ជាតិ
សង្គមជាតិ
អ្នកភូមិ​ឃុន​រាម​ទទួលបាន​មណ្ឌល​សុខភាព​មួយ​ខ្នង​ជា​ជំនួយ​របស់​ពលរដ្ឋ​ជប៉ុន
13, Mar 2015 , 2:32 pm        
រូបភាព
សៀមរាប៖ មណ្ឌល​សុខភាព ឃុន​រាម ដែលជា​ជំនួយ​របស់​ពលរដ្ឋ​ជប៉ុន តាមរយៈ​អង្គការ ភ្លែ​ន​កម្ពុជា បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​មិនា។ មណ្ឌល​សុខភាព​នេះ បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ និង​ទារក​ជាច្រើន​នៅក្នុង​ភូមិ និង​ជាពិសេស កាត់បន្ថយ​រាល់​ចំណាយ​របស់​ពលរដ្ឋ ដែល​កន្លងមក​ពួកគេ​តែង​ទៅរក​សេវា​ព្យាបាល​នៅ​ឆ្ងាយ​ពី​ភូមិ។



អាគារ​មណ្ឌល​សុខភាព ឃុន​រាម ដែល​សង់​ឡើង​ពី​ថ្ម និង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ មណ្ឌល​សុខភាព ឃុន​រាម ដែលជា​ជំនួយ​សប្បុរសធម៌​រប​ស់​ពលរដ្ឋ​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា អង្គការ​ភ្លែ​ន​ជប៉ុន និង​អង្គការ​ភ្លែ​ន​កម្ពុជា (Plan Cambodia)។ មណ្ឌល​សុខភាព​នេះ មាន​ទីតាំងនៅ​ភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែលមាន​ចំងាយ​ប្រមាណ​ជិត៦០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

នៅ​ភូមិ​ឃុន​រាម មាន​ប្រជាពលរដ្ឋ​ចំនួន ៦៤០០នាក់។ កន្លងមក​ពលរដ្ឋ​ទាំងនោះ ត្រូវ​ចំណាយពេល​ពី​កន្លះ​ម៉ោង ទៅមួយ​ម៉ោង ដើម្បី​ទៅរក​សេវា​សុខភាព​នៅ​ទីរួមស្រុក​បន្ទាយស្រី ឫ​ទី​រួម​ខេត្ត។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុន​រាម បាន​និយាយថា មណ្ឌល​សុខភាព​ថ្មី​នេះ ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ពួកគេ ទាំង​ថវិកា និង​ពេលវេលា។

ពលរដ្ឋ​មួយរូប លោកតា ប៉ែន លាវ បាន​និយាយថា កន្លងមក​គ្រួសារ​របស់លោក តែង​ធ្វើដំណើរ​ទៅ​ទី​រួម​ខេត្តសៀមរាប ដោយ​ប្រើពេល​រហូតដល់​ជាង​មួយ​ម៉ោង។ ចំណែក​អ្នកស្រី ហ៊ុយ ឡៃ នោះ​វិញ​ក៏​មិន​ខុសពី​លោកតា ប៉ែន លាវ ដែរ។ អ្នកស្រី​ថា កន្លងមក​រាល់​ការនាំ​កូន​ថៅ​ទៅ​ព្យាបាល​នៅ​ទី​រួម​ខេត្ត ឫ​ទីរួមស្រុកម្តងៗ អ្នកស្រី​ត្រូវ​ចំនាយ​ថវិកា​ប្រមាណ១០ម៉ឺន​រៀល។ អ្នកស្រី ឡៃ បន្ថែមថា៖« កូនក្មេង​ឈឺ​យប់​ព្រលប់​អី អាច​មករក​មណ្ឌល​សុខភាព​ថ្មី​នេះ​បាន មិនបាច់​ទៅ​ឆ្ងាយ»។

តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មី​ណិ ម៉ូ​រី​យ៉ា​ស៊ូ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​សុខាភិបាល តាមរយៈ​ធនធានមនុស្ស និង​ការកែលម្អ​ស្ថានភាព​មណ្ឌល​សុខភាព​ថែទាំ​វេជ្ជសាស្ត្រ រួមមាន​សាងសង់​មជ្ឍមណ្ឌល​មាតា​ជាតិ និង​កុមារ តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង។ សម្រាប់​មណ្ឌល​សុខភាព ឃុន​រា​នេះ លោក ម៉ូ​រី​យ៉ា​ស៊ូ បាន​បញ្ជាក់ថា វា​មាន​បំពាក់​នូវ​សម្ភារៈ​សុខាភិបាល​រួមមាន មីក្រូ​ទស្សន៍​មួយ និង​គ្រែ​អ្នកជំងឺ​ចំនួន៩ ។

នាយករង​ប្រចាំ​ប្រទេស អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លោក Mr. Andrew Hill បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ឆ្នាំ២០០២ មកហើយ ដែល​អង្គការ​ភ្លែ​ន បានចាប់ផ្តើម​គម្រោង​ជួយ​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ក្នុង​ខេត្តសៀមរាប។ លោក​ថា មណ្ឌល​សុខភាព​ថ្មី​នេះ កើតឡើង​ពី​ការរួមចំណែក​ពី​ភាគី​ជាច្រើន ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុន​រាម​ផង។

គួរ​បញ្ជាក់ថា មណ្ឌល​សុខភាព​ឃុន​រាម សង់​នៅលើ​ដី​ជាប់​ផ្លូវជាតិ ដែលជា​ការបរិច្ចាគរ​បស់​ពលរដ្ឋ​ចំនួន២គ្រួសារ ដែល​ស្ម័គ្រចិត្ត​ប្រគល់​ដី​ផ្ទាល់ខ្លួន​សម្រាប់​សង់​អាគា​រ​មណ្ឌល​សុខភាព​នេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com