ជាតិ
លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​សន្និសីទ​ពិភពលោក​លើក​ទី៣នៅ​ជប៉ុន៥ថ្ងៃ
11, Mar 2015 , 12:25 pm        
រូបភាព

 
លោក ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​សន្និសីទ​ពិភពលោក​លើក​ទី៣ នៃ​អង្គការ​សហ​ប្រជា​តិ ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល៥ថ្ងៃ ពីថ្ងៃ​ទី១៤ដល់​ថ្ងៃទី១៨ខែមីនា​ខាងមុខ នៅ​ក្រុង​សេន​ដាយ ប្រទេស​ជប៉ុន។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។



សេចក្តី​ជូន​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី១១មីនា បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ​នឹង​ពិនិត្យឡើងវិញ​នូវ​ការ​រី​ចម្រើន«គម្រោង​ហី​យូ​ហ្គោ សម្រាប់​សកម្មភាព២០០៥-២០១៥ ការស្ថាបនា​ឡើងវិញ​ប្រជាជាតិ សហគមន៍​ដែល​ជួបប្រទះ​គ្រោះមហន្តរាយ» និង​គម្រោង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ក្រោយ​ឆ្នាំ២០១៥ ។

បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក្រៅពី​ចូលរួម​សន្និសីទ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូល​បង្គំ​គាល់​ព្រះ​ចៅ​អធិរាជ អាគី​ហី​តូ និង​អធិរាជ​នី មី​ឈី​កូ នៃ​ប្រទេស​ជប៉ុន ព្រមទាំង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com