ជាតិ
សង្គមជាតិ
លោក ថោង ខុន បកស្រាយ​បញ្ជា​ក់លើ​អត្ថបទ​ទេសចរណ៍​ចុះផ្សាយ​ដោយថ្មីៗ
14, Mar 2015 , 8:00 pm        
រូបភាព


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗបាន​ចុះ​ផ្សារ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា៖«តើ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ច្រើន ឬ​តិច​ពី​វិស័យ​ទេសចរណ៍?»។ អត្ថបទ​នេះ​មាន​វិភាគ​ថា វិស័យ​ទេសចរណ៍​ទទួលបាន​ភ្ញៀវ​ច្រើន​មែន តែ​ប្រាក់ចំណូល​សុទ្ធ​ធ្លាក់​ដល់ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​តិចតួច ពីព្រោះ ថៅកែ​សណ្ឋាគារ​មួយចំនួន​គឺជា​ជនជាតិ​បរទេស។ ចំណុច​ចុង​ក្រោយនេះ ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់​បន្ថែមថា សណ្ឋាគារ​ភាគច្រើន​កាន់​កាន់​ដោយ​ជនជាតិខ្មែរ។



អត្ថបទ​ចុះផ្សាយ​កន្លងមក៖

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស​កើន​ឡើងជា​លំដាប់។

ជាក់ស្តែង កាលពី​ឆ្នាំ២០១៣ កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង៤លាន២សែន​នាក់ ក្នុង​អត្រាកំណើន១៧,៥ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ កន្លងមក។ ក្រសួង
ទេសចរណ៍​បង្ហាញ​តួលេខ​ថា ក្នុង​ឆ្នាំ២០១៤កន្លងមក ភ្ញៀវទេសចរ​បរ​ទស​បាន​កើន​ឡើងដល់៤,៥លាន​នាក់ ហើយ​ក្នុង​ឆ្នាំ២០១៥ខាងមុខ ចំនួន​ភ្ញៀវ​បរទេស​នឹង​កើន​ឡើងដល់៥លាន​នាក់ និង​ជិត៨លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខនេះ។

ប្រសិនបើ​គេ​គិតពី​ប្រាក់ចំណូល​វិញ កាលពី​ឆ្នាំ២០១៣កន្លងមក ប្រទេស​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជា ២៥០០ លាន​ដុល្លារ​អាមេរិក ពោលគឺ​ស្មើនឹង១៦ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក។ ឆ្នាំ២០១៤ វិស័យ​ទេសចរណ៍ ទទួលបាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជា៣០០០លាន​ដុល្លារ។ វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ បង្កើត​ការងារ​ផ្ទាល់​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា៥០ម៉ឺ​នាក់​និង​ការងារ​មិនផ្ទាល់​ជាច្រើន​ម៉ឺន​សែន​នាក់​ផ្សេងទៀត។

បើ​ផ្អែកលើ​តួលេខ​ខាងលើនេះ ចំនួន​ភ្ញៀវ​កើនឡើង ចំនួន​ប្រាក់ចំណូល​ក៏​កើនឡើង​ដែរ។ ប៉ុន្តែ ប្រាក់ចំណូល​សុទ្ធ​ដែល​ធ្លាក់​ដល់ដៃ​ប្រជាជន​ខ្មែរ​មាន​ចំនួន​តិចតួច។ មាន​មូលហេតុ​មួយចំនួន​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

ទីមួយ ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ពិសា និង​ប្រើប្រាស់​ទំនិញ​នាំចូល​ពី​បរទេស​ស្ទើរ​គ្រប់មុខ ហើយ​នេះ ដោយសារតែ​ផលិតកម្ម​ខ្មែរ​នៅ​ទន់ខ្សោយ ផលិត​មិន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់។ ឧទាហរណ៍ ជាក់ស្តែង​សូម្បីតែ​ក្រដាសអនាម័យ​ក៏ត្រូវ​បាន​គេ​នាំចូល​ពី​បរទេស​មក​ដែរ។

ទី​ពីរ ម្ចាស់​ថៅកែ​សណ្ឋាគារធំៗមួយចំនួន​នៅ​កម្ពុជា គឺជា​ជនជាតិ​បរទេស ដូច្នេះ ប្រាក់ចំណូល​មួយចំនួនធំ​ក៏ត្រូវ​បាន​គេ​នាំ​ចេញទៅ​ក្រៅប្រទេស​វិញ​ដែរ។

ទី៣ ប្រទេស​មួយចំនួន​បង្កើត​កញ្ចប់​ទេសចរណ៍​បង្ខូច​តម្លៃ និង​ប្រើប្រាស់​អ្នកបកប្រែ​របស់​ពួកគេ​តែម្តង។ ករណីនេះ​ទាក់ទង​ទៅនឹង​ភ្ញៀវ​ជនជាតិ​កូរ៉េ ជាពិសេស។ ភ្ញៀវទេសចរ​កូរ៉េ​ត្រូវបាន​គេ​រៀបចំ​អោយ​សម្រាន្ត ពិសា និង​ទិញ​ផលិតផល​ភាគច្រើន​ជា​របស់​កូរ៉េ។ មក​ទស្សនា​ប្រទេស​កម្ពុជា​មែន តែ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​កូរ៉េ​ទាំងអស់។ ជាក់ស្តែង សូម្បីតែ មគ្គទេសក៍ ក៏​ពួកគេ​ប្រើប្រាស់​មគ្គទេសក៍​ជនជាតិ​កូរ៉េ​ដែរ ដោយ​ជ្រក​ក្រោម​ហេតុផល​ថា ជា«អ្នកបកប្រែ»។ 

និង​ហេតុផល​ទី៤ ដែល​កម្ពុជា​មិន​ទទួលបាន​ផល​ច្រើន​ពី​វិស័យ​ទេសចរណ៍​របស់ខ្លួន​ដែរនោះ គឺ ផលិតផល​អនុស្សា​រី​យ៍​ភាគច្រើន​ដែល​ដាក់លក់​នៅ​កម្ពុជា​សម្រាប់​ជនបរទេស គឺជា​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស។ សរុបសេចក្តី​មក កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​តាមរយៈ​តែ​ការលក់​កម្លាំង ពលកម្ម ជា​កម្មករ-បុគ្គលិក និង​ទទួលផល​ចំណេញ​បន្តិចបន្តួច​ពី​ការលក់​បន្ត​ប៉ុណ្ណោះ។

ទាក់ទង​ទៅនឹង​ចំណុច​ទី២ លោក ថោង ខុន បកស្រាយ​បញ្ជាក់​បន្ថែមថា ប្រទេស​កម្ពុជា​ទាំងមូល​មាន​សណ្ឋាគារ​ចំនួន​ជាង ៤០០ ក្នុងនោះ ពី៧០ទៅ៨០%កាន់កាប់​ដោយ​ជនជាតិខ្មែរ។ ខេត្តសៀមរាប ដែលមាន​សណ្ឋាគារ​ចំនួន​ជាង១០០នោះ សណ្ឋាគារ​តែ​ពី៥ទៅ៦ប៉ុណ្ណោះ​មាន​ភាគហ៊ុន​បរទេស ក្រៅពីនោះ ជនជាតិខ្មែរ​ជា​ម្ចាស់​កម្មសិទ្ធិ។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្តី ក៏​លោក ថោង ខុន នៅតែ​ទទួលស្គាល់ថា ចំណូល​បានមកពី​វិស័យ​ទេសចរណ៍​ធ្លុះធ្លាយ​ទៅវិញ​ប្រមាណ​ជា២៥% ដោយសារ​បញ្ហា​ផ្សេង៕


© រក្សាសិទ្ធិដោយ thmeythmey.com