​ពី​គ្រឹះស្ថានសិក្សា និង​កន្លែង​ការងារ ទី​បី​គឺ ជីវប្រវត្តិ និង​បទពិសោធន៍​យ៉ា ហោច ណាស់​រយៈពេល ២ឆ្នាំ និង​ទី៥នោះ គឺ ពិន្ទុ​សមត្ថភាព​ភាសា​អង់គ្លេស (TOEFL ៨០ពិន្ទុ​ឡើង ឬ IELT ៦.០ ឡើងទៅ) និង​គោលបំណង​ជាក់លាក់​មួយ​មុន និង​ក្រោយពី​បញ្ចប់​ការសិក្សា។

ក្រៅពី​ការសិក្សា យុវជន អ៊ុយ​ម៉េង ក៏បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​ស្ថាប័ន​មួយចំនួន​ដែរ ក្នុងនោះ​រួមមាន អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា (World Vision Cambodia) និង​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក (Ambassador's Youth Council ) ជាដើម។ ជាង​នេះ ទៀត យុវជន​រូបនេះ ក៏បាន​ចូលរួម​ផ្លាស់ប្តូរ​ការសិក្សា​រយៈពេល មួយឆ្នាំ​កន្លះ​នៅ​សហភាព​អឺរ៉ុប ហុងកុង អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក និង​ថៃ​ផងដែរ។បទពិសោធន៍​ការងារ និង​សមត្ថភាព​ក្នុងការ​សិក្សា​នេះ ក៏​ជា​កត្តា​ដែល​ជំរុញ​ឲ្យ អ៊ុយ​ម៉េង បានទទួល​អាហារូបករណ៍ ទៅ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ Ohio ផងដែរ។

យុវជន​រូបនេះ​និយាយថា ឱកាស​អាហារូបករណ៍​បរទេស​មាន​ច្រើន ដូច្នេះ សិស្ស-និស្សិត ត្រូវមាន​ជំនឿ​ជាក់​លើ​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​និស្សិត​បរទេស​ដទៃទៀត។ លោក​បាន​ណែនាំ​ថា៖«យើង​ត្រូវ​អាន​សៀវភៅ​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​យកគំនិត​ពី​គេ មក​ច្នៃប្រឌិត​ថ្មី​ពិសេស​យើង​ស្រាវជ្រាវ​ឯកសារ​តាម​អ៊ី​ន​ធឺ​ណែ​ត យើង​អាច​ទទួល​ចំណេះដឹង លើ​ពិភពលោក​ទាំងមូល»។

ចំពោះ ការចំណាយ​លើ​ការរស់នៅ​ប្រចាំថ្ងៃ​លើ​ទឹកដី​សហរដ្ឋអាមេរិក​វិញ យុវជន អ៊ុយ​ម៉េង មិន​ជួបប្រទះ​ការលំបាក​ឡើយ ដោយសារ​លោក​ទទួលបាន​អាហារូបករណ៍​សិក្សា។ លោក​ភារកិច្ច​តែមួយគត់​នោះ​គឺ ប្រឹងប្រែង​សិក្សា​រៀនសូត្រ។

លោក​ថា៖«ការសិក្សា​នៅ​អាមេរិក​នេះ ទាមទារ​ឲ្យ​អាន​សៀវភៅ និង​ស្រាវជ្រាវ​ឲ្យ​ច្រើន ដោយសារ​យើង​ត្រូវ​និស្សិត​បរទេស​ដទៃទៀត។ ពេល​ប្រឡងម្តងៗត​យើង​មិនអាច​បើក​មើល បាន​នោះទេ ប្រសិន​បើក​ចម្លង​គំនិត​ពី​គេ​នោះ ខាង​សាលា​នឹង​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ»។

នៅ​ថ្ងៃ​អនាគត បន្ទាប់ពី​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ជំនាញ​សិក្សា​អន្តរជាតិ​នោះ លោក តាំង អ៊ុយ​ម៉េង មានបំណង​យកចំណេះ​មក​បម្រើ​ការងារ​ក្នុង​អង្គការក្រៅរដ្ឋាភិបាល និង​ធ្វើជា សាស្ត្រាចារ្យ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា នៅក្នុង​ប្រទេស​កម្ពុជា​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com