ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ទាមទា​ឲ្យ​លោក ឡេង ប៉េងឡុង បង្ហាញ​របាយការណ៍​ចំណាយ​ក្នុង​សភា
10, Mar 2015 , 7:00 pm        
រូបភាព

 
អនុប្រធាន​គណកម្មាកា​រ​ទី២ នៃ​រដ្ឋសភា លោក សុន ឆ័យ ទាមទា​ឲ្យ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា បង្ហាញ​របាយការណ៍​ចំណាយ​ឲ្យ​បានច្បាស់លាស់​នៅក្នុង​រដ្ឋសភា ។ ការទាមទា​នេះ​ធ្វើឡើង បន្ទាប់ពី​លោក សុន ឆ័យ យល់ឃើញថា ការចំណាយ​របស់​រដ្ឋ​សភា​កាលពី​ឆ្នាំ២០១៤កន្លងមក អស់​ចំនួន​ជាង១១លាន​ដុល្លារ មាន​ភាពមិនប្រក្រតី និង​ភាព​ខ្ជះខ្ជាយ​ធ្វើ​ឲ្យ​បាត់បង់​ថវិការ​ជាតិ ឥតប្រយោជន៍។



« តម្លៃ​សម្ភារ​ដែល​ត្រូវ​ទិញ មក​ផ្គត់ផ្គង់​នៅ​សភា​នេះ​មានតម្លៃ​ហួសហេតុ និង​គ្មាន​និតិ​វិធី​ដេញថ្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ភាសា​ច្បាប់​លទ្ធកម្ម​សាធារណៈ​នោះ អត់​បាន​បំពេញ » ។ នេះ​ជាការ​អះអាង​របស់លោក សុន ឆ័យ អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១០ មីនា នៅ​វិមាន​រដ្ឋសភា។ បើតាម​លោក សុន ឆ័យ រដ្ឋសភា​បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន​ជាង ១១លាន ទៅលើ​ការងារផ្សេងៗ ដែល​ការចំណាយ​នេះ គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នៅក្នុង​រដ្ឋសភា និង​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​បាត់បង់​ថវិការ​ជាតិ ឥតប្រយោជន៍។

អនុប្រធាន​គណៈកម្មាកា​រ​ទី២រូបនេះ​អត្ថាធិប្បាយ​ដូច្នេះ​ថា ៖ «ការបាត់​លុយ​នៅក្នុង​រដ្ឋសភា មាន​ប្រភព​ធំ​ចំនួន២ ទី១ ការចាយវាយ​ពាក់ព័ន្ធ ទៅនឹង​សេវាកម្ម ដែលមាន​ទឹកប្រាក់​ប្រហែលជា ១១ ទៅ១២លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ សេវាកម្ម​នេះ​ប្រើប្រាស់ ឃើញថា​ចាយ វាយ​ខ្ជះខ្ជាយ​មែនទែន ១១លាន​កន្លះ  អត់​មាន​អ្នកត្រួតពិនិត្យ​ទេ និង​ទី២ការចំណាយ​ទៅលើ​ការសាងសង់ និង​ទិញ​សម្ភារផ្សេងៗ ដោយ​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ »។

ដោយឡែក​នៅក្នុង​ឆ្នាំ២០១៥នេះ រដ្ឋសភា​មាន​សេចក្ដីព្រាង​គម្រោង​ចំណាយ រួមមាន ដង​ទង​ជាតិ​ថ្មី តម្លៃ៣៥០០០ ដុល្លារ ចំនួន២ដើម ។ កៅស៊ូ​ការពារ​ជ្រាប​ទឹក២.៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (៩,៦៩២,៤ម៉ែត្រការ៉េ ក្នុង​សភា) ។ ឧបករណ៍​ការពារ​រ​ន្ទះ​តម្លៃ ១២.០០០ ដុល្លារ (ចំនួន៤គ្រឿង)  ម៉ាស៊ីន​អ៊ិ​ច​រ៉េ និងរ​ថយ​ន្ថ​សម្រាប់​ថ្នាក់ដឹកនាំ​មានតម្លៃ​ថ្លៃ​ជាដើម ។

ជុំវិញ​ការចំណាយ​នេះ​លោក សុន ឆ័យ បាន​បញ្ជាក់ថា សេចក្ដីព្រាង​គម្រោង​ចំណាយ​នេះ ហាក់ដូច​ជាមាន​ភាពមិន​ប្រក្រតី ។ ហើយ​លោក​យល់ថា សម្ភារ​ដែល​ត្រូវ​ទិញ​នេះ​មានតម្លៃ​ខ្ពស់ ដែល​តម្រូវ​ឲ្យ​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បង្ហាញ​ពី​ការដេញថ្លៃ​ឲ្យ​បាន​ច្បាស់ ចៀសវាង​ការចំណាយ​ខ្ជះខ្ជាយ ។ អនុប្រធាន​គណៈកម្មាកា​រ​ទី២រូបនេះ​ពន្យល់ថា ៖  គ្រាន់តែ​យើង​បញ្ជាក់ថា សមាជិក​គណៈកម្មាការ​ទី២ ចំនួន២រូប​បាន​ចូលទៅ​អង្កេត​ការដេញថ្លៃ​ដងទង់​ជាតិ​កាលពី​ថ្ងៃមុន​ឃើញថា​មាន​ភាពមិនប្រក្រតី ។ ហើយ​យើង​សូម​ឲ្យ​លោក​ឡេង ប៉េងឡុង​រាយការណ៍​មក សម្រេច​ឲ្យ​ក្រុមហ៊ុន​ណា តម្លៃ​ប៉ុនណា​មែនទែន ដើម្បី​យក​ឯកសារ​នេះ​ពិនិត្យ​បន្ថែមទៀត ។ ដូចជា​ការទិញ​ម៉ាស៊ីនថតចម្លង​តម្លៃ៣៥០០០ដុល្លារ ឲ្យ​គាត់​បង្ហាញ​មក​ថា​ក្រុមហ៊ុន​ឈ្មោះ​អ្វី ម៉ាក​អ្វី ដើម្បី​យកទៅ​ឆែក​មើល តើ​តម្លៃ​ទីផ្សារ​ពិតជា​តម្លៃ​ប៉ុណ្ណឹង​មែន​អត់ ?»។

លោក សុន ឆ័យ បាន​ឲ្យ​ដឹងថា ថវិកា​នៅក្នុង​រដ្ឋសភា នៅក្នុង​ឆ្នាំ២០១៥នេះ មានការ​កើនឡើង រហូត​ជិត ៤០លាន​ដុល្លារ ហើយ​ប្រាក់​ទាំងអស់នេះ មិនបាន​ប្រើប្រាស់​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ឡើយ ។ ហើយ​លោក​សុន ឆ័យ ក៏​ស្នើ​ឲ្យ​អគ្គលេខាធិការ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង ផ្ដល់​របាយការណ៍​ចំណាយ​ដល់​គណៈកម្មាការ​ទី២ ដើម្បី​ត្រួតពិនិត្យ​ចៀសវាង​កុំ​ឲ្យ​បាត់បង់​ថវិការ ដោយ​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​បុគ្គល។ តែ​យ៉ាងណា​ឯកសារ​របាយការណ៍​ចំណាយផ្សេងៗទាំងនោះ អគ្គលេខាធិការ​នៃ​រដ្ឋសភា លោក ឡេង ប៉េងឡុង មិនបាន​ប្រគល់ជូន​លោក សុន ឆ័យ​នោះទេ ដោយ​រងចាំ​ការអនុញ្ញាត​ពី​ប្រធានរដ្ឋសភា​ជាមុនសិន ៕



© រក្សាសិទ្ធិដោយ thmeythmey.com