ជាតិ
សង្គមជាតិ
សេ​ដាក​ជំរុញ​ឲ្យ​កសិករ​បន្ត​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​តាម​គោលការណ៍​ធម្មជាតិ
18, Mar 2015 , 2:43 pm        
រូបភាព
សៀមរាប៖ ជាការ​ពិតណាស់ ការអនុវត្ត​បច្ចេកទេស​ដាំ​ដុះ​តាម​គោលការណ៍​ធម្មជាតិ មិន​ត្រឹម​ធ្វើ​ឲ្យ​កសិករ​ចំណេញ​ច្រើន​នោះទេ ថែមទាំង​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​បាន​ទៀតផង។ ដោយសារ​ផលប្រយោជន៍​ទាំងអស់​នេះហើយ ទើប​អង្គការ​សេ​ដាក ដែលជា​អង្គការ​កសិកម្ម​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា បាន​បន្ត​អំពាវនាវ​ឲ្យ​កសិករ បន្ត​អនុវត្ត​គោលការណ៍​ដាំ​ដុះ តាមបែប​ធម្មជាតិ ដោយ​មិ​ប្រើប្រាស់​ជីគីមី​ឡើយ។



សិក្ខាសាលា​ថ្នាក់​ខេត្ត របស់​អ្នកទទួល​ប្រយោជន៍​របស់​គម្រោង និង​យុទ្ធនាការ​ពិ​ពណ៌​ផលិតផល​កសិកម្ម បានរៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែមីនា​នេះ។ សិក្ខាសាលា​រយៈពេល២ថ្ងៃ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី១៩ ស្អែក បានរៀបចំ​ឡើង​នៅ​ទីក្រុង​សៀមរាប ដោយមាន​កសិករ​ប្រមាណ​ជិត១០០នាក់​ចូលរួម។

នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក លោក សម វិទូ បាន​ឲ្យ​ដឹងថា សេ​ដា​កបាន​ចុះ​អនុវត្ត​គម្រោង «លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​កសិករ​ក្រីក្រ ដែល​ធន​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​ដី​ស្ងួត ដែល​ងាយ​រងគ្រោះ​បំផុត» ក្នុង​ខេត្ត​ចំនួន២ មាន​ខេត្តសៀមរាប និង​កំពង់ កាលពី​ឆ្នាំ២០១១ ។ លោក សម វិទូ បន្តថា នៅក្នុង​ខេត្តសៀមរាប សេ​ដាក​បានធ្វើការ​នៅក្នុង​ភូមិ​ចំនួន ១៥៣ ក្នុងស្រុក​ចំនួន ៤ មាន​ស្រីស្នំ អង្គរជុំ អង្គរធំ និង​បន្ទាយស្រី ដែល​សរុប មាន​កសិករ ៣៧៥៥នាក់ ស្ត្រី ២៧៤៧នាក់។

បើតាម​ការបញ្ជាក់​ពី​នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក គោលដៅ​នៃ​ការអនុវត្ត​គម្រោង​ខាងលើ គឺ​ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ភាពអត់ឃ្លាន​ក្នុងចំណោម​គ្រួសារ​កសិករ​ក្រីក្រ ក្នុង​តំបន់​ដី​ស្ងួត បង្កើត​ភាព​ប​ន្សុំ​ា​របស់​ពួកគេ ទៅនឹង​ការប្រែប្រួល​អាកាសធាតុ មាន​ភាពរាំងស្ងួត និង​ការ​ខូច​ដី​ជាដើម។ លោក សម វិទូ៖« យើង​បន្ត​បណ្តុះបណ្តាល​ពួកគាត់ និង​ពន្យល់​យ៉ាងណា​ឲ្យ​គាត់​គិតថា ការផលិត​បន្លែ​ធម្មជាតិ គឺ​រួមចំណែក​ផ្គត់ផ្គង់​ទីផ្សារ ការបង្កើន​ប្រាក់ចំណូល ក៏ដូចជា​មិន​ប៉ះពាល់​សុខភាព​អ្នក​ផលិត និង​អ្នកប្រើប្រាស់​តែម្តង»។

គម្រោង​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​ក្រីក្រ ដែល​ធន​នឹង​បម្រែបម្រួល​អាកាសធាតុ មានការ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប តាមរយៈ​អង្គការ​ភ្លែ​ន​អង់គ្លេស និង​អនុវត្ត​គម្រោង​ដោយ​អង្គការ​សេ​ដាក និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា។ តំណាង​អង្គការ​អង្គការ​ភ្លែ​ន​ប្រចាំ​ខេត្តសៀមរាប អ្នកស្រី អុង ធា​រី ក៏​ទ​ទួ​ច​ឲ្យ​កសិករ​ជាច្រើន បន្ត​អនុវត្ត​គោលការណ៍​ដាំ​ដុះ​បែប​ធម្មជាតិ​នេះ។ អ្នកស្រី​ថា បើទោះជា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ច្រើន​បាន​ចូលរួម​អនុវត្ត​គម្រោង​ខាងលើ ជាមួយ​សេ​ដាក និង​ភ្លែ​ន​យ៉ាងណាក្តី តែ​ចំនួន​នេះ​នៅមាន​តិចតួច ហើយ​មិនទាន់​បំពេញតម្រូវការ​នៅលើ​ទីផ្សារ​បានឡើយ។

ទាក់ទង​នឹង​ចំណុច​នេះ លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក បាន​ពន្យល់​ពី​មូលហេតុ ដោយសារ​កត្តា​ចំណេះដឹង ទំហំ​ផ្ទៃដី និង​ការផ្គត់ផ្គង់​ទឹក​ក្នុង​រដូវប្រាំង​ជាដើម។

អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​ឲ្យ​ដឹងថា វត្តមាន​អង្គការ​សេ​ដាក និង​អង្គការ​ភ្លែ​ន ពិតជា​រួមចំណែក​ច្រើន ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ខេត្តសៀមរាប។ បើតាម​លោក គឹម ឆៃ​ហៀ​ង ខេត្តសៀមរាប ដែល​ធ្លាប់​ពឹង​លើ​ទីផ្សារ​បន្លែ​ពី​ក្រៅ​ស្រុក​ជាង ៧០ភាគរយ មក​កាត់បន្ថយ​ការនាំ​ចូល​បាន​ជាង ៧០ភាគរយ។ មានន័យថា បន្លែ ផ្លែឈើ២០ភាគរយ​ទៀត បន្ត​នាំចូល​ពី​ក្រៅ​ស្រុក ដោយ​ចៀស​មិន​រួច។

គួររម្លឹកថា ក្នុងថ្ងៃតែមួយនោះ សេដាក បានរៀបចំពិពណ៌បន្លែ និងផ្លែឈើដែលផលិតឡើងដោយកសិករ ក្នុងខេត្តសៀមរាបផងដែរ។ ក្នុងនោះ ក៏មានយុទ្ធនាការ ហែកក្បួន ផ្សព្វផ្សាយពីការប្រើប្រាស់ ផលិតផលធម្មជាតិផង៕


© រក្សាសិទ្ធិដោយ thmeythmey.com