ជាតិ
សេដ្ឋកិច្ច
ADB៖ ចំណូល​ប្រចាំឆ្នាំ​ពលរដ្ឋ​កម្ពុជា​កើន​រហូតដល់ ១១២១ ដុល្លារ​អាមេរិក​នៅឆ្នាំ២០១៤
11, Mar 2015 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
នា​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា លោក Takenhiko Nakao ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​វាយតម្លៃ​ខ្ពស់​ពី​ការរីកចម្រើន​ទៅមុខ​នៃ​សេដ្ឋកិច្ចកម្ពុជា។ ក្រោយ​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១០ ខែមីនា លោក Takenhiko Nakao បានប្រកាស​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ បើតាមលោកប្រធាន ADB ​ចំណូល​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​កើន​រហូតដល់ ១១២១ ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៤  ។



ការសម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧ភាគរយ​កាលពី​ឆ្នាំ២០១៤របស់​រដ្ឋាភិបាល​កម្ពុ​ជា​ទទួលបាន​នូវ​ការ​សាទរ​ពី​សំណាក់​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ លោក Takehiko Nakao បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា សេដ្ឋកិច្ចកម្ពុជា​អាច​រក្សា​កំណើន​ប្រមាណ៧ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​មធ្យម។ លោក​បាន​លើកឡើងថា កំណើនសេដ្ឋកិច្ច​នេះ ធ្វើ​ឲ្យ​ចំណូល​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​កើន​រហូតដល់ ១១២១ ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៤ ។ ការធ្លាក់ចុះ​នៃ​អត្រា​ភាពក្រីក្រ និង​ការរក្សាបាន​នូវ​អតិផរណា​ជា​មធ្យម ក៏​ទទួលបាន​នូវ​ការស្វាគមន៍​ផងដែរ​ពី​សំណាក់​ប្រធាន ADB។

សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្នាំ២០១៥-២០១៧ ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ៦៤៥លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដែល​ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន​ពី ADB ចំនួន៥៣៥លាន ដុល្លារ​អាមេរិក និង ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​ដែល​ផ្តល់​តាមរយៈ ADB មាន​ប្រមាណ១១០លាន​ដុល្លារ​អាមេរិក ។

ជាមួយគ្នានេះ ADB ក៏​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​លើ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ក្នុង​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ១២,២៤លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ផងដែរ។ លោក អូន ព័ន្ធមុនីរ័ត្ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង ADB ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

 បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩២មក ADB បានផ្តល់​កម្ចីសម្បទាន ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ចំនួន ២,១១ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com