ជាតិ
កម្ពុជា​រៀបចំ​មហោស្រព​ជាតិ​លើក​ទី១ស្តីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម
11, Mar 2015 , 8:30 am        
រូបភាព
មហោស្រព​ជាតិ​លើក​ទី១ ស្តីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១២-១៤ ខែមីនា​ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ មហោស្រព​នេះ ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​អង្គការ​មូលនិធិ​មនុស្សធម៌​ហ្គោ​ដិ​ន​វិ​ស​ត៍ ស្ថាប័ន និង​ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក​មួយចំនួន។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។



មហោស្រព​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ជំរុញ​ឲ្យ​សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ បុគ្គលិក និង​ស្ថាប័ន​ពាក់ព័ន្ធ យកចិត្តទុកដាក់​លើ​ការសិក្សា ការបណ្តុះបណ្តាល អាជីព វិជ្ជាជីវៈ និង​ការស្រាវជ្រាវ​លើ​មុខជំនាញ​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​មុខវិជ្ជា​ដែលមាន​សក្តានុពល សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឧស្សាហកម្ម កសិឧស្សាហកម្ម​ជាដើម។

បើតាម​សេចក្តីជូនដំណឹង​ដដែល នៅក្នុង​មហោស្រព​ជាតិ​លើក​ទី១នេះ មានការ​តាំងពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម សិក្ខាសាលា ការប្រកួតប្រជែង​គណិត​វិទ្យា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ជាដើម។ សាធារណជន អាច​ចូលរួម​ទស្សនា​ដោយ​សេរី និង​ឥតគិតថ្លៃ ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច៕



© រក្សាសិទ្ធិដោយ thmeythmey.com