ជាតិ
ពលរដ្ឋ​ក្រុង​ស្ទឹងសែន​មួយចំនួន​តូច មិនទាន់​យល់ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរណ៍
11, Mar 2015 , 3:16 pm        
រូបភាព
ដោយ:

កំពង់ធំ៖ បច្ចុប្បន្ននេះ កង​អន្តរាគមន៍​ចម្រុះ​ក្រុង​ស្ទឹងសែន កំពុង​រឹតបន្តឹង​សណ្តាប់ធ្នាប់ សន្តិសុខ​ក្នុង​ក្រុង។ សមត្ថកិច្ច​ចម្រុះ​ក៏បាន​រឹតបន្តឹង​ការគោរព​ច្បាប់​ចរាចរណ៍​ក្នុង​ក្រុង​ផងដែរ ដោយ​ធ្វើ​សកម្មភាព​ផាកពិន័យ និង​ផ្សព្វផ្សាយ​ច្បាប់​ទៀតផង។ ប្រជាពលរដ្ឋ​មួយចំនួន​តូច ហាក់​មិនទាន់​យល់ដឹង​ច្បាស់ ពី​ការគោរព​ច្បាប់​ចរាចរណ៍​នៅឡើយ។



កងកម្លាំង​អន្តរាគមន៍​ចម្រុះ​មួយ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ បួ ពិសី បាន​ចុះ​ធ្វើ​សកម្មភាព​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ ព្រមទាំង​ផាកពិន័យ​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍។ បើទោះជា​ធ្លាប់​ការផ្សព្វផ្សាយ​អំពី​ការគោរព​ច្បាប់​ចរាចរណ៍​ក៏ដោយ ពលរដ្ឋ​មួយចំនួន​តូច​នៅតែ​បើកបរ​ទោចក្រយានយន្ត​ដោយ​មិន​ដាក់​កញ្ចប់​មើល​ចំហៀង និង​ពាក់​មួយ​សុវត្ថិភាព។

«កន្លងមក នគរបាល​ចរាចរណ៍​យើង បានធ្វើការ​រឹតបន្តឹង​និង​ផាកពិន័យ​ច្រើន​ដែរ​ហើយ ប៉ុន្តែ​នៅតែមាន​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍»។ នេះ​បើ​យោងតាម មន្ត្រី​ចរាចរណ៍​ក្រុង លោក ម៉ា​រ៉ា។ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងសែន​បង្កើន​ការគោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​បើកបរ​របស់​ពួកគេ។ពលរដ្ឋ​ក្រុង​ស្ទឹងសែន​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​ផាកពិន័យ​ពីបទ​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព បាន​ប្រាប់ថា លោក​មិនបាន​ដឹងថា កន្លែង​នេះ​មាន​ផាកពិន័យ​នោះទេ។ ប៉ុន្តែ​ថា​ម្តងនេះ ត្រូវ​ប៉ូលិស​ផាកពិន័យ លោក​ក៏​ត្រូវតែ​យល់ព្រម។ ត្រូវបាន​ប៉ូលិស​ផាក​ហើយ តែ​លោក​មិន​ខឹង​នឹង​ប៉ូលិស​ទេ ប៉ុន្តែ​លោក​យល់ថា​ការផាកពិន័យ នឹងធ្វើ​ឲ្យ​លោក​ភ្ញាក់រលឹក​ពី​ការគោរព​ច្បាប់​ចរាចរណ៍៕




© រក្សាសិទ្ធិដោយ thmeythmey.com