ជាតិ
ជន​ដែល​បាញ់៣៣គ្រាប់​គំរាម​មន្ត្រី​ប៉ូលីស​ចរាចរ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ
11, Mar 2015 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ជនសង្ស័យ​បាញ់​គំរាម​ប៉ូលីស​ចរាចរណ៍​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ជាង ៣០គ្រាប់ កាលពី​ថ្ងៃទី២៨ កុម្ភៈ​នោះ ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចោទ​ពីបទ​ប្រើប្រាស់ អាវុធ​ខុសច្បាប់​រួច បញ្ជូនទៅ​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី១០ មីនា​ម្សិលមិញ បន្ទាប់​នគរបាល​ខេត្តកំពង់ស្ពឺ នាំខ្លួន​ពី​ភ្នំពេញ​ក្រោយ​ជននេះ​សារភាព។ នេះ​បើតាម​ការបញ្ជាក់ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​ព្រះរាជអាជ្ញា កែវ សុធា ។


លោក​ព្រះរាជអាជ្ញា កែវ សុធា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជនសង្ស័យ​បាន​ចូលខ្លួន​បំភ្លឺ​និង​សារភាព​កំហុស​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រួច ស​មត្ថកិ​ច្ច​បាន​​បញ្ជូន​​ខ្លួន​មក​កាន់ ដែនដី​សមត្ថកិច្ច​នៃ​បទល្មើស។

បន្ទាប់​បញ្ចប់​កាល​សាកសួរ នៅ​ថ្ងៃទី១០ ម្សិលមិញ​នេះ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​កាំភ្លើង​គំរាម​ប៉ូលីស​ជាង ៣០គ្រាប់ ដោយសារតែ​រឿង​ផាកពិន័យ​រថយន្ត​បើក​លើស​ល្បឿន​កំណត់​នោះ ត្រូវបាន​អយ្យការ​ចោទប្រកាន់ និង​ដាក់​ក្នុង​ឃុំ​បណ្តោះអាសន្ន។

លោក​ព្រះ​រាជ​អាជ្ញាប្រា​ប់​​ថា៖«ជន​ខាងលើ​ត្រូវ​ចោទ​តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​អាវុធ។ គាត់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ហើយ»។

គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ មាត្រា ២០ បាន​ចែងថា ជន​ណា​ដែល​បំពាក់​ដាក់ខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ​តម្លើង ជួសជុល នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (ប្រាំមួយ)ខែ ដល់ ២ (ពីរ)ឆ្នាំ និង​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥០០.០០០ (ហាសិប​ម៉ឺន​រៀល) ដល់ ២.០០០.០០០ (ពីរលាន​រៀល) ដោយ​ពុំទាន់​គិតពី​បទល្មើស ព្រហ្មទណ្ឌ​ផ្សេងទៀត។

យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ជនសង្ស័យ​ឈ្មោះ ជឹ​ង​ស៊ី​ណាត ជា​ម្ចាស់​រថយន្ត​ម៉ាក់​មែក​សឺ​ដេ​សព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-2229 បាន​បាញ់​ចំនួន ៣៣គ្រាប់ គំរាម​នគរបាល​ចរាច​រណ៍ ព្រោះ​ផាកពិន័យ​បើកបរ​លើស​ល្បឿន​កំណត់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ៕



© រក្សាសិទ្ធិដោយ thmeythmey.com