ជាតិ
ការលក់ដូរ​ចេញពី​ចំណី​ផ្លូវ​នៅមុខ​ប្រាសាទអង្គរវត្ត ត្រូវ​បញ្ឈប់​ជា​កំហិត​ចាប់ពី​ថ្ងៃទី១៥ ខែមីនា
11, Mar 2015 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​អ​ប្សា​រា ហាមឃាត់​ជាដាច់ខាត​នូវ​សកម្មភាព​សាងសង់​សំណង់​ខុសច្បាប់ផ្សេងៗ សម្រាប់​បម្រើរ​ការលក់​ដូរ​ចេញពី​ចំណីផ្លូវ​មុខ​ប្រាសាទ​អង្គរ និង​បញ្ឈប់​ការលក់ដូរ​លើ​ចំណីផ្លូវ​ត្រឹម​ថ្ងៃទី១៥មីនា ជា​កំហិត។



សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី ១០ មីនា បាន​ឲ្យ​ដឹងថា គោលដៅ​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង​សុវត្ថិភាព ស្ថិត​តាម​ដងផ្លូវ​ពីមុខ​ប្រាសាទអង្គរវត្ត ឆ្ពោះទៅ​អាកាសយានដ្ឋាន​ខេត្តសៀមរាប ដើម្បី​ឲ្យ​សក្ដិ​សមជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ជាមួយគ្នានេះ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អ​ប្សា​រា អំពាវនាវ​ឲ្យ​អ្នកលក់ដូរ​តាម​ដងផ្លូវ​ទាំងអស់ ពិសេស​អ្នក​ប្រកប​របរ​លក់ដូរ​គ្រឿង​សំណង់ ដែល​ដាក់លក់​រំលោភ​លើផ្លូវ​សា​ធារ​ណៈ ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​តម្រូវ​ឲ្យ​ដាក់លក់​ឲ្យ​ផុតពី​ដី​ចំណីផ្លូវ​ស្ថិតក្នុង​ដីឡូត៍ ។

ក្នុងករណី​អ្នក​ល្មើស​មិន​គោរព​តាម​សេចក្ដីជូនដំណឹង​នេះ អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ចាត់វិធានការ​រដ្ឋ​បាល រុះរើ​និង​ដកហូត ទៅតាម​ស្ថានភាព​ទីតាំង​ជាក់ស្ដែង និង​ពុំ​ទទួលខុសត្រូវ​ចំពោះ​ការខាតបង់ផ្សេងៗឡើយ ៕



© រក្សាសិទ្ធិដោយ thmeythmey.com