ជាតិ
សង្គមជាតិ
លទ្ធផល​គ្រូ​ឆ្នើម​ពិភពលោក​នឹង​ផ្សាយ​ផ្ទាល់ នៅ​ម៉ោង ៩កន្លះ​យប់​នេះ
15, Mar 2015 , 4:53 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ អ្នកគ្រូ នាង ផល្លា និង​បេក្ខជន ៩ទៀត​ផ្សេងទៀត នឹង​ដឹង​លទ្ធផល​ជ័យលាភី​គ្រូ​ឆ្នើម ពិភពលោក នៅ​ម៉ោង៦កន្លះ ម៉ោង​នៅក្នុង​ទីក្រុង​ឌូ​ប៉ៃ ប្រទេស​អេ​មី​រ៉េត អារ៉ាប់​រួម ដែល​ត្រូវ​នឹង ម៉ោង ៩កន្លះ​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា។ ជ័យលាភី​គ្រូ​ឆ្នើម​ពិភពលោក​តែ​ម្នាក់​គត់​​ដែលនឹង ត្រូវ​ទទួលបាន​ពានរង្វាន់ និង​ប្រាក់រង្វាន់ ១លាន​ដុល្លារ​អាមេរិក។ កម្មវិធី​ប្រកាស​លទ្ធផល​នឹង ផ្សាយ​ផ្ទាល់​តាមរយៈ​គេហទំព័រ Www.globalteacherprize.org ។



មុននឹង​ចាកចេញ​ដំណើរ​ទៅកាន់​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉េត អារ៉ាប់​រួម ដើម្បី​ស្តាប់​លទ្ធផល នៅ​ថ្ងៃទី១៤ ខែមីនា ម្សិលមិញ​នេះ អ្នកស្រី នាង ផល្លា ជា​អ្នក​បេក្ខជន​តែមួយគត់​របស់​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​បងប្អូន ជនជាតិ​រួម​ជាតិ​ដែល​បោះឆ្នោត​គាំទ្រ​អ្នកគ្រូ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុក។


អ្នកគ្រូ នាង ផល្លា ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី ដែលជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រជែង​យកប្រាក់ រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize ។ បេក្ខជន៩នាក់​ផ្សេងទៀត រួមមាន លោក Azizullah Royesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី Kiran Bir Sethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោកស្រី Nancie Atwell (អាមេរិក) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី)។


តើ​បេក្ខជន​រូប​ណា​ដែល​នឹង​ទទួលបាន​ជ័យលាភី​គ្រូ​ឆ្នើម​ពិភពលោក និង​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize ?





© រក្សាសិទ្ធិដោយ thmeythmey.com