ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថា​គណៈរដ្ឋមន្ត្រី​របស់​លោក​មិនធំ​ទេ
10, Mar 2015 , 4:38 pm        
រូបភាព
ដោយ:


នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១០មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ទំហំ​នៃ​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​មិនធំ ដូច​ការរិះគន់​នោះឡើយ។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាងនេះ​នៅ​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល។


មានសំឡេង



ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានធ្វើ​អត្ថាធិប្បាយ​ដ៏​កម្រ​មួយ​អំពី​ទំហំ​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក។ នៅ​ចំពោះមុខ​មន្ត្រីរដ្ឋបាលរ​បស់​រដ្ឋ​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញថា គណៈរដ្ឋមន្ត្រី​របស់លោក​ធំ​ប៉ោង។ នោះ គឺ​ដោយសារតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​សរសេរ​ចែង​ហៅ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ដែល​គ្របដណ្តប់​ពី​នាយករដ្ឋមន្ត្រី រហូតដល់​រដ្ឋលេខាធិកា​រ។ ក៏ប៉ុន្តែ សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល រដ្ឋលេខាធិការ​នៅតាម​ក្រសួង​សព្វថ្ងៃ មិនមាន​ការទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​ចំពោះ​រដ្ឋសភា​នោះទេ។ ដូច្នេះ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី​ពិតប្រាកដ គឺមាន​ត្រឹមតែ​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី។
ដើម្បី​បន្ថយ​រូបភាព​ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញថា គណៈរដ្ឋមន្ត្រី​មាន​ទំហំ​ធំ​ដោយសារ​តែមាន​ចំនួន​រដ្ឋលេខាធិការ​នោះ លោក ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ធ្លាប់​មានបំណង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី ដកចេញ​នូវ​មុខតំណែង​រដ្ឋលេខា​ធិ​ការ​ពី​កញ្ចប់​គណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ពិតជា​ធ្លាប់​និយាយ​លើកឡើង​អំពី​ទំហំ​គណៈរដ្ឋមន្ត្រី​មែន​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កន្លងមក។

លោក ផៃ ស៊ី​ផាន បាន​ពន្យល់​បន្ថែម​អំពី​នីតិវិធី​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹងថា អ្នក​ដែលមាន​សិទ្ធិ​ជជែក​ពិភាក្សា និង​សម្រេច​កិច្ចការ​នានា​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី គឺ​ក្រុមមន្ត្រី​ជាន់ខ្ពស់​ដែល​អង្គុយ​ជួរមុខ​ស្មើ​លោកនាយក​រដ្ឋមន្ត្រី អម​ជុំវិញ​តុ​ប្រជុំ ដែល​រួមមាន​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ។ ហើយ​ថា ក្រុមមន្ត្រី​ជាន់ខ្ពស់​ទាំង​នេះ មាន​ជាង៣០រូប។ ដូច្នេះ​អ្នកនាំពាក្យ និង​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ ក៏​យល់​ស្របតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដែលថា​គណៈរដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​មិនធំ​នោះ។

ជា​រៀងរាល់​អាណត្តិ​រដ្ឋាភិបាល សង្គម​ស៊ីវិល អ្នកវិភាគ​នានា និង​គណបក្សប្រឆាំង​ផង តែងតែ​រិះគន់​ទំហំ​គណៈរដ្ឋមន្ត្រី និង​ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​ដែលមាន​ខ្លួន​សំពីងសំពោង​ខ្លាំង​ជ្រុល ហើយ​និង​ស្រូបយក​ថវិកាជាតិ​យ៉ាង​សម្បើម។ តាមពិត​ក្រុម​អ្នកសង្កេតការណ៍​រិះគន់​ត្រឹម​ទំហំ​គណៈរដ្ឋមន្ត្រី​នោះឡើយ តែ​ជា​ទំហំ​សមាជិក​រដ្ឋាភិបាល និង​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង​ដែលមាន​ចំនួន​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខា​រាប់មិនអស់។

លោក ផៃ ស៊ី​ផាន បានទទួល​ស្គាល់​ចំនុច​នេះ ហើយ​លោក​ពន្យល់ថា នេះ​គឺ​ដោយសារតែ​បរិបទ​នៃ​ស្ថានការណ៍​របស់​កម្ពុជា​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ស្ថិរភាព​នយោបាយ។ ប៉ុន្តែ​លោក​អះអាងថា ចាប់ពី​អាណត្តិ​ក្រោយនេះ​ទៅ ស្ថានភាព​ដដែល​នេះ​ទំនងជា​មិនអាច​កើតមានឡើង​ទៀតឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com