ជាតិ
ក្រសួង​រៀបចំ​ដែនដី​ច្រានចោល​របាយការណ៍​រប​ស់​អង្គការ​មិនមែន​រដ្ឋាភិបាល
08, Apr 2015 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ

 
ក្រសួង​រៀបចំ​ដែនដី និង​សំណង់ បាន​ច្រានចោល​របាយការណ៍​ស្រាវជ្រាវ​ស្តីពី ការ​ឆ្វៀល​ចេញ​សហគមន៍​ក្រីក្រ​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​ទស្សនៈ​ពិភពលោក។ ក្រសួង​បដិសេធថា របាយការណ៍​ទាំងនេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះឡើយ។



សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី០៨ មេសា របស់​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹងថា ក្រសួង​មិន​ទទួលយក​របាយការណ៍​ស្រាវជ្រាវ​ស្តីពី ការ​ឆ្វៀល​ចេញ​សហគមន៍​ក្រីក្រ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ នោះទេ ដោយ​ក្រសួង​យល់ឃើញថា ចំណងជើង​នៃ​របាយការណ៍​នេះ មិនបាន​ឆ្លុះបញ្ចាំង​ការពិត​នោះឡើយ ។

មូលហេតុ​ដោយសារតែ​របាយការណ៍​នេះ​រកឃើញ​សហគមន៍​បានមក​រស់នៅ​លើដី​រប​ស់រ​ដ្ឋ ដែលជា​កត្តា​មិនអាច​ចុះបញ្ជី​ជូន​បាន ដូចនេះ​មិនមែន​ជាការ​ឆ្វៀល​ចេញ​នោះទេ។ ក្រសួង​បដិសេធថា វិធីសាស្ត្រ​ស្រាវជ្រាវ​របស់​អង្គការ​នោះ គឺ​ជ្រើសរើស​សំណាក​ផ្ដោត​តែ​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​តែប៉ុណ្ណោះ ។ ហើយ​ការសិក្សា​មិនបាន​មកជួប​សម្ភាស ឬ​ស្វែងរក​ព័ត៌មាន​ពី​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដើម្បី​ឲ្យ​ព័ត៌មាន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នោះទេ ។

សេចក្ដីប្រកាស​ដដែល បាន​បន្ដថា ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ដោយ​របាយការណ៍​ឃើញថា សហគមន៍​រស់នៅ​លើដី​សាធារណៈ​នោះ សហគមន៍​ទាំងនោះ​មិនអាច​ក្លាយជា​កម្មសិទ្ធិករ​បាន​ទេ។

ទន្ទឹមនឹងនេះ​ក្រសួង​បាន​បញ្ជាក់ថា ការអនុវត្ត​ជាក់ស្ដែង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គោលការណ៍​ច្បាប់ និង​និតិ​វិធី​ជា​ធរមាន មាន​តម្លាភាព គណនេយ្យភាព ការចូលរួម​អភិបាលកិច្ច​ល្អ។ ហើយ​មិនដែល​ឆ្វៀល​សហគមន៍​ណាមួយ​ដែល​បាន​កាន់កាប់​ដីធ្លី​ស្របច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​នោះទេ ហើយក៏​មិនមាន​ការរើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។ ក្រសួង​ដែនដី​បន្ថែមថា មានតែ​តំបន់​មាន​ជម្លោះ​ប៉ុណ្ណោះ ដែល​បាន​ឆ្វៀល​ចេញ​ព្រោះ​មិនអាច​ចុះបញ្ជី​ជូន​ពួកគេ​បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com