ជាតិ
រដ្ឋាភិបាល​ចំណាយ​ប្រមាណ២លាន​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ
10, Mar 2015 , 8:15 pm        
រូបភាព

 
មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៤ម៉ឺន​រៀល ឬ១០ដុល្លារ​ក្នុង​ម្នាក់ នៅក្នុង​ឱកាស​បុណ្យ​ចុ​ល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ។  ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ នឹងត្រូវ​ផ្តល់ជូន​មន្ត្រី រាជការ​ទាំងអស់​ដែលមាន​ប្រមាណ​ពី២សែន​ទៅ២សែន៥ម៉ឺន​នាក់។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក សុន ឆ័យ អនុប្រធាន​គណៈកម្មកា​រ​ទី២នៃ​រដ្ឋសភា ទទួលបន្ទុក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។


ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​អង្គារ​នេះ លោក សុន ឆ័យ ហាក់​មិនសូវ​គាំទ្រ នឹង​គោលការណ៍​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​ប៉ុន្មាន​ទេ។ លោក​ថា៖«ប្រាក់ឧបត្ថម្ភ​នេះ អាចជួយ​លើកស្ទួយ​ជីវភាព​មន្ត្រីរាជការ បានតែ១ឬ២ថ្ងៃ​ប៉ុណ្ណោះ មិនមែនជា​ដំណោះស្រាយ​ដែល​ល្អ​សម្រាប់​លើកស្ទួយ​ជីវភាព​របស់​មន្ត្រីរាជកា​រ​ឡើយ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ សង្កត់ធ្ងន់ថា៖«រដ្ឋាភិបាល​គួរ​មាន​យន្ត​ការណ៍ ឬ​គោលការណ៍​ដែល​ប្រសើរ​ជាង​នេះ ពោលគឺ​ការ​តម្លើង​ប្រាក់បៀវត្ស​ឲ្យ​បាន​សមរម្យ​ទៅ​ទេ ទើប​ជាការ​ចង់បាន​ពិតប្រាកដ​របស់​មន្ត្រីរាជកា​រ និង​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគាត់ ទ្រទ្រង់​ជីវភាព​គ្រួសារ​រយៈពេល​យូរ»។

អនុប្រធាន​គណៈកម្មកា​រ​ទី២នៃ​រដ្ឋសភា បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ការ​តម្លើង​បៀវត្ស​ជូន​ដល់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នឹង​អាច​ប្រព្រឹត្តទៅបាន​ឆាប់រហ័ស ប្រសិនបើ​ការប្រមូល​ថវិកាជាតិ​បាន​ត្រឹមត្រូវ»។ លោក​ថា៖«រដ្ឋាភិបាល​អាចមាន​លទ្ធភាព​ប្រមូលបាន​ចំណូល​ជាតិប្រមាណ​ពី៨០០ទៅ១,០០០លាន​ដុល្លារ​បន្ថែមទៀត ពី​វិស័យ​មួយចំនួន​ដូចជា កាស៊ីណូ សម្បទាន​ដី វិស័យ​ទេសចរណ៍ ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ការផ្តល់សេវាផ្សេងៗ ការជួល​ដី ឬ​អគារ​របស់​រដ្ឋ និង​ការប្រមូល​ពន្ធដារ និង​ពន្ធគយ​ជាដើម»។

មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ រួមមាន​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត​ដែល​កំពុង​បម្រើ​ការងារ​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ និវត្តជន ជន​ដែល​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន៤ម៉ឺន​រៀល​ក្នុង​ម្នាក់ នៅក្នុង​ឱកាស​បុណ្យ​ចុ​ល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ៕





© រក្សាសិទ្ធិដោយ thmeythmey.com