ជាតិ
សង្គមជាតិ
កម្លាំងចម្រុះជាង៩០០នាក់ត្រៀមការពារដំណើរទស្សនកិច្ចភរិយាលោកObama
18, Mar 2015 , 3:46 pm        
រូបភាព
សៀមរាប៖ ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធា្នប់ អំឡុងពេលទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិក នៅលើទឹកដីខេត្តសៀមរាប យ៉ាងហោចណាស់ កងកម្លាំងចម្រុះជាង៩០០នាក់ ត្រៀមការពារលោកស្រី រួមនិងវត្តមានភរិយាប្រមុខរដ្ឋាភិបាលកម្ពុជាផង។



ស្នងការរងខេត្តសៀមរាប លោក កាន់ សម្បតិ្ត បានប្រាប់សារព័ត៌មានថ្មីៗថា ស្នងការខេត្តសៀមរាប ដោយមានកិច្ចសហការរវាងអគ្គស្នងការនគរបាលជាតិ បានប្រជុំ និងរៀបចំកម្លាំងប្រមាណជិត១ពាន់នាក់ នៅក្នុងគោលដៅសំខាន់ៗ ដែលលោកស្រី Michelle Obama គ្រោងនឹងទៅ។ បើតាមលោក កាន់ សម្បត្តិ មន្រ្តីទទួលបន្ទុកផ្នែកសេនាធិការនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា គោលដៅទំាងនោះ មានតាមកំណាត់ផ្លូវឆ្លងកាត់ កន្លែងស្នាក់នៅ និងដំណើរទស្សនកិច្ចនៅកាន់ប្រាសាទចំនួន៣ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។

លោក កាន់ សម្បត្តិ បានបញ្ជាក់ថែមទៀតថា៖« ទីមួយគាត់ចុះទៅវិទ្យាល័យ ហ៊ុន សែន បាគង ទីពីរ ជួបសិស្សានុសិស្សនៅសណ្ឋាគារ ស៊ូហ្វីតែល អង្គរ។ នេះជាគោលដៅសំខាន់ៗរបស់យើង។ កម្លំាងជាង៩០០នាក់ អង្គរក្សសម្តេច អង្គរក្សស្នងការខេត្ត កងរាជអាវុធហត្ថ អង្គភាពប៉ូលិសការពារបេតិកភណ្ឌ ប៉ូលិសទេសចរណ៍ នគរបាល និងកម្លាំងខាងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama គឺដើម្បីផ្សព្វផ្សាយការអប់រំដល់ក្មេងស្រី ក្នុងនោះលោកស្រី ក៏គ្រោងនឹងជួបអង្គការសង្គមស៊ីវិល ដែលធ្វើការទៅលើស្រ្តីមួយចំនួនទៀតផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com