ជាតិ
លោក ស៊ីន ស៊ី​សាមុត និពន្ធ​បទ​ឧ​ត្ត​ម​ដួងចិត្ត លួង​ចិត្ត​ប្រពន្ធ
11, Mar 2015 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
ប្រិយមិត្ត​អ្នក​ស្តាប់​ជាទី​មេត្រី​នៅ​ថ្ងៃ​ពុធ​នេះ លោក សុខឿន​នឹង​ជម្រាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​បទ​ចម្រៀង​ជា​ភាសា​ថៃ​មួយ​បទ​ដែលមាន​ចំណងជើង​ថា"กลับมาเถิดทูนหัว" (ក្លា​ប់​ម៉ា​ថឺ​ត​ធូ​ន​ហ៊ួ = វិល​វិញ​មក​បណ្តូលចិត្ត) និង បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា"ឧ​ត្ត​ម​ដួងចិត្ត"របស់លោក ស៊ីន ស៊ី​សាមុត។


មានសំឡេង



    បទ​ចម្រៀង​ដែល​ប្រិយមិត្ត​កំពុង​ស្តាប់​នៅពេលនេះ​មាន​ចំណងជើង​ថា กลับมาเถิดทูนหัว (ក្លា​ប់​ម៉ា​ថឺ​ត​ធូ​ន​ហ៊ួ)  ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «វិល​វិញ​មក​បណ្តូលចិត្ត»។ បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​អ្នកចម្រៀង​ដ៏​ល្បី​របស់​ថៃ ឈ្មោះ សម​យ៉ុ​ត ថា​សនៈ​ផាន់។ លោក សម​យ៉ុ​ត ថា​សនៈ​ផាន់ បាន​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង ហើយ​បន្ទាប់មក​បាន​ថត​បទ ចម្រៀង​នេះ​ជា​អាល់​ប៊ុ​ម និង​បានចេញ​លក់​នៅ​ចន្លោះ​ឆ្នាំ ១៩៥២ និង ៥៣ ។ បទ​ចម្រៀង នេះ​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​នា​សម័យ​នោះ។

    បទ กลับมาเถิดทูนหัว (ក្លា​ប់​ម៉ា​ថឺ​ត​ធូ​ន​ហ៊ួ)  ឬ វិល​វិញ​មក​បណ្តូលចិត្ត  ច្រៀង​រៀបរាប់ អំពី​ទុក្ខសោក​របស់​បុរស​ជា​ប្តី និង​កូនតូច ដែល​ត្រូវ​ប្រពន្ធ និង​ម្តាយ​បោះបង់ចោល ហើយ​ទៅ​ស្រវា​ស្នេហា​ថ្មី។ ទារក​ដែល​នៅ​តូច​នៅឡើយ បាន​ស្រែកយំ​រក​ម្តាយ ពេល​វា​ឃ្លាន​បៅ។ ប៉ុន្តែ​ទោះយ៉ាងណា បុរស​ជា​ប្តី​នៅតែ​អភ័យទោស​អោយ​ប្រពន្ធ​ជានិច្ច ប្រសិនបើ នាង​ត្រឡប់មកវិញ។

    នៅ​កម្ពុជា លោក​ស៊ីន ស៊ី​សាមុត បាន​និពន្ធ​ទំនុកច្រៀង​ថ្មី ដោយ​យក​លំនាំ តាម​បទ​ចម្រៀង กลับมาเถิดทูนหัว របស់លោក​សម​យ៉ុ​ត ថា​សនៈ​ផាន់។ បទ​នោះ​មាន​ចំណងជើង​ថា ឧ​ត្ត​ម​ដួងចិត្ត។

    ទាក់ទង​នឹង​បទ​ចម្រៀង ឧ​ត្ត​ម​ដួងចិត្ត នេះ  ឯកសា​របស់​សមាគម​ស៊ីន ស៊ី​សាមុត បានសរសេរថា នៅពេល​លោកស្រី ខាវ ថង​ញ៉ុ​ត ជា​ភរិយា​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​កូន​ដំបូង លោក ស៊ីន ស៊ី​សាមុត មាន​សេចក្តី​បារម្ភ​ជាខ្លាំង  ព្រោះ​ភរិយា​ត្រូវ​ទៅ​សម្រាលកូន​ឆ្ងាយ​ពី​ប្តី ឯ​ខេត្តស្ទឹងត្រែង។ ដើម្បី​លួង​ចិត្ត​ប្រពន្ធ និង ស្តាប់​ពេល​អាំងភ្លើង​កុំអោយ​ក្តៅ​ខ្នង  ទើប​លោក​សន្យា​នឹង​ភរិយា​ថា​នឹង​តែង​បទ ចម្រៀង១បទ​អោយ​នាង​ស្តាប់។ ដូច្នេះហើយ នៅ​ឆ្នាំ១៩៥៦ បទ​ចម្រៀង​ឧ​ត្ត​ម​ដួងចិត្ត​របស់លោក ស៊ីន ស៊ី​សាមុត បាន​បន្លឺសំឡេង​តាម​រលកអាកាស​របស់​វិទ្យុជាតិ​កម្ពុជា ជូន​ភរិយា​របស់គាត់​មែន។

    នៅ​ប្រទេស​ថៃ​ឯណោះ​វិញ បទ ឧ​ត្ត​ម​ដួងចិត្ត របស់លោក ស៊ីន ស៊ី​សាមុត បានទទួល​ការ ពេញនិយម និង​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន ថា​លោក​ច្រៀង​ពិ​រោះ​ជា​ម្ចាស់​ដើម​ទៅទៀត  សូម្បីតែ​ក្នុងចំណោម​សិល្បករ និង ព្រះមហាក្សត្រ​ថៃ។  ដើម្បី​បំពេញតម្រូវការ​ទីផ្សារ បទ​ចម្រៀង ឧ​ត្ត​ម​ដួងចិត្ត ត្រូវបាន​ថត​ឡើងវិញ​នៅ​ឆ្នាំ ១៩៧០ ដោយមាន​ការសម្រួល​ត​ន្ត្រី​របស់លោក មែ ប៊ុន។ បទ​ចម្រៀង ឧ​ត្ត​ម​ដួងចិត្ត ក៏​ត្រូវបាន​អ្នកចម្រៀង សូ សាវឿន យក​ទៅជា​ច្រៀង​សាជាថ្មី​ផងដែរ។

    បច្ចុប្បន្ននេះ  បទ​ចម្រៀង กลับมาเถิดทูนหัว (ក្លា​ប់​ម៉ា​ថឺ​ត​ធូ​ន​ហ៊ួ)  ឬ វិល​វិញ​មក​បណ្តូលចិត្ត  របស់លោក សម​យ៉ុ​ត ថា​សនៈ​ផាន់  ស្ទើរ​លែងមាន​អ្នក​ស្តាប់ និង ដាក់លក់​នៅលើ​ទីផ្សារ​ទៅហើយ។ ប៉ុន្តែ​ទោះយ៉ាងណា សិល្បការិនី​ថៃ​ម្នាក់ ឈ្មោះ រុង​ប្ញ​ឌី ភែ​ង​ផសៃ បានចេញ​លក់​នូវ​បទ​ចម្រៀង​ដែល​ស្រដៀង​គ្នា​នេះ ដោយ​និពន្ធ​ទំនុកច្រៀង​ថ្មី​ឆ្លើយតប​ទៅនឹង​បទ​ចាស់​របស់ លោក​សម​យ៉ុ​ត ថា​សនៈ​ផាន់។

    ជិត៦០ឆ្នាំ​ហើយ ដែល​បទ «ឧ​ត្ត​ម​ដួងចិត្ត» របស់លោក ស៊ីន ស៊ី​សាមុត បាននិងកំពុង​បម្រើ អារម្មណ៍​អ្នក​ស្តាប់​ខ្មែរ គ្រប់​ស្រទាប់វណ្ណៈ។ ដោយ​រលក​សំឡេង​គ្មាន​គូរ​ប្រៀប និង អក្ខរា ដែល​ពោរពេញ​ទៅដោយ​មន្ត​ស្នេហ៍​នេះ យើង​សង្ឃឹមថា បទ​ចម្រៀង ឧ​ត្ត​ម​ដួងចិត្ត នេះ នឹង​នៅតែ​ទទួលបាន​ការ​កោត​ស​សើរ និង ពេញចិត្ត​ពី​អ្នក​ស្តាប់​ខ្មែរ​ជា​រៀងរហូត​ទៅ។ 

 


© រក្សាសិទ្ធិដោយ thmeythmey.com