ជាតិ
សិស្ស AII និង​AIS នឹង​រៀបចំ​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ​លើក​ទី៥
10, Mar 2015 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ នា​ថ្ងៃទី១៥ មីនា ខាងមុខនេះ សិស្សានុសិស្ស​ជាង ១០០នាក់ នៃ​វិទ្យាស្ថាន​និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង នឹង​រៀបចំ​នូវ​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ លើក​ទី៥ដើម្បី​រៃអង្គាស​ថវិកា យកទៅ​ទិញ​សម្ភារៈប្រើប្រាស់​ប្រចាំ និង​សម្ភារៈ​សិក្សា​ជូន​ដល់ ប្រជាជន និង​កុមារ​ក្រីក្រ ដែល​កំពុង​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ឆែ ចំរើន អ្នកសម្របសម្រួល​កម្ម​វិធី។



សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (American Intercon Institute) និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង (American Intercon School) នឹង​រៀបចំ​កម្មវិធី​ទេពកោសល្យ​ដើម្បី ជំនួយ​ឧបត្ថម្ភ (Talents For A Cause) លើក​ទី៥ នៅ​ថ្ងៃទី១៥ មីនា ឆ្នាំ២០១៥នេះ។  ពួកគេ បាន​ប្រមូល​ថវិកា​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តន្ត្រី​សប្បុរសធម៌ ការលក់​ម្ហូបអាហារ និង ផលិតផល​អនុស្សាវរីយ៍ផ្សេងៗទៀត។

កម្មវិធី​តន្ត្រី​សប្បុរសធម៌​លើក​ទី៥ ប្រចាំឆ្នាំ២០១៥ នេះ នឹងមាន​ការរៀបចំ​សម្តែង​សិល្បៈ​មួយ ចំនួន រួមមាន ការបង្ហាញ​ក្បាច់​រាំ​សម័យ ចម្រៀង ការប្រគំ​តន្ត្រី កំប្លែង និង​ការសម្តែង​ទេព កោសល្យ​វេទមន្ត ជាដើម។

កម្មវិធី​ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC)នោះ ត្រូវបាន​លោក ឆែ ចំរើន អ្នកសម្របសម្រួល​កម្ម​វិធី TFAC ប្រាប់​ឲ្យ​ដឹងថា   កម្មវិធី​នេះ មាន​គោលបំណង​ជួយ​បណ្តុះ​គំនិត​យុវជន​ឲ្យ​យល់​ពី​សង្គម តាមរយៈ ការងារ​ស្ម័គ្រចិត្ត និង​ការងារ​ជា​ក្រុម។ សំខាន់​ជាងនេះទៀត លោក​បាន​បន្ថែមថា កម្មវិធី​នេះ​ក៏​នឹង​ជួយ​រៃ​អង្កា​ស​ថវិកា តាមរយៈ​ការលក់​សំបុត្រ​ចូល​រួ​កម្សាន្ត​រីករាយ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ និង​កុមារ ដែល​កំពុង​ជួបប្រទះ​ភាពខ្វះខាត​ក្នុងការ សិក្សា និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។

លោក​និយាយថា៖«ឆ្នាំនេះ យើង​នឹង​ប្រមូល​ថវិកា​ដែល​ទទួល​ពី​ការលក់​សំបុត្រ ដើម្បី​យកទៅ ជួយ​ប្រជាជន​ក្រីក្រ ពិសេស​នោះ​គឺ ជំរុញ​ការសិក្សា​ដល់​កុមារ​ក្រីក្រ​ក្នុង​ខេត្តកំពង់ស្ពឺ»។
គួររម្លឹកថា កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ (Talents For A Cause)នេះ ត្រូវបាន រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០១០ រហូតដល់ បច្ចុប្បន្ននេះ។ ជា​រៀងរាល់ឆ្នាំ កម្មវិធី​សប្បុរសធម៌​នេះ​ប្រមូល​ថវិកា​មិនតិចជាង ៤ពាន់​ដុល្លារ​អាមេរិក​នោះទេ ដើម្បី​ជួយ គ្រួសារ​កុមារ​ក្រី​ក្រី នៅតាម​តំបន់​ក្នុង​ខេត្ត​មួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និង​រាជធានី​ភ្នំពេញ៕

លោកអ្នក​អាច​រក​ជាវ​សំបុត្រ ចូលរួមចំណែក​ក្នុង​កម្មវិធី​សប្បុរសធម៌ ដោយ​ទំនាក់ទំនង​ផ្ទាល់ ជាមួយ លោក ឆែ ចំរើន អ្នកសម្របសម្រួល​កម្ម​វិធី TFAC តាមរយៈ ទូរស័ព្ទ​លេខ ០៨៩ ៦៣៥ ៥៨០ និង ០១០ ៨០៣ ៥៥១ ៕


© រក្សាសិទ្ធិដោយ thmeythmey.com